រឿងពិតនៃជនរងគ្រោះដោយសារមីន

ប្រវត្តិជនពិការ ចិន ចុន

ដោយ ផុន ដែន (កែសម្រួលដោយ រស្មី)

ភូមិស្ពានយោល គឺជាភូមិមួយរបស់ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មុនសមាហរណកម្មជាមួយរាជរដ្ឋាភិបាល តំបន់នេះទាំងមូល គឺជាមូលដ្ឋានដ៏រឹងមាំរបស់កងកម្លាំងខ្មែរក្រហម។ ហេតុនេះហើយបានជាតំបន់នេះទាំងមូល ពោរពេញទៅដោយចំការមីន។

លោក ចិន ចុន អាយុ ៦៨ឆ្នាំ បច្ចុប្បន្នកំពុងតែរស់នៅក្នុងភូមិឃុំខាងលើ គឺជាជនរងគ្រោះដោយសារមីនម្នាក់ ក្នុងចំណោមជនរងគ្រោះកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត។ ក៍ប៉ុន្តែ អ្វីដែលចម្លែកនោះ គឺគាត់រងគ្រោះដល់ទៅពីរលើក ហើយលើកចុងក្រោយគឺរងគ្រោះដោយសារជាន់មីនរបស់គ្នីគ្នាគាត់ ដែលបានដាក់ការពារទីតាំងកាលពីពេលកំពុងច្បាំងគ្នា។ ប្រពន្ធរបស់គាត់ឈ្មោះ ហង្ស សៅ អាយុ ៦៥ឆ្នាំ (ស្លាប់ឆ្នាំ១៩៩៦ ដោយជំងឺ) និងមានកូនទាំងអស់ ៦នាក់ (ស្លាប់២) ។ បច្ចុប្បន្ន លោក ចិន ចុន កំពុងរស់នៅជាមួយចៅ និងកូនស្រីគាត់ម្នាក់ ក្រៅពីនោះ ពួកគេបានបែកផ្ទះ បែកសម្បែងចេញពីគាត់អស់ហើយ។

លោក ចិន ចុន បានមានប្រសាសន៍ហូរហែរ រៀបរាប់ពីខ្សែជីវិតគាត់ថា៖ ស្រុកកំណើតខ្ញុំ គឺនៅភូមិកណ្តាល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គ្រួសារខ្ញុំប្រកបរបរធ្វើស្រែ និងឡើងត្នោត។ ខ្ញុំរៀនសូត្របានតិចណាស់ ដោយសារជីវភាពក្នុងគ្រួសារមានការខ្វះខាតពេក។ ទទួលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ នៅឆ្នាំ១៩៧០ទៅ តំបន់ខ្ញុំទាំងមូលត្រូវបានត្រួតត្រាដោយកងទ័ពរំដោះ(កងទ័ពដែលប្រឆាំងនឹងរដ្ឋាភិបាល លន់ នល់)។ តាំងពីពេលនោះមក ខ្ញុំបានស្ម័គ្រចិត្តកាន់អាវុធចូលបំរើការជាឈ្លបឃុំ ប្រចាំឃុំប្រឡាយមាស។ រហូតដល់ដើមឆ្នាំ១៩៧៣ គណៈឃុំប្រឡាយមាស បានបញ្ជូនខ្ញុំអោយចូលទៅក្នុងទ័ពស្រួចនៃកងទ័ពរំដោះ រួចបញ្ជូនអោយទៅច្បាំងក្នុងសមរភូមិជាមួយនឹងទាហាន លន់ នល់។ នៅសមរភូមិផ្តាច់ព្រាត់ក្នុងឆ្នាំ១៩៧៥ មុខព្រួញពួកខ្ញុំ គឺវ៉ៃបុកចូលតាមច្រកភ្នំបាសិត ឡើងមកទំនប់កប់ស្រូវ មកចាប់ដៃគ្នានៅផ្លូវជាតិលេខ៤ ដើម្បីដណ្តើមកាន់កាប់វាលយន្តហោះពោធិចិនតុង។ នៅថ្ងៃទទួលបានជ័យជំនះ ១៧ មេសា ខ្ញុំត្រេកអរណាស់ ណាមួយតាំងពីកើតមក ខ្ញុំមិនដែលបានស្គាល់ទីក្រុងភ្នំពេញផង។ ម៉្យាងទៀត ខ្ញុំសង្ឃឹមថា នឹងបានត្រឡប់ទៅផ្ទះជួបជុំបងប្អូន ឪពុកម្តាយវិញហើយ តែក្រោយមក អង្គការ(មេដឹកនាំខ្មែរក្រហម) បែរជាបញ្ជូនកងទ័ពទាំងអស់ ទាំងគេទាំងខ្ញុំអោយនាំគ្នាទៅធ្វើស្រែ បង្កបង្កើនផល នៅជាយៗក្រុងភ្នំពេញវិញ។ រហូតមកដល់ពាក់កណ្តាលឆ្នាំ១៩៧៨ ទើបអង្គការបញ្ជូនអង្គភាពខ្ញុំអោយទៅប្រយុទ្ធជាមួយកងទ័ពវៀតណាម នៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម នៅខេត្តស្វាយរៀង ខាងភូមិភាគបូព៌ាវិញ…។

ស្ងៀម មួយស្របក់ លោក ចិន ចុន បានបន្តទៀតថា៖ ខ្ញុំចាំបានថា ថ្ងៃដែលខ្ញុំរងរបួសផ្ទុះមីនរបស់វៀតណាម បណ្តាលអោយដាច់ជើងខ្ញុំខាងឆ្វេងនោះ គឺចំថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ នៅសមរភូមិសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង គឺមុនការដួលរលំរបប ប៉ុល ពត តែពីរអាទិត្យប៉ុណ្ណោះ។ ថ្ងៃដែលខ្ញុំត្រូវរបួសនោះ ក្រុមគ្រូពេទ្យនៅសមរភូមិមុខ បានព្យាបាលខ្ញុំនៅក្នុងមុងរបស់រោងពេទ្យ ដោយកាត់ឆ្អឹងជើងឆ្វេងខ្ញុំត្រឹមភ្លៅ… បន្ទាប់មក ទើបអង្គការបញ្ជូនខ្ញុំ និងអ្នករបួសដទៃទៀត យកមកព្យាបាលនៅទីក្រុងភ្នំពេញវិញ។ ហើយនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ អង្គការបានជញ្ជូនអ្នករបួសក្នុងមន្ទីរពេទ្យ និងអ្នកធ្វើការក្នុងក្រុងភ្នំពេញទាំងអស់ តាមរទេះភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង រួចធ្វើដំណើរបន្តទៅកាន់ព្រំដែនថៃ…។

ដោយការស្ងៀមស្ងាត់មួយស្របក់… លោក ចិន ចុន បានដកដង្ហើមធំ រួចមានប្រសាសន៍បន្តដោយសម្លេងខ្សាវៗ៖ពេល ទៅដល់ព្រំដែនថៃ អង្គការបានបញ្ជូនខ្ញុំ និងអ្នកដទៃទៀត អោយមកតាំងទីលំនៅក្នុងឃុំជ្រៃសីមានេះរហូតមកដល់បច្ចុប្បន្ន។ នៅមុនពេលធ្វើសមារហណកម្មឆ្នាំ១៩៩៦ គ្រួសារខ្ញុំមានជីវភាពយ៉ាប់យឺនណាស់។ រហូតដល់ឆ្នាំ២០០០ ទើបបានមានអង្គការជាតិ និងអន្តរជាតិនានា បានចុះទៅជួយអភិវឌ្ឍន៍នៅក្នុងភូមិឃុំខ្ញុំ។ មានអង្គការមួយបានផ្តល់ឥណទានខ្នាតតូចដល់ខ្ញុំ ដើម្បីជួយខ្ញុំអោយបើកមុខរបរលក់គុយទាវ។ ដោយខ្វះខាតឈើ និងវល្លិសំរាប់យកមកសង់រោងកន្លែងលក់គុយទាវ ខ្ញុំបានសំរេចចិត្តចូលព្រៃ ព្រោះខ្ញុំគ្មានប្រាក់កាសគ្រប់គ្រាន់ដើម្បីទិញវាពីផ្សារ ស្រាប់ៗមកទេ។ ខ្ញុំបាននាំកូនខ្ញុំម្នាក់ចូលក្នុងព្រៃ ឆ្ងាយពីភូមិប្រហែលជិត ២គីឡូម៉ែត្រ។ ថ្ងៃនោះ គឺចំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០០ នៅវេលាម៉ោងប្រមាណជា ១២កន្លះថ្ងៃត្រង់ ខ្ញុំបានជាន់មីនដាច់ជើងខាងស្តាំខ្ញុំមួយចំហៀងទៀត..!! តាមពិតទៅ ទីតាំងនៅតំបន់នេះខ្ញុំស្គាល់ទាំងអស់ ថាកន្លែងណាមានមីន និងកន្លែងណាគ្មានមីន ព្រោះជាតំបន់ដែលខាងខ្ញុំ និងគ្នីគ្នាខ្ញុំជាអ្នកដាក់មីនការពារទីតាំងភូមិសាស្រ្តតំបន់ នេះ។ តែដោយសារខ្ញុំដើរលុកព្រៃយូរៗទៅ ខ្ញុំវង្វេងផ្លូវចេញ ហើយក៍ជាន់ចំមីនតែម្តង…។ ពេលត្រូវរបួសភា្លម ខ្ញុំបានស្រែកប្រាប់កូនខ្ញុំកុំអោយចូលមកជិត ហើយខ្ញុំខំប្រឹងរំកិលខ្លួន វារថយក្រោយដោយខ្លួនឯង រួចប្រាប់ទៅកូនអោយរត់ទៅតាមអ្នកភូមិ ដើម្បីមកជួយសែងខ្ញុំយកទៅផ្ទះ។ ដោយសារចំពេលថ្ងៃត្រង់ និងថ្ងៃក្តៅហែងផង មុខរបួសខ្ញុំហូរឈាមចេញមកយ៉ាងច្រើន។ ខ្ញុំចាប់ផ្តើមចងការ៉ូរឹតមុខរបួសឃាត់ឈាមដោយខ្លួនឯង។ ពេលចងរឹតមុខរបួសបណ្តើរដោយការឈឺចាប់នោះ ខ្ញុំចេះតែនឹកហួសចិត្តបណ្តើរ… អ្វីដែលខ្ញុំនឹកទៅហួសចិត្តនោះគឺ ហេតុអ្វីបានជាខ្ញុំគ្រោះថ្នាក់ជាន់មីនលើកនេះ គឺមិនជាន់ចំជើងខាងឆ្វេងដែលជាជើងសិប្បនិម្មិត តែបែរជាជាន់ចំជើងខាងស្តាំដែលជាជើងល្អរបស់ខ្ញុំទៅវិញ?ហើយមីននេះទៀតសោត ខ្ញុំស្គាល់ច្បាស់ណាស់ គឺជាមីនរបស់ពួកខ្ញុំ..!!..?? នេះគឺពិតជាសំណើចចំអកនៃព្រហ្មលិខិតមែន..!! ពេលដែលអ្នកភូមិបានជួយសែងខ្ញុំពីក្នុងព្រៃយកមកដល់ផ្ទះ ពួកគេបានប្រឹងប្រែងរកមធ្យោបាយដឹកខ្ញុំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន។ ពេលមកដល់មន្ទីពេទ្យស្រុកភ្លាម ក្រុមគ្រូពេទ្យបានកាត់ជើងខ្ញុំខាងស្តាំត្រឹមភ្លៅ បាត់ម្ខាងទៀតទៅ។ គិតសម្រេចសម្រួលទៅ ខ្ញុំត្រូវពិការជើងទាំងពីរតែម្តង…។ យប់នោះ ខ្ញុំត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកអស់មួយយប់។ លុះព្រឹកឡើង ទើបខាងមន្ទីរពេទ្យស្រុក បានចាត់ចែងបញ្ជូនខ្ញុំតាមរថយន្តសង្រ្គោះយកមកកាន់មន្ទីរពេទ្យ ខេត្តបាត់ដំបង ដើម្បីទទួលសំរាកព្យាបាលថែទាំមុខរបួស ហើយបីខែក្រោយមក ទើបខ្ញុំបានត្រឡប់ទៅនៅផ្ទះខ្ញុំវិញ…។

ក្រោយពេលចេញពីមន្ទីរពេទ្យខេត្តបាត់ដំបង លោក ចិន ចុន ត្រូវបានអង្គការ ICRC ផ្តល់ នូវរទេះរុញមួយដល់គាត់ ហើយគាត់ក៍ទទួលបាន របបគោលនយាបាយយោធិនពិការរបស់រាជរដ្ឋាភិបាល បានចំនួន ១៥ម៉ឺនរៀល ជារៀងរាល់ខែដែរ។

នៅឆ្នាំ២០០៤ ស៊ីម៉ាក់បានចូលទៅប្រតិបត្តិការបោសសំអាតមីននៅស្រុកសំពៅលូន ហើយបានប្រគល់ដីស្រែចំការដែលបានបោសសំអាតមីនរួចហើយនោះ ជូនទៅកសិករវិញ។ ក្នុងនោះ រួមមានទាំងដីស្រែរបស់គ្រួសារលោក ចិន ចុន ផងដែរ។

លោក ចិន ចុន បានមានប្រសាសន៍ជាចុងក្រោយថា៖ ថ្វីត្បិតតែជីវភាពគ្រួសារខ្ញុំ នៅតែជួយប្រទះនូវការលំបាកខ្លះៗក៍ពិតមែន ប៉ុន្តែនៅក្នុងឃុំខ្ញុំសព្វថ្ងៃនេះ លែងមានអ្នករងគ្រោះថ្នាក់ដោយសារមីនទៀតហើយ។ នេះគឺដោយសារបានគុណស៊ីម៉ាក់ចូលមកជួយដោះមីន ព្រមទាំងបានបញ្ជូនក្រុមចុះមកផ្សព្វផ្សាយអប់រំក្មេងៗក្នុងភូមិ ជាប់ជាប្រចាំ ដើម្បីអោយពួកគេបានយល់ដឹង និងជៀសអោយផុតពីគ្រោះថ្នាក់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងអស់នេះ…។

លោក ចិន ចុន និងកូនស្រីគាត់ ព្រមទាំងចៅគាត់ទាំងពីរនៅខាងមុខគេហដ្ឋានគាត់បច្ចុប្បន្ន (រូបថត ស៊ីម៉ាក់)