ព័ត៌មាន

11 សីហា 2026

«វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលស្តីអំពី វិធីសង្គ្រោះ និងការគ្រប់គ្រង របួសជនរងគ្រោះដោយសារការផ្ទុះមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជំនាន់ទី១»

នៅព្រឹកថ្ងៃ អង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន(TIMA) ខេត្តកំពង់ឆ្នាំង នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន(TIMA) ខេត្តកំពង់ឆ្នាំង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកCMAC និងលោក Bishnu Mahat តំណាងប្រធានបេសសកម្មគណៈកម្មការអន្តរជាតិនៃកាកបាទក្រហមប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីនៅក្នុងពិធី «បើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលស្តីអំពី វិធីសង្គ្រោះ និងការគ្រប់គ្រង របួសជនរងគ្រោះដោយសារការផ្ទុះមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជំនាន់ទី១» គាំទ្រដោយកម្មគណៈកម្មការអន្តរជាតិនៃកាកបាទក្រហម(ICRC)ប្រចាំកម្ពុជា និងមានគ្រូឧទ្ទេសចំនួន២រូបមកពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមជាសរុបចំនួន២៨នាក់ មកពីអង្គភាពស៊ីម៉ាក់ ចំនួន២០នាក់, កងយោធពលខេមរភូមិន្ទចំនួន៥នាក់, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (CMAA) ចំនួន១នាក់ និងកាកបាទក្រហមកម្ពុជា ចំនួន២នាក់។ ការងារឆ្លើយតបនឹងគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មិនត្រឹមតែជាកិច្ចប្រតិបត្តិការបោសសម្អាតប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាមនុស្សធម៌ សុខាភិបាល និងសង្គម ដែលទាមទារកិច្ចសហការយ៉ាងជិតស្និទ្ធិ។ វគ្គបណ្តុះបណ្តាលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ ថាការជួយសង្គ្រោះជនរងគ្រោះ និងអ្នកប្រតិបត្តិការបោសសម្អាតមីន មិនបញ្ចប់ត្រឹមពេលកើតហេតុនោះឡើយ ព្រោះអន្តរាគមន៍ក្នុងនាទីដំបូងៗ គឺជាកត្តាកំណត់រវាងជីវិត និងសេចក្តីស្លាប់ ព្រមទាំងជួយកាត់បន្ថយពិការភាពយ៉ាងមានប្រសិទ្ធភាពផងដែរ។

វគ្គហ្វឹកហ្វឺននេះត្រូវបានរៀបចំឡើងដោយបញ្ចូលគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយផ្តោតលើការវាយតម្លៃ និងការសង្គ្រោះបន្ទាន់ចំពោះរបួសធ្ងន់ធ្ងរបណ្តាលមកពីការផ្ទុះ ការឆ្លើយតបវេជ្ជសាស្ត្រទាន់ពេលវេលា និងការដោះស្រាយបញ្ហាប្រឈមក្នុងបរិយាកាសប្រតិបត្តិការផ្ទាល់ ដើម្បីពង្រឹងទំនុកចិត្ត និងសមត្ថភាពធ្វើសេចក្តីសម្រេចចិត្តបានរហ័ស ក្នុងគោលបំណងសង្គ្រោះជីវិតមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះ ខាងអង្គការ ICRC បានឧបត្ថម្ភគាំទ្រសម្ភារសិក្សា និងការឧបត្ថម្ភផ្សេងៗ ខណៈដែលខាងអង្គភាព CMAC បានចូលរួមសម្របសម្រួល ផ្តល់កន្លែងស្នាក់នៅ ការដឹកជញ្ជូន និងការងារភស្តុភារ ដើម្បីធានាឱ្យវគ្គហ្វឹកហ្វឺននេះទទួលបានជោគជ័យ៕