ថ្ងៃអង្គារ ទី25 ខែកក្កដា ឆ្នាំ2017 ម៉ោង13:34 ល្ងាច
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ប្រវត្តិសង្ខេប របស់ស៊ីម៉ាក់

 ប្រវត្តិសង្ខេបរបស់

មជ្ឈមណ្ឌលសកម្មភាពកំបាត់មីនកម្ពុជា (ស៊ីម៉ាក់)

 

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ហៅកាត់ថា ស៊ីម៉ាក់) គឺជាស្ថាប័នបោសសំអាតមីន ឈានមុខគេនៅក្នុងប្រទេស
កម្ពុជា។ ដើម្បីអនុវត្តន៍អោយបានជោគជ័យនូវបេសកកម្ម "សង្រ្គោះជីវិត និងគាំទ្រការអភិវឌ្ឍន៍សំរាប់ប្រទេសកម្ពុជា" ស៊ីម៉ាក់បានដាក់ចេញនូវកម្មវិធីការងារគន្លឹះជាចំបងចំនួនបួនគឺ៖ កម្មវិធីស្រាវជ្រាវ និងកាត់បន្ថយបង្រួញផ្ទៃដីដែលមានមីន, 
កម្មវិធីបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, កម្មវិធីអប់រំផ្សព្វផ្សាយកាត់បន្ថយពីគ្រោះថ្នាក់គ្រាប់មីន និងយុទ្ធភ័ណ្ឌ
មិនទាន់ផ្ទុះ និងកម្មវិធីហ្វឹកហ្វឺន និងស្រាវជ្រាវការអភិវឌ្ឍន៍បច្ចេកវិជ្ជាលើវិស័យបោសសំអាតមីន។ 

បច្ចុប្បន្ន ស៊ីម៉ាក់មានមន្រ្តីបុគ្គលិកទាំងអស់ចំនួន ១,៧១៥នាក់(ស្រី ១១៣នាក់) ក្នុងនោះមន្រ្តីបុគ្គលិក ដែលកំពុងបំពេញ
ប្រតិបត្តិការបោសសំអាតមីននៅលើទីវាលមានចំនួនសរុប ១,៣៨៧នាក់ ស៊ីម៉ាក់បានពង្រាយកម្លាំងប្រតិបត្តិការរបស់ខ្លួននៅ
តាមបណ្តាខេត្តភាគខាងលិច ខាងជើង និងខាងកើតនៃប្រទេសកម្ពុជាយើង ព្រមទាំងមានទីបញ្ជាការជួរមុខនៅក្នុងខេត្ត
ចំនួន ៦គឺ៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ចាម
ស៊ីម៉ាក់មានសាលាហ្វឹកហ្វឺនលើវិស័យបោសសំអាតមីនមួយកន្លែងនៅខេត្តកំពង់ឆ្នាំង ដែលផ្តល់នូវការហ្វឹកហ្វឺនដល់មនុស្ស 
និងសុនក លើជំនាញបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ មួយគ្នានោះដែរ ស៊ីម៉ាក់ក៍មានរោងជាងយ៉ាងធំមួយសំរាប់
ជួសជុលរថយន្ត និងគ្រឿងចក្របោសសំអាតមីន ដែលមានទីតាំងនៅខេត្តបាត់ដំបង។

ស៊ីម៉ាក់ ត្រូវបានបង្កើតឡើងដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(ហៅកាត់ថា 
អ៊ុនតាក់) ចាប់តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ គោលបំណងក្នុងការបង្កើតស្ថាប័នស៊ីម៉ាក់នេះឡើង គឺដើម្បីជួយអោយមានសុវត្ថិភាព
ដល់ការទៅតាំងទីលំនៅថ្មី នៃគ្រួសារជនមាតុភូមិនិវត្តន៍ទាំងអស់ ដែលបានវិលត្រឡប់មកពីបណ្តាជំរុំជនភៀសខ្លួននៅតាម
ព្រំដែនកម្ពុជាថៃ។ពួកគេទាំងអស់នោះ គឺត្រូវការដីធ្លីជាបន្ទាន់សំរាប់សាងសង់លំនៅដ្ឋាន និងប្រកបរបរកសិកម្មចិញ្ចឹមជីវិត 
ដែលដីធ្លីទាំនោះ ភាគច្រើនគឺត្រូវបានគ្របដណ្តប់ទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយសារសង្រ្គាមស៊ីវិល
ផ្ទៃក្នុងអស់ជាងមួយទស្សវត្យកន្លងទៅនេះ។

ចាប់តាំងពីពេលនោះមក ស៊ីម៉ាក់បានអនុវត្តន៍នូវយុទ្ធសាស្រ្តការងារជាគន្លឹះចំនួនបួនជាសំខាន់គឺ៖ ការអប់រំផ្សព្វផ្សាយកម្មវិធី
យល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ័្ឌមិនទាន់ផ្ទុះ,ការស្រាវជ្រាវ និងប្រមូលផ្តុំព័ត៌មានចំការមីន, ការបោស
សំអាតមីន និងយុទ្ធភណ័្ឌមិនទាន់ផ្ទុះ, និងការហ្វឹកហ្វឺនមុខជំនាញបោសសំអាតមីន។ គោលដៅការងារជាគន្លឹះខាងលើនេះ 
គឺបានជួយរួមចំណែកធ្វើអោយប្រជាពលរដ្ឋខ្មែរយើងនៅតាមទីជនបទ បានរស់នៅប្រកបដោយសុខសន្តិភាព និងសុវត្ថិភាព
ជៀសផុតពីគ្រោះគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ័្ឌមិនទាន់ផ្ទុះ។

ដោយសារតែបេសកកម្មការងារប្រកបដោយមនុស្សធម៌ និងចាំបាច់បែបនេះហើយ ទើបបានជាព្រះករុណាព្រះបាទ សម្តេច
ព្រះនរោត្តម សីហនុ 
ព្រះមហាវីរៈក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យមួយ 
ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០១ ប្រែក្លាយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អោយទៅជាស្ថាប័នជាតិមួយ រហូតមក
ដល់ពេលបច្ចុប្បន្ននេះ។