ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោកស្រី SHIMADA Tomoko ប្រធាននាយកដ្ឋានកសាងសន្តិភាពនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីក្រុងតូក្យូ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២

នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោកស្រី SHIMADA Tomoko ប្រធាននាយកដ្ឋានកសាងសន្តិភាពនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីក្រុងតូក្យូ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២ ដែលនឹងចាប់អនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់ខែមេសាឆ្នាំ២០២៨។ ការចុះហត្ថលេខាលើគម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយតបនឹងយុទ្ធសាស្ត្រសកម្មភាពមីនរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ស៊ីម៉ាក់ ជាពិសេសេគម្រោងនេះរួមចំណែកដល់គោលនយោបាយរបស់រដ្ឋាភិបាលជប៉ុនចំពោះប្រទេសកម្ពុជា លើគំនិតផ្តួចផ្តើមសកម្មភាពមីនកម្ពុជា-ជប៉ុន។ គម្រោងនេះនឹងរួមចំណែកក្នុងការកសាងសមត្ថភាព នឹងពង្រឹងតួនាទីរបស់អង្គភាពស៊ីម៉ាក់ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្មភាពមីនប្រកបដោយឯកទេស និងវិជ្ជាជីវៈកម្រិតស្តង់ដារសាកល រួមជាមួយការធ្វើផែនការសម្រាប់កំណែទម្រង់ស្ថាប័ន និងពង្រឹងសមត្ថភាពមន្រ្តីជំនាញ។ បន្ថែមពីនេះទៀតធាតុសំខាន់នៃគម្រោងនេះគឺផ្តោតទៅលើការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងកម្រិតអន្តរជាតិ លើការបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ការកសាងធនធានសមត្ថភាពបន្ថែមដល់មន្រ្តីបុគ្គលិក និងការពង្រឹងផ្នែកទំនាក់ទំនងសាធារណៈ៕
លោកស្រី SHIMADA Tomoko បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា លោកស្រី ពិតជាមានសេចក្តីសោមន្សសរីករាយដែលបានមកទស្សនកិច្ចអង្គភាពស៊ីម៉ាក់ និងបានឃើញពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ ហើយការចុះហត្ថលេខាថ្ងៃនេះគឺដើម្បីរួមចំណែកជាមួយពង្រឹងសមត្ថភាពដែលមានស្រាប់របស់អង្គភាពស៊ីម៉ាក់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពការងាររបស់អង្គភាពស៊ីម៉ាក់នៅពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានថ្លែងអំណរគុណដល់ប្រជាជន និងប្រទេសជប៉ុនជាពិសេសថ្នាក់ដឹកនាំ និងក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនទាំងនៅភ្នំពេញ និងទីក្រុងតូក្រូប្រទេសជប៉ុន រួមជាមួយនឹងទីប្រឹក្សាបច្ចេកទេសជប៉ុន ដែលបានខ្នះខ្នែងជួយជ្រោមជ្រែងក្នុងការជួយកសាងសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ ក្នុងការបំពេញបេសកកម្មរបស់ខ្លួនទាំងពីមុនរហូតមកទល់បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថាគម្រោងនេះពិតជាបានបង្ហាញពីការតាំងចិត្តសហការរួមគ្នារបស់រដ្ឋាភិបាលប្រទេសជប៉ុន និងប្រទេសកម្ពុជា៕
សូមបញ្ជាក់ថាគម្រោងដំណាក់កាលទី១នឹងបញ្ចប់នៅឆ្នាំក្រោយ ប៉ុន្តែការចុះហត្ថលេខានៅថ្ងៃនេះគឺដើម្បីត្រៀមបន្តការងាររបស់គម្រោងថ្មីបន្ទាប់ពីគម្រោងអនុវត្តបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅខែឆ្នាំក្រោយ។

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព