ប្រវត្តិសង្ខេបរបស់ មជ្ឈមណ្ឌលសកម្មភាពកំបាត់មីនកម្ពុជា (ស៊ីម៉ាក់)
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ហៅកាត់ថា ស៊ីម៉ាក់) គឺជាស្ថាប័នបោសសំអាតមីន ឈានមុខគេនៅក្នុងប្រទេស
កម្ពុជា។ ដើម្បីអនុវត្តន៍អោយបានជោគជ័យនូវបេសកកម្ម “សង្គ្រោះជីវិត និងគាំទ្រការអភិវឌ្ឍន៍សំរាប់ប្រទេសកម្ពុជា” ស៊ីម៉ាក់បានដាក់ចេញនូវកម្មវិធីការងារគន្លឹះជាចំបងចំនួនបួនគឺ៖ កម្មវិធីស្រាវជ្រាវ និងកាត់បន្ថយបង្រួញផ្ទៃដីដែលមានមីន, កម្មវិធីបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, កម្មវិធីអប់រំផ្សព្វផ្សាយកាត់បន្ថយពីគ្រោះថ្នាក់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកម្មវិធីហ្វឹកហ្វឺន និងស្រាវជ្រាវការអភិវឌ្ឍន៍បច្ចេកវិជ្ជាលើវិស័យបោសសំអាតមីន។
បច្ចុប្បន្ន ស៊ីម៉ាក់មានមន្រ្តីបុគ្គលិកទាំងអស់ចំនួន ១,៧១៥នាក់(ស្រី ១១៣នាក់) ក្នុងនោះមន្រ្តីបុគ្គលិក ដែលកំពុងបំពេញប្រតិបត្តិការបោសសំអាតមីននៅលើទីវាលមានចំនួនសរុប ១,៣៨៧នាក់ ស៊ីម៉ាក់បានពង្រាយកម្លាំងប្រតិបត្តិការរបស់ខ្លួននៅតាមបណ្តាខេត្តភាគខាងលិច ខាងជើង និងខាងកើតនៃប្រទេសកម្ពុជាយើង ព្រមទាំងមានទីបញ្ជាការជួរមុខនៅក្នុងខេត្តចំនួន ៦គឺ៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ចាម ស៊ីម៉ាក់មានសាលាហ្វឹកហ្វឺនលើវិស័យបោសសំអាតមីនមួយកន្លែងនៅខេត្តកំពង់ឆ្នាំង ដែលផ្តល់នូវការហ្វឹកហ្វឺនដល់មនុស្ស និងសុនក លើជំនាញបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ មួយគ្នានោះដែរ ស៊ីម៉ាក់ក៍មានរោងជាងយ៉ាងធំមួយសំរាប់ជួសជុលរថយន្ត និងគ្រឿងចក្របោសសំអាតមីន ដែលមានទីតាំងនៅខេត្តបាត់ដំបង។
ស៊ីម៉ាក់ ត្រូវបានបង្កើតឡើងដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(ហៅកាត់ថា អ៊ុនតាក់) ចាប់តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ គោលបំណងក្នុងការបង្កើតស្ថាប័នស៊ីម៉ាក់នេះឡើង គឺដើម្បីជួយអោយមានសុវត្ថិភាពដល់ការទៅតាំងទីលំនៅថ្មី នៃគ្រួសារជនមាតុភូមិនិវត្តន៍ទាំងអស់ ដែលបានវិលត្រឡប់មកពីបណ្តាជំរុំជនភៀសខ្លួននៅតាមព្រំដែនកម្ពុជាថៃ។ពួកគេទាំងអស់នោះ គឺត្រូវការដីធ្លីជាបន្ទាន់សំរាប់សាងសង់លំនៅដ្ឋាន និងប្រកបរបរកសិកម្មចិញ្ចឹមជីវិត ដែលដីធ្លីទាំនោះ ភាគច្រើនគឺត្រូវបានគ្របដណ្តប់ទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយសារសង្រ្គាមស៊ីវិលផ្ទៃក្នុងអស់ជាងមួយទស្សវត្យកន្លងទៅនេះ។
ចាប់តាំងពីពេលនោះមក ស៊ីម៉ាក់បានអនុវត្តន៍នូវយុទ្ធសាស្រ្តការងារជាគន្លឹះចំនួនបួនជាសំខាន់គឺ៖ ការអប់រំផ្សព្វផ្សាយកម្មវិធីយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ័្ឌមិនទាន់ផ្ទុះ,ការស្រាវជ្រាវ និងប្រមូលផ្តុំព័ត៌មានចំការមីន, ការបោសសំអាតមីន និងយុទ្ធភណ័្ឌមិនទាន់ផ្ទុះ, និងការហ្វឹកហ្វឺនមុខជំនាញបោសសំអាតមីន។ គោលដៅការងារជាគន្លឹះខាងលើនេះ គឺបានជួយរួមចំណែកធ្វើអោយប្រជាពលរដ្ឋខ្មែរយើងនៅតាមទីជនបទ បានរស់នៅប្រកបដោយសុខសន្តិភាព និងសុវត្ថិភាព ជៀសផុតពីគ្រោះគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ័្ឌមិនទាន់ផ្ទុះ។
ដោយសារតែបេសកកម្មការងារប្រកបដោយមនុស្សធម៌ និងចាំបាច់បែបនេះហើយ ទើបបានជាព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យមួយ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០១ ប្រែក្លាយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អោយទៅជាស្ថាប័នជាតិមួយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។