ថ្ងៃ​ពុធ ទី13 ខែវិច្ឆិកា ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ

កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ។ ក្នុងកិច្ចប្រជុំនេះបានកំណត់របៀបវារៈនៃកិច្ចប្រជុំចំនួន៣រួមមាន ១. អនុម័តកំណត់ហេតុកិច្ចប្រជុំថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ២. ពិនិត្យនិងអនុម័តរបាយការណ៍សកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងផែនការបន្តក្នុងឆមាសទី២ ឆ្នាំ២០២៤។
របាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់របស់អង្គភាពក្នុងរយ:ពេល៦ខែ (មករា-មិថុនា) ឆ្នាំ២០២៤ ដូចខាងក្រោម៖
-លទ្ធប្រតិបត្តិការរំដោះផ្ទៃដី៖ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសម្រេចបានមានជាអាទិ៍៖ ការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន ៧៤៤ លើទំហំផ្ទៃដីសម្រេចបានចំនួន ១១៤.៣៦៤.១៣០ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៦៤.៧៨២ គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន៨.០៩២ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៦គ្រាប់ មីនច្នៃចំនួន ៤គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះនិងគ្រាប់បែកចង្កោមចំនួន ២៨គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥២.៤៤៥គ្រាប់ និងកាំភ្លើងធន់តូចចំនួន៣.២៧៦គីឡូក្រាម។ ដោយឡែកសម្រាប់ប្រតិបត្តិការក្រោមទឹកវិញសម្រេចបានលើផ្ទៃទឹកចំនួន ៨០២.០០០ម៉ែត្រក្រឡា ដោយរុករកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន យុទ្ធភណ្ឌមិនទាន់ផ្ទុះ បំណែកនាវា និងអំបែង សរុបបានចំនួន ២៣៥តោន។
-សកម្មភាពការងារអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ៖ មន្រ្តីអង្គភាពស៊ីម៉ាក់ និងបណ្តាញមីនស្ម័គ្រចិត្តបានចុះ ធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៣.៦៨៤លើក ស្មើនឹង៦៧៤.៨១៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.១៥៤.៤៥៥នាក់។ បន្ថែមពីលើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រុមការងារជួយជនពិការដោយសារគ្រាប់មីនបានផ្តល់ ប្រអប់ជើងសិប្បនិម្មិតបានចំនួន១៦៥ ឆ្នុកជើងចំនួន២៦៥ ឈើច្រត់ចំនួន១៦៤ និងរទេះជនពិការចំនួន៨គ្រឿង ចងក្រងប្រវត្តិជនពិការបានចំនួន៦៤៩នាក់ ផ្តល់សេវាកម្មសុខាភិបាលបានចំនួន៦៤៩នាក់ ផ្តល់ការហ្វឹកហ្វឺននិងប្រឹក្សាផ្នែកកសិកម្មបានចំនួន៧៤៨នាក់ និងចុះថតសម្ភាសន៍សម្រាប់ផលិតវិដេអូសក្ខីភាពបានចំនួន២០លើក។
-សកម្មភាពហ្វឹកហ្វឺន ស្រាវជ្រាវ៖ ការពង្រឹងសមត្ថភាពនិងធាតុទន់ដល់សិក្ខាកាមអ្នកបន្តវេនបានចំនួន៤៣២នាក់ និងពង្រឹងសមត្ថភាពគ្រូបច្ចេកទេសបានចំនួន៨៤រូប រួមជាមួយការបណ្តុះបណ្តាលមន្រ្តីជំនាញលើការងារស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ថ្មីៗផងដែរ។ ការស្រាវជ្រាវទៅលើការប្រើប្រាស់ម៉ាស៊ីនប្រភេទ ឧបករណ៍ផ្លុំកាយរកមីន ម៉ាស៊ីនរាវមីនដោយប្រព័ន្ធ GPR បច្ចេកទេសកាត់គ្រាប់និងចម្រាញ់សារជាតិផ្ទុះប្រើឡើងវិញ (កំពុងអនុវត្តប្រតិបត្តិការ) ប្រព័ន្ធទិន្នន័យចម្ការមីនដោយបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់ដ្រូនលើដី និងក្នុងទឹក (តំណាក់កាលស្រាវជ្រាវ)។
-ការងារទំនាក់ទំនងអន្តរជាតិ និងគ្រប់គ្រងគម្រោង៖ គម្រោងដែលបានអនុម័តរួចសរុបមានចំនួន៣២គម្រោង ដែលគាំទ្រថវិកាដោយប្រទេសអាឡឺម៉ង់ ជប៉ុន ចិន អាម៉េរិក UNDP និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ ធ្វើការសម្របសម្រួល និងសហការការជាមួយដៃគូក្នុងការត្រៀមការហ្វឹកហ្វឺនដល់ប្រទេសដែលមានផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជាប្រទេស កូឡុំប៊ី អ៊ុយក្រែន ឡាវ និងវៀតណាមជាដើម៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព