5 Jan 2026
កម្លាំងជំនាញប្រតិបត្តិការជួរមុនរបស់អង្គភាពCMAC ត្រៀមធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ទៅលំនៅឋានវិញ
នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសប្រមាណជិត១០០នាក់ ដើម្បីត្រៀមបន្ថែមលើកម្លាំងជួរមុខដែលមានស្រាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនតាមបណ្តោយព្រំដែនកម្ពុជា ថៃ។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល បានអោយដឹងថា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តព្រះវិហាររហូតដល់ខេត្តកោះកុងសុទ្ធតែមានតម្រូវការ កម្លាំងឆ្លើយតបរបស់អង្គភាពស៊ីម៉ាក់ តាមស្ថានភាពជាក់ស្តែង គ្រាន់តែតិចនិងច្រើន។ ឯកឧត្តមប្រតិភូបន្ថែមថា ខេត្តដែលមានតម្រូវការជំនួយពីកងកម្លាំងស៊ីម៉ាក់មានច្រើនខេត្ត រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យដែលរងគ្រោះខ្លាំង ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួន៩៧ភូមិ ខេត្តឧត្តរមានជ័យមានមានចំនួន១៤០ភូមិ ខេត្តព្រះវិហារមានចំនួនជាង១០០ភូមិ ដែលមានតម្រូវការខ្លាំង។ ឯកឧត្តមបានលើកឡើងថា ទី១ត្រូវដាក់កម្លាំងអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសាគ្រាប់យុទ្ធភណ្ឌសង្គ្រាម បូកទាំងកម្លាំងស្ម័ញគ្រចិត្តជាង៤០០០នាក់ទៀតដើម្បីអប់រំប្រជាជនអោយជៀសផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម។
បន្ទាប់ពីពិធីជួបសំណេះសំណាលបានបញ្ចប់ ឯកឧត្តម ហេង រតនា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំង៩ខ្នងនិងការបំពាក់សម្ភារបច្ចេកទេសតាមអគារនិមួយៗ។ សូមជម្រាបជូនថា សំណង់អគារទាំងអស់និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ សូមបញ្ជាក់ផងដែរថា អគារទាំង៩ខ្នង នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង រួមទាំងអគាររាងគ្រាប់មីន នៅសារមន្ទីតេជោសន្តិភាពខេត្តសៀមរាប គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦នេះ៕