ម្ចាស់ដីចម្ការមួយកន្លែង នៅភូមិអូរចំនិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបងបានធ្វើការភ្ជូររាស់ដាំដុះ និងអាស្រ័យផលលើដីចម្ការរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ។ នៅឆ្នាំនេះ គាត់បានរៀបចំភ្ជួររាស់ដីរួចជាស្រេច រង់ចាំធ្លាក់ភ្លៀងមកដល់គាត់នឹងចាប់ផ្តើមដាំដុះតែម្តង។ ប៉ុន្តែកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ គ្រាប់មីនតោនចំនួន៣គ្រាប់ត្រួតលើគ្នាត្រូវបានប្រទះឃើញនៅក្នុងដីចម្ការរបស់ពួកគាត់ដែលបង្ក ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានដំណើរការបោសសម្អាតមីននៅតំបន់ដីជាប់គ្នានេះ និងមានព័ត៌មានជាខ្សែរគ្រាប់មីនតោន ដូចនេះក៏បន្តបោសសម្អាតដីនេះ ហើយក៏ប្រទះឃើញគ្រាប់មីនតោនដាក់ត្រួតជាន់គ្នា៣គ្រាប់នេះ។ សភាពរបស់មីនតោនទាំងអស់នោះនៅមានគុណភាពដែលអាចបង្កផ្ទុះខ្ពស់បានគ្រប់ពេល។ ជាសំណាងល្អណាស់ដែលម្ចាស់ចម្ការមិនបរត្រាក់ទ័រកិនប៉ះចំកន្លែងមានមីនតោននោះ៕