ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន៖
នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU) ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និង លោកស្រី អេរិ កូមុកៃ (Eri Komukai) ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំទីក្រុងតូក្យូ។
យោងតាមរបាយការណ៍ហ្វឹកហ្វឺន អានដោយឯកឧត្តម ផាត ភារៈ ប្រធាននាយកដ្ឋានកណ្តាល និងជាប្រធានសម្របសម្រួលសម្រាប់វគ្គអ៊ុយក្រែននេះបានឱ្យដឹងថា៖ អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន និងការថែទាំក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប ក្នុងនោះសិក្ខាកាមស្រ្តីចំនួន១រូប ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣សប្តាហ៍ គិតចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤នៅទីលានហ្វឹកហ្វឺនពពេល ឋិតនៅស្រុកសូត្រនិគម ខេត្តសៀមរាប។ សិក្ខាកាមទទួលបានការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយនិងគ្រឿងចក្រវាយកម្ទេចមីនដែលបង្ហាត់បង្ហាញដោយអ្នកជំនាញគ្រឿងចក្ររបស់អង្គភាពស៊ីម៉ាក់ដែលមានបទពិសោធន៍ជោគជាំក្នុងជំនាញនេះ។ សិក្ខាកាមក៏បានធ្វើដំណើរទៅទស្សនារោងជាងកណ្តាលនៅខេត្តបាត់ដំបងជាទីដែល យាន្តយន្ត និងគ្រឿងចក្រធន់ធ្ងន់គ្រប់ប្រភេទត្រូវបានយកទៅជួសជុល និងទស្សនាចម្ការមីននៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងផងដែរ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការកសាងសមត្ថភាពជំនាញលើការប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។
លោក ផេដ្រូ ហាឡាហ្ស៊ុន នាយកវិទ្យាស្ថានហ្វឹកហ្វឹន និងជាប្រធានក្រុមសិក្ខាកាមអ៊ុយក្រែនក្នុងនាមជាប្រធានតំណាងសិក្ខាកាមអ៊ុយក្រែនបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពស៊ីម៉ាក់ រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលបានជួយគាំទ្រក្នុងការបណ្តុះបណ្តាលវគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់សម្រាប់បម្រើក្នុងវិស័យសកម្មភាពមីនក្នុងអំឡុងពេលដែលប្រទេសអ៊ុយក្រែនកំពុងស្ថិតនៅក្នុងស្ថានលំបាកដោយសារវិបត្តិសង្រ្គាម។ នេះជាដំណាក់កាលក៏សំខាន់ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌនានា ដើម្បិធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាជន និងតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម។
លោកស្រី អេរិ កូមុកៃ ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំទីក្រុងតូក្យូ បានមានប្រសាសន៍នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនថា៖ ការចែករំលែកចំណេះដឹង និងជំនាញការប្រើប្រាស់គ្រឿងចក្រនៃអង្គភាពស៊ីម៉ាក់ចំពោះប្រទេសអ៊ុយក្រែននៅពេលនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងនៅក្នុងវិស័យបោសសម្អាតមីននៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី ក៏បានរំលឹកពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីមុនក៏មានស្ថានភាពមិនខុសគ្នាពីប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះប៉ុន្មានដែរ។ គ្រឿងចក្រវាយកម្ទេចមីនត្រូវបានយកមកអនុវត្តអស់រយៈពេលជាង២០ឆ្នាំ និងត្រូវបានអភិវឌ្ឍនជាបន្តបន្ទាប់ ហើយអង្គភាពស៊ីម៉ាក់បានប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព។អ្វីដែលអង្គភាពស៊ីម៉ាក់បានអនុវត្តគឺផ្អែកលើការងារប្រតិបត្តិការជាក់ស្តែង ហើយជាមានសារៈសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលប្រទេសអ៊ុយក្រែន។ លោកស្រីសង្ឃឹមថាអ្នកជំនាញប្រទេសអ៊ុយក្រែននឹងអាចប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនប្រកបដោយប្រសិទ្ធភាពនៅចម្ការមីនជាក់ស្តែងផងដែរបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីអង្គភាពស៊ីម៉ាក់។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)មានប្រសាសន៍ថា៖អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រនិងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលជប៉ុនលេីការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនអ្នកជំនាញអ៊ុយក្រែន ប្រយោជន៍ដេីម្បីផ្តល់សុវត្ថិភាពជូនប្រជាជនដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ឯកឧត្តមប្រតិភូ ក៏បានបញ្ជាក់នៅក្នុងពិធីបិទវគ្គផងដែរថាវគ្គបណ្តុះបណ្តាលជូនអ្នកជំនាញអ៊ុយក្រែនលេីកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នេះអាចប្រព្រឹត្តិទៅបានដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធរវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាល គាំទ្រឱ្យអង្គភាពសុីម៉ាក់អនុវត្តគម្រោងហ្វឹកហ្វឺននេះក្រោមហេតុផលសកម្មភាពមនុស្សធម៌សុទ្ធសាធដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព