News

28 Mar 2025

ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពរបស់មន្ត្រីCMAC

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោកស្រី KOMUKAI Eri បានអញ្ជើញចូលរួមធ្វើជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពរបស់មន្ត្រីCMAC លើជំនាញប្រើប្រាស់គ្រឿងចក្របោសសម្អាតមីន និងម៉ាស៊ីនរាវមីនALIS គាំទ្រដោយJICA ដោយប្រេីប្រាស់ប្រពន្ធ័CUDBAS (Curriculum Development Base on Ability Structure)ក្នុងការសិក្ខាសាលាមានរយៈពេល១០ថ្ងៃនេះ (ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥) និងបានបញ្ចប់ដោយជោគជ័យ។ ការវាយតម្លៃនិងចងក្រងចំណេះធ្វេី(tacit knowledge) របស់មន្ត្រីជំនាញផ្នែកគ្រឿងចក្រកម្ទេចមីននិងម៉ាសុីនរាវមីនបច្ចេកវិទ្យាទំនេីបALIS (ផលិតដោយជប៉ុននិងអុីតាលី ដោយតេស្តអភិវឌ្ឍន៍បច្ចេកទេសដោយអ្នកវិទ្យាសាស្ត្រជប៉ុននិងអ្នកឯកទេសអង្គភាពសុីម៉ាក់ប្រេីពេលជិត២០ឆ្នាំ)។ ប្រពន្ធ័វាយតម្លៃសមត្ថភាពCUDBAS ផលិតលទ្ធផលពីសិក្ខាសាលានេះ នឹងចូលរួមចំណែកពង្រឹងឯកសារហ្វឹកហ្វឺនជំនាញគ្រឿងចក្រកម្ទេចមីននិងកិច្ចប្រតិបតិ្តម៉ាសុីនរាវមីនALIS កាន់តែរឹងមាំថែមទៀត។ ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ លោកស្រី KOMUKAI Eri ទីប្រឹក្សាជាន់ខ្ពស់JICA ប្រចាំទីក្រុងតូក្យូ បានថ្លែងថា លោកស្រីពិតជាមានក្តីរំភ្លើបរីករាយដែលបានសហការជាមួយអង្គភាពCMAC ក្នុងការរៀបចំសិក្ខាសាលានេះឡើង។ ចំណេះដឹងនិងចំណេះធ្វើរបស់អង្គភាពCMAC មិនត្រឹមតែមានប្រយោជន៍ក្នុងការបង្កើនប្រសិទ្ធភាពបោសសម្អាតមីន/គ្រាប់មិនទាន់ផ្ទុះមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ទន្ទឹងនឹងនេះអាចចែករំលែកទៅកាន់ប្រទេសដែលរងផលប៉ះពាល់ដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០២០មក អង្គភាពCMAC បានចែករំលែកចំណេះដឹង និងបានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីគ្របគ្រង់ និងមន្ត្រីប្រតិបត្តិកាជាង៥០០នាក់ មកពីប្រទេសកូឡុំប៊ី ឡាវ អង់ហ្គោឡា អ៊ីរ៉ាក់ អ៊ុយក្រែន និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតបានទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់CMAC ។ JICA រំពឹងថាអង្គភាពCMAC នឹងបន្តផ្តល់ការគាំទ្រទៅដល់ប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាពេលអនាគត ក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរដល់មន្រ្តីJICAទាំងអស់ ក៏ដូចជាអ្នកឧទ្ទេសនាមទាំងអស់ ដែលបានចូលរួមផ្តល់ចែករំលែកក្នុងសិក្ខាសាលានេះ និងបានកោតសរសើរ និងអរគុណចំពោះមន្រ្តីCMAC ដែលចូលរួមក្នុងសិក្ខាសាលានេះ ទាំងថ្នាក់ដឹកនាំនៅទីបញ្ជាការ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក៏ដូចជាបណ្តាកងឯកភាពកំចាត់មីនទាំងអស់ និងសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ ត្រូវបានចងក្រងរាល់ខ្លឹមសារជាឯកសារសម្រាប់បម្រេីការហ្វឹកហ្វឺនអ្នកបន្តវេនផង និងពង្រឹងប្រសិទ្ធភាពកិច្ចប្រតិបត្តិការជាក់ស្តែងផងដែរ៕