ថ្ងៃ​ពុធ ទី13 ខែវិច្ឆិកា ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនដល់អ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន។

សៀមរាប៖ ០៧ សីហា ឆ្នាំ២០២៤

អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនដល់អ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន។

នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រួមជាមួយលោក សានុអិ កាហ្ស៊ូម៉ាសា ( Sanui Kazumasa) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU) គាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ អង្គភាពស៊ីម៉ាក់នឹងផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប  ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការកសាងសមត្ថភាពជំនាញលើការប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោក ផេដ្រូ ហាឡាហ្ស៊ុន នាយកវិទ្យាស្ថានហ្វឹកហ្វឹន និងជាប្រធានក្រុមសិក្ខាកាមអ៊ុយក្រែនបង្ហាញនូវក្តីសោមនស្សរីករាយនិងអរគុណដល់កម្ពុជាដែលពួកគាត់មានឱកាសបានចូលរួម ហ្វឹកហ្វឺននេះ ដើម្បីទទួលបាននូវចំណេះដឹង ជំនាញ បទពិសោធន៍ ដែលផ្តល់ដោយស៊ីម៉ាក់ ក្នុងនាមជាប្រតិបត្តិករ ដែលពោរពេញទៅដោយបទពិសោធន៍នៅក្នុងវិស័យសកម្មភាពមីនកម្រិតអន្តរជាតិ។ ក្នុងនាមជាប្រធានតំណាងសិក្ខាកាមអ៊ុយក្រែន លោក ពិតជាមានមោទនភាពណាស់ដែលទទួលបានការហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គភាពស៊ីម៉ាក់ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។

លោក សានុអិ កាហ្ស៊ូម៉ាសា (Sanui Kazumasa) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ រយៈពេល២ឆ្នាំកន្លងមកនេះ JICA រួមជាមួយអង្គភាពស៊ីម៉ាក់បានរៀបចំកម្មវិធីសម្រាប់កម្រិតថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសជប៉ុន និងសម្រាប់កម្រិតបច្ចេកទេសមួយផ្សេងទៀតនៅក្នុងប្រទេសប៉ូឡូញកាលពីឆ្នាំមុន។ លោកថា JICA រីករាយដែលមានមន្រ្តីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន មកពីអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន មកទទួលការហាត់ហ្វឹកហ្វឺនដោយផ្ទាល់ ស្តីពីប្រតិបត្តិការគ្រឿងចក្រវាយកម្ទេចមីន ទាំងទ្រឹស្តី និងការអនុវត្តដោយផ្ទាល់នៅចម្ការមីន។

ឯកឧត្តម ហេង រតនា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថា៖អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រនិងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលជប៉ុនលេីការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនអ្នកជំនាញអ៊ុយក្រែន ប្រយោជន៍ដើម្បីផ្តល់សុវត្ថិភាពជូនប្រជាជនដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ឯកឧត្ដម ក៏បានរំលឹកពីប្រវត្តិសោកនាដកម្មនៃសង្រ្គាមនៅកម្ពុជា និងបុព្វហេតុដែលបង្កឲ្យមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ធសង្រ្គាមដែលកើតឡើងនៅកម្ពុជា រួមមាន ការទម្លាក់គ្រាប់បែកចំនួន ៤.០៣ លានតោន គ្រាប់បែកចង្កោមចំនួន២៨លានតោន គ្រាប់បែកគីមីចំនួន២០០ទីតាំង គ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មីនប្រឆាំងរថក្រោះ និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅទីតាំងរាយប៉ាយប្រមាណ ៤ ទៅ ៦លានតោន។ គួររម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន បានផ្ដល់ការគាំទ្រ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនវិស័យសកម្មភាពកម្ចាត់មីនមនុស្សធម៌ ជូនដល់មន្រ្តីជំនាញបោសសម្អាតមីន មកពីបណ្តាប្រទេសមួយចំនួនកន្លងមកហើយដូចជាប្រទេស កូឡំប៊ី អង់ហ្គោឡា នេប៉ាល់ អ៊ីរ៉ាក់ ឡាវ ភូមា និងប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនផងដែរ។ ដោយឡែកប្រទេសអ៊ុយក្រែន អង្គភាពស៊ីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនបានចំនួន០២លើករួចមកហើយ នៅកំឡុង ខែមករា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា និងលើកទី២ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញ នៅកំឡុងខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ ប្រកបដោយជោគជ័យ។

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព