ថ្ងៃ​ពុធ ទី22 ខែមករា ឆ្នាំ2025

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការហ្វឹកហ្វឺនមន្ត្រីជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស

អគ្គស្នងការដ្ឋាននគរបាលជាតិ​ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការហ្វឹកហ្វឺនមន្ត្រីជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស

ភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនមន្ត្រីជំនាញបច្ចេកទេសបញ្ជាសុនខនិងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការប្រឆាំងភេរវកម្មនិងគ្រឿងញៀនជាដើម។

នៅក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យស្ថាប័នទាំងពីរ រួមសហការគ្នាឱ្យកាន់តែចិត្តស្និទបន្ថែមទៀតលើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទនិងបញ្ហាគ្រឿងញៀន ដែលនឹងអាចត្រូវដាក់ពង្រាយតាមគោលដៅអាទិភាពនៅតាមបណ្តោយរាជធានីភ្នំពេញនិងខេត្តមួយចំនួន ជាពិសេសតំបន់ទេសចរណ៍តំបន់សេដ្ឋកិច្ចពិសេស តំបន់កំពង់អភិវឌ្ឍន៍ ច្រកចេញចូលព្រំដែន និងតំបន់ដែលមានហានិភ័យខ្ពស់ដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានរម្លឹកពីកិច្ចសហការរវាងអង្គភាពCMAC និងកងកម្លាំងនគរបាលជាតិ ដែលបានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហ ប្រតិបត្តិការលើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដំណាក់កាលទី១ កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៨ ខណ:កិច្ចសហប្រតិបត្តិការនេះបានដំណើរការទៅដោយរលូនប្រកប ដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយកងកម្លាំងនគរបាលជាតិបានចូលរួមសហការយ៉ាងជិតស្និតក្នុងការផ្ដល់ព័ត៌មាននិងសម្របសម្រួលឈានទៅដល់ការរកឃើញ និងកម្ទេចចោល គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាមបានរាប់ម៉ឺនគ្រាប់។

ដោយឡែកសម្រាប់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់លើការងារចំនួន២ រួមមាន៖

១. ការពង្រឹងសមត្ថភាពជូនកងកម្លាំងនគរបាលលើជំនាញបច្ចេកទេសប្រតិបត្តិការសុនខ និងការផ្តល់សុនខជំនាញបច្ចេកទេសប្រកបដោយគុណភាព និងសមត្ថភាពជូនដល់នាយកដ្ឋានជំនាញ ដើម្បីប្រើប្រាស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ព្រមទាំងផ្តល់វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ សុនខហិតគ្រឿងញៀន សុនខល្បាត និងសុនខការពារសន្តិសុខឬប្រឆាំងភេរវកម្ម ។ ២. ការពង្រឹងសមត្ថភាព បទពិសោធន៍និងចំណេះដឹងថែមទៀតលើការងារផ្សព្វផ្សាយអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ជាពិសេសត្រូវការចាំបាច់ក្នុងការហ្វឹកហ្វឺន និងការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពដល់នគរបាលជំនាញ អំពីបច្ចេកទេសវាយតម្លៃភាពគ្រោះថ្នាក់ ការបន្សាបនិងការកម្ទេចចោលគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ។

ឯកឧត្តមបន្តទៀតថា មណ្ឌលសុនខ CMAC បានពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍជំនាញសុនខលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានដូចជា សុនខប្រឆាំងភេរវកម្ម សុនខហិតគ្រឿងញៀន សុនខសន្តិសុខ សុនខល្បាតព្រំដែននិងសុនខការងារសង្គមនានា។ ទន្ទឹមនឹងនេះ មណ្ឌលសុនខ ក៏បានធ្វើការស្រាវ ជ្រាវហ្វឹកហ្វឺន  សុនខប្រឆាំងជម្ងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈផងដែរ។

បច្ចុប្បន្នCMACមានសមត្ថភាពបង្កាត់ពូជសុនខបានពី ១៥០ ទៅ២០០សុនខក្នុង១ឆ្នាំទៅតាមតម្រូវការ ដែលធ្វើឲ្យអង្គភាពCMACមានសមត្ថភាពក្នុងការផ្គត់ផ្គង់សុនខគាំទ្រដល់បញ្ជាការដ្ឋាន ជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ព្រមទាំងផ្គត់ផ្គង់ដល់ប្រទេសមួយចំនួនដូចជាប្រទេសអាហ្សាបៃហ្សង់ អាហ្វ្រិក កណ្ដាល តួគី កូឡុំប៊ី និងអង្គការអន្ដរជាតិមួយចំនួនផងដែរ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ អង្គភាពCMACបានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីនគរបាលស្ម័គ្រចិត្តចំនួន១.១៥៦នាក់ក្នុងការផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមសហគមន៍ផងដែរ៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព