ថ្ងៃ​ពុធ ទី22 ខែមករា ឆ្នាំ2025

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការឆ្នាំ២០២៤ និងការលើកទិសដៅផែនការសមាហរណកម្មឆ្នាំ២០២៥។

កាលពីថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការCMACភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការឆ្នាំ២០២៤ និងការលើកទិសដៅផែនការសមាហរណកម្មឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីគ្រប់នាយកដ្ឋានជំនាញ និងតាមបណ្តាកងអង្គភាពក្រោមចំណុះជិត១៥០នាក់។

របាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់របស់អង្គភាពក្នុងរយ:ពេល១២ខែ ឆ្នាំ២០២៤ ដូចខាងក្រោម៖-លទ្ធផលប្រតិបត្តិការរំដោះផ្ទៃដី៖ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសម្រេចបានមានជាអាទិ៍៖ បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១.២៥៦ចម្ការ ស្មើរនឹងជិត​ ២០០ គីឡូម៉ែត្រក្រឡា ហើយបានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ៩៩.៨៧៤គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន ១៦.១៥៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១៥៧ គ្រាប់មីនកែច្នៃចំនួន ៤ គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនគ្រប់ប្រភេទចំនួន ៧៥.៤៩១ គ្រាប់ រួមមានគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោមផងដែរ។

ដោយឡែកសម្រាប់ប្រតិបត្តិការក្រោមទឹកវិញសម្រេចបានលើផ្ទៃទឹកចំនួន ៤.២០០ម៉ែត្រក្រឡា ដោយរុករកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗសរុបចំនួន៣.៨៤០ គ្រាប់ ស្មើនឹងជិត ៣៣តោន។

សកម្មភាពការងារអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ៖ មន្រ្តីអង្គភាពស៊ីម៉ាក់ និងបណ្តាញមីនស្ម័គ្រចិត្តបានចុះ ធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ២៥,១២៤ លើក ស្មើនឹង,១៨២,៥៥០ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ,០៨៨,៣៣៧ នាក់ គឺលើសផែនការស្មើនឹង ១០៤.៤១% នៃផែនការឆ្នាំ២០២៤។

បន្ថែមពីលើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រុមការងារជួយជនពិការដោយសារគ្រាប់មីនបានផ្តល់ ជើងសិប្បនិម្មិតចាស់ៗ១៥៦ជើង, ប្រអប់ជើង១៨៨ជើង, ដៃសិប្បនិម្មិត៣, រទេះរុញ៨, កង់រទេះ៣, ឈើច្រត់៣៧, ឆ្នុកជើងនិងឆ្នុកឈើច្រត់៤០៨ដុំ។ ចងក្រងប្រវត្តិជនពិការបានចំនួន១២៩០នាក់ ផ្តល់សេវាកម្មសុខាភិបាលបានចំនួន២៤៤៦នាក់ ផ្តល់ការហ្វឹកហ្វឺននិងប្រឹក្សាផ្នែកកសិកម្មបានចំនួន២០០៨នាក់ និងចុះថតសម្ភាសន៍សម្រាប់ផលិតវិដេអូសក្ខីភាពបានចំនួន២០លើក។

សកម្មភាពហ្វឹកហ្វឺន ការស្រាវជ្រាវនិងដាក់ផ្លាកសញ្ញាចម្ការមីន៖

ការពង្រឹងសមត្ថភាពនិងធាតុទន់ដល់សិក្ខាកាមអ្នកបន្តវេនបានចំនួន៨៤៣នាក់ និងពង្រឹងសមត្ថភាពគ្រូបច្ចេកទេសបានចំនួន៨៤រូប រួមជាមួយការបណ្តុះបណ្តាលមន្រ្តីជំនាញលើការងារស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ថ្មីៗផងដែរ។ ការស្រាវជ្រាវទៅលើការប្រើប្រាស់ម៉ាស៊ីនប្រភេទ ឧបករណ៍ផ្លុំកាយរកមីន ម៉ាស៊ីនរាវមីនដោយប្រព័ន្ធ GPR បច្ចេកទេសកាត់គ្រាប់និងចម្រាញ់សារជាតិផ្ទុះប្រើឡើងវិញ (កំពុងអនុវត្តប្រតិបត្តិការ) ប្រព័ន្ធទិន្នន័យចម្ការមីនដោយបញ្ញាសិប្បនិម្មិត (AI) និងការប្រើប្រាស់ដ្រូនលើដី និងក្នុងទឹក (តំណាក់កាលស្រាវជ្រាវ)។

រកឃើញទីតាំងថ្មីសង្ស័យមានគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២.៧៦៣ ក្នុងនោះចម្ការមីនចំនួន ២.៥៧៣ និងចម្ការគ្រាប់បានចំនួន១៩០ស្មើនឹងៈ ៥៤៩គីឡូម៉ែត្រក្រឡា។ ស្រាវជ្រាវទីតាំងសង្ស័យមានគ្រាប់ទម្លាក់និងគ្រាប់បែកចង្កោមបានចំនួនៈ ៤.៣៧៤ ស្មើនឹងៈ ៥.៩៥៥គីឡូម៉ែត្រក្រឡា

-ការងារទំនាក់ទំនងអន្តរជាតិ និងគ្រប់គ្រងគម្រោង៖ គម្រោងនានាទទួលបានការគាំទ្រថវិកាដោយប្រទេសអាឡឺម៉ង់ ជប៉ុន ចិន អាម៉េរិក UNDP និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ បន្តសម្របសម្រួលការងារហ្វឹកហ្វឺននិងចែករំលែកបទពិសោធន៏ជាមួយបណ្តាប្រទេសមានបញ្ហាមីន/គ្រាប់មិនទាន់ផ្ទុះរួមមានប្រទេស អ៊ុយក្រែន ប្រទេសកូឡុំប៊ី និងប្រទេសតំបនអាព្រិកមួយចំនួនផងដែរ។

បន្ថែមពីនេះទៀតការប្រកាសគោលនយោបាយថ្មីរបស់ជប៉ុនសម្រាប់វិស័យមីនក្នុងពិភពលោក ដែលយកកម្ពុជា (ស៊ីម៉ាក់) ធ្វើជាមូលដ្ឋានកណ្តាល នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ហ្វឹកហ្វឺន និងកសាងធនធានសម្ភារបច្ចេកវិទ្យាបោសសម្អាតមីន ជាសក្ខីកម្មថ្មីនិងច្បាស់លាស់បំផុតនៃការជឿជាក់របស់ភាគីជប៉ុនលើសមត្ថភាពស៊ីម៉ាក់ ក្នុងការផ្តល់ការពង្រឹងសមត្ថភាពដល់ប្រទេសនានាក្នុងពិភពលោក។ គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាមូលដ្ឋានសំខាន់បំផុត សម្រាប់ការចរចាររៀបចំគម្រោងស្នើសុំទៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្ត អោយជោគជ័យនូវរាល់ចំនុចនិមួយៗនៃគំនិតផ្តួចផ្តើមសម្រាប់វិស័យសកម្មភាពមីន។

ផែនការសមាហរណកម្មឆ្នាំ២០២៥

ដោយឡែកសម្រាប់ផែនការសមាហរណកម្មសម្រាប់ឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់មានផែនការបោសសម្អារផ្ទៃដីប្រមាណជាង១៥៤គីឡូម៉ែត្រក្រឡា ក្នុងនោះចម្ការមីនមានចំនួន ១០៥គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់ប្រមាណជាង ​៤៩ គីឡូម៉ែត្រក្រឡា។

បន្ថែមពីលើការងារបោសសម្អាតមីនអង្គភាពស៊ីម៉ាក់មានផែនការធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅ ចន្លោះពី ១.៨០០.០០០ ទៅ ២០០០០០០នាក់pផងដែរ។

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព