ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

សារមន្ទីរតេជោសន្តិភាពទទួលស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមកាលពី៥០ឆ្នាំ ដែលបានផ្ទុះលិចនៅបាតទន្លេមេគង្គ

សារមន្ទីរតេជោសន្តិភាពទទួលស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមកាលពី៥០ឆ្នាំ ដែលបានផ្ទុះលិចនៅបាតទន្លេមេគង្គ
ក្រុមការងារសារមន្ទីរតេជោសន្តិភាព ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរង់ចាំស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមដែលបានបាញ់លិចនៅបាតទន្លេមេគង្គ ដែលត្រូវបានគេជឿជាក់ថាប្រហែលជាត្រូវបានស្ទាក់បាញ់ឱ្យឆេះ ហើយបានលិចទៅបាតទន្លេមេគង្គ ត្រូវបានរកឃើញ និងស្រង់មកលើគោកវិញ។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នាវាដឹកជញ្ជូនគ្រាប់ដែលបានស្រង់ចេញពីទន្លេ ត្រូវបានបានដឹកពីកំពង់ផែភ្នំពេញ មកដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពដែលមានទីតាំងស្ថិតនៅស្រុកបាគង ខេត្តសៀមរាប។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា នាវានេះអាចត្រូវបានពួនស្ទាក់បាញ់ពន្លិច ឬបាញ់ប្រយុទ្ធដណ្តើមយកគ្រាប់នៅកំឡុងសង្គ្រាមនៅទសវត្ស១៩៧០ និងបានលិចនៅបាតទន្លេប្រមាណជាង៥០ឆ្នាំកន្លងមកហើយ និងបានប្រតិបត្តិការនៃការស្រង់យកគ្រាប់ព្រមទាំងនាវានេះដោយកម្លាំងកងយោធពលខេមរភូមិន្ទ។
នៅសារមន្ទីរតេជោសន្តិភាព មានអគារសម្រាប់តាំងយោធបរិក្ខា រូបភាពសម័យសង្រ្គាម និងឯកសារសក្ខីកម្មនៃជនរងគ្រោះក្នុងសម័យសង្គ្រាម រួមជាមួយការដាក់តាំងបង្ហាញឧបករណ៍ គ្រឿងច្រកវាយកម្ទេចមីន និងសំណល់យុទ្ឌភណ្ឌសង្រ្គាម ព្រមទាំងនាវាដឹកគ្រាប់ដែលទើបតែនឹងដាក់នៅទីតាំងជាក់ស្តែងនៅថ្ងៃនេះផងដែរ។
បន្ថែមពីនេះសារមន្ទីរតេជោសន្តិភាពរបស់អង្គភាពស៊ីម៉ាក់ក៏នឹងត្រៀមខ្លួនទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណប្រតិភូរដ្ឋភាគីក្នុងសន្និសីទលើកទី៥នៃការត្រួតពិនិត្យឡើងវិញលើការអនវត្តអនុសញ្ញាមីននអន្តរជាតិអូតាវ៉ា ដែលនឹងប្រព្រឹត្តិនៅខេត្តសៀមរាបនាចុងខែវិចិ្ឆកា ឆ្នាំ២០២៤នេះ ដែលនឹងមានតំណាងចូលរួមប្រមាណជាង៨០០នាក់មកពី១៦៤ប្រទេសនៃរដ្ឋសមាជិក។
គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ធ្លាប់បានមានប្រសាសន៍ថា៖ សារមន្ទីរសន្តិភាពអាចក្លាយជាមរតកនៃការចងចាំនូវសង្គ្រាមវិនាសកម្មក្នុងរយៈពេលចុងក្រោយនៃសម័យទំនើបនៅព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ! ដែលសង្គ្រាមនោះភាគច្រើនកើតឡើងដោយការបែកបាក់ក្នុងសង្គមជាតិសាសន៍ខ្លួនឯង តាមការញុះញង់ពីជាតិសាសន៍ខាងក្រៅទាំងជិតទាំងឆ្ងាយផង និងការចុះខ្សោយនៃជំនឿទុកចិត្តប្រាជ្ញាស្មារតីខាងក្នុងពូជសាសន៍ខ្លួនឯងផង ដោយបាត់បង់នូវភាពម្ចាស់ការ(ownership) និងតែងតែឱ្យតម្លៃជ្រុលហួសហេតុទៅលើបរទេសស្ថិតនៅឆ្ងាយនិងភ័យខ្លាចបាក់ស្មារតីជាមួយបរទេសនៅក្បែរខ្លួនដោយសារកត្តាប្រមោលប្រវត្តិសាស្ត្រនៃការរំលោភបំពាន៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព