នារសៀលថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខ្ញុំមានកិត្តិយសទទួលស្វាគមន៍គណៈប្រតិភូមកពីរដ្ឋភាគី និងមិនមែនរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ចំនួនប្រមាណ៥៣០នាក់ ដែលបានធ្វើការចុះទស្សនកិច្ចសារមន្ទីរតេជោសន្តិភាព មុនព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ក្នុងសន្និសីទលើកទី៥ស្តីពីការត្រួតពិនិត្យឡើងវិញនូវ អនុសញ្ញាស្តីពីការហាមប្រាម កាប្រើប្រាស់ ការស្តុកទុក ការផលិត ការដឹកជញ្ជូនគ្រាប់មីនប្រឆាំងមនុស្ស ។
នៅក្នុងឱកាសនៃការរៀបចំព្រឹត្តការណ៍អមជាមួយប្រទេសជប៉ុន ខ្ញុំបានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ដែលមានអគារូបរាងជាគ្រាប់មីនប្រឆាំងមនុស្ស (PMN) ធំជាងគេក្នុងសកលលោក។ ព្រឹត្តការណ៍អមជាមួយភាគីប្រទេសជប៉ុននៅថ្ងនេះគឺគ្រាន់តែជាផ្នែកនៃផែនការរួមជាមួយគ្នា និងការរចនាសម្រាប់សារមន្ទីរតេជោសន្តិភាព ដែលនៅពេលដែលការងារសាងសង់ទាំងអស់ត្រូវបានបញ្ចប់ នោះវានឹងក្លាយជាសារមន្ទីរតំណាងឱ្យការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះអនុសញ្ញាអូតាវ៉ា ដើម្បីរួមចំណែកពិភពលោកមួយដែលគ្មានមីន។
សារមន្ទីរតេជោសន្តិភាពនេះ វាមិនត្រឹមតែជាទីកន្លែងសិក្សាស្រាវជ្រាវអំពីប្រវត្តិសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាមជ្ឈមណ្ឌលឯកសារស្រាវជ្រាវមួយ សម្រាប់បណ្តាប្រទេសនានាដែលជួបវិបត្តិដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដូចប្រទេសកម្ពុជាដែរ។
អង្គភាព CMAC បានប្តេជ្ញាចិត្តចំពោះចក្ខុវិស័យនៃប្រទេសកម្ពុជាគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន ហើយតាមរយៈសារមន្ទីរតេជោសន្តិភាព ដែលជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតសន្តិភាព ដោយយើងនឹងស្វែងរកការចែករំលែក ការប្តេជ្ញាតាំងចិត្តសហការរួមគា្នរវាងកម្ពុជា និងជប៉ុនក្នុងការកសាងសន្តិភាពជាមួយពិភពលោក៕