ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានអញ្ជើញអមដំណើរឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម យូអិនុ អាស៊ុស្សិ ធ្វើទស្សនកិច្ចស្វែងយល់អំពីសកម្មភាពការងារបោសសម្អាតមីន

ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានអញ្ជើញអមដំណើរឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម យូអិនុ អាស៊ុស្សិ ធ្វើទស្សនកិច្ចស្វែងយល់អំពីសកម្មភាពការងារបោសសម្អាតមីន ដែលធ្វើប្រតិបត្តិការដោយកងឯកភាពកំចាត់មីនទី២ ដែលមានទីតាំងឋិតនៅភូមិចម្លងរមាំងក្រោម ឃុំអូសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអមដំណើរ បានស្វែងយល់ពីដំណើរការប្រតិបត្តិការបោសសម្អាតមីនរបស់កងឯកភាពកំចាត់មីនទី២នៃអង្គភាពស៊ីម៉ាក់រួមមាន៖ ការបោសសម្អាតមីនដោយមនុស្ស ការបោសសម្អាតមីនដោយសុនខហិតមីន ការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទអាលីស (ALIS) ដែលប្រើប្រាស់បច្ចេកវិទ្យាជប៉ុន និងគ្រឿងចក្រវាយកម្ទេចមីនជាដើម។
លោក ម៉ម វណ្ណារិទ្ធិ ប្រធានកងឯកភាពកំចាត់មីនទី២ស្តីទី បានជម្រាបជូនគណៈប្រតិភូពីដំណើរការបោសសម្អាតមីន និងទិន្នផលដែលសម្រេចបាននៅចម្ការមីន ដែលបានចាប់ផ្តើមប្រតិបត្តិការចាប់តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
សូមបញ្ជាក់ជូនថា​ ភូមិអូរសំរិលក្រោមនេះ ឋិតនៅជាប់ខាងក្រោយភ្នំវៃច្រាបពីទិសស្រុកសំឡូត ដែលមានផ្ទៃដីសរុបជាង ១២០០ហិកតា ក្នុងនោះមានជាង១០០គ្រួសារ ស្នើនឹងមនុស្សរាយជាង៥៦០នាក់។ ផ្ទៃដីនៅភូមិចំនួនប្រមាណ៦១% ស្មើនឹងជាង៧៦៤ហិកតា មានបញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ប្រជាពលរដ្ឋភូមិនេះចំនួន១០នាក់ជាជនរងគ្រោះដោយសារគ្រាប់មីន។ អង្គភាពស៊ីម៉ាក់បានបោសសម្អាតចម្ការមីន បានចំនួន៣៣ ស្មើនឹង២៥០ហិកតា។ ផ្ទៃដីដែលនៅសល់ចំនួនប្រមាណជាង៥០០ហិកតា អង្គភាពCMAC មានផែនការបោសសម្អាតឱ្យបានរួចរាល់នៅខែកក្កដា ឆ្នាំ២០២៥។
បន្ទាប់ពីទស្សនាចម្ការមីនរួច មកគណៈប្រតិភូក៏បានបន្តដំណើរជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋទទួលផល និងជនមានពិការភាពដោយសារគ្រាប់មីន នៅក្នុងតំបន់សហគមន៍ ដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅតំបន់ដែលពួកគាត់រស់នៅជាអតីតចម្ការមីន ដែលបានបោសសម្អាតរួចរាល់ដោយអង្គភាពស៊ីម៉ាក់ ព្រមទាំងស្តាប់នូវការថ្លែងអំណគុណនិងសំនូមពររបស់តំណាងប្រជាពលរដ្ឋផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជរដ្ឋទូតក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលជប៉ុន និងងរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន ជាពិសេសតាមរយ:ដំណើរទស្សនកិច្ចរបស់លោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុនមកប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដែលបានប្រកាសអំពីយុទ្ធសាស្ត្រថ្មីជប៉ុន-កម្ពុជានៃគំនិតផ្តួចផ្តើមសកម្មភាពកម្ចាត់មីនដែលមានទស្សនវិស័យចំនួន៤បានដាក់ចេញនិងខិតខំអនុវត្តរួមគ្នា៕
គួររំលឹកផងដែរថា ប្រទេសជប៉ុនជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយក្នុងវិស័យសកម្មភាព ដែលតែងតែផ្តល់ជំនួយគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ជាពិសេសគាំទ្រសកម្មភាពប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់រួមមានសម្ភារបច្ចេកទេស គ្រឿងចក្រវាយកម្ទេចមីន រថយន្ត ម៉ាស៊ីនរាវមីន ព្រមទាំងថវិកាគាំទ្រកិច្ចប្រតិបត្តិការផងដែរ។

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព