13 កក្កដា 2024
ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
កំពង់ឆ្នាំង ៖វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។ លោក ធៀម សុភាព នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះ បានចាប់ផ្តើមដំណើរការកាល ពីថ្ងៃទី២៩ ខែមេសា និងត្រូវបិទបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន១២៣នាក់ ស្រី៣៦នាក់ ជាកូនៗរបស់មន្ត្រី បុគ្គលិកដែលបានចូលនិវត្តន៍ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ដែលសុទ្ធសឹងជាអ្នកបន្តវេនជំនាន់ក្រោយ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា វគ្គ ហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកថ្មីៗក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយ សុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ ស្តែង របស់ខ្លួននៅចម្ការមីន ។ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ ចំពោះសិក្ខាកាម ដែលជាអ្នកបន្តវេនទាំងអស់ នឹងមានសមត្ថភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ និងវិន័យខ្ពស់ ក្នុងការអនុវត្តបច្ចេកទេសបោសសម្អាតមីន ប្រកបដោយប្រសិទ្ធភាព សំដៅធានាសុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដើម្បីរួមចំណែក ក្នុងការអភិវ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាល៕