News

18 Nov 2025

គណៈប្រតិភូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាមស្វែងយល់ពីវិស័យបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់

ព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ គណៈប្រតិភូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម ដឹកនាំដោយលោកវរៈសេនីយ៍ឯក Pham The Anh ប្រធានគណៈប្រតិភូ និងសហការី និងសិក្សាស្វែងយល់បន្ថែមពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសអំពីបទពិសោធន៍ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពCMAC ។

ក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិសង្គ្រាមនៅកម្ពុជាដែលបន្សល់ទុកនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ និងវឌ្ឍនភាពការងារបោសសម្អាតមីន ព្រមទាំងការអភិវឌ្ឍសមត្ថភាពបច្ចេកទេសរបស់អង្គភាពCMAC ជាពិសេសគឺការប្រើប្រាស់សម្ភារៈបោសសម្អាតមីនដែលប្រើប្រាស់បច្ចេកវិទ្យាប្រទេសជប៉ុន។ ឯកឧត្តម ហេង រតនា ក៏បានជម្រាបជូនពីការពង្រាយកម្លាំងប្រតិបត្តិការនៅតាមបណ្ដាខេត្តមួយចំនួន ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ ហើយCMACក៏មានកងឯកភាពកំចាត់មីននៅតាមបណ្ដាខេត្តមួយចំនួន ដែលអាចចល័តកម្លាំងទូទាំងប្រទេសបាន ដើម្បីឆ្លើយតបតាមសំណូមពរបន្ទាន់ៗរបស់ប្រជាជន និងអាជ្ញាធរមូលដ្ឋាននៅពេលជួបបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាការឆ្លើយតប លោកវរៈសេនីយ៍ឯក Pham The Anh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គភាពCMAC ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) ចូលជួបសម្តែងការគួរសមនិងសិក្សាអំពីបទពិសោធន៍ និងបច្ចេកទេសការបោសសម្អាតមីននៅកម្ពុជា។ លោកវរៈសេនីយ៍ឯក Pham The Anh ក៏បានកោតសរសើរចំពោះភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMACក្នុងការបំផ្លាញគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្សនិងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកវរៈសេនីយ៍ឯក Pham The Anh សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីជំនួបពិភាក្សាការងារនេះ និងទស្សនកិច្ចនៅទីតាំងចម្ការគ្រាប់ផ្ទាល់ លោកនិងទទួលបានបទពិសោធន៍បន្ថែមទៀត លើការងារកិច្ចប្រតិបត្តិការជំនាញបច្ចេកទេស ពីមន្រ្តីជំនាញអង្គភាពCMAC ដើម្បីអនុវត្តក្នុងកម្មវិធីបោសសម្អាតមីននៅប្រទេសវៀតណាមផងដែរ។ សូមជម្រាបថា ក្រោយពីបញ្ចប់ជំនួបខាងលើនេះ គណៈប្រតិភូខាងក៏នឹងធ្វើដំណើរទស្សនកិច្ចចម្ការគ្រាប់ក្នុងខេត្តស្វាយរៀង វិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង ចម្ការមីននៅក្នុងខេត្តពោធិ៍សាត់ និងសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាបផងដែរ៕