ការស្រាវជ្រាវ និងដាក់ផ្លាក់សញ្ញា

ប្រវត្តិនៃការស្រាវជ្រាវ

រដ្ឋាភិបាលកាណាដា និងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈមួយនៅថ្ងៃទី08 ខែឧសភា ឆ្នាំ2000 ដើម្បីធ្វើការស្ទង់មតិថ្នាក់ជាតិទី1 (NL1S) ដើម្បីកំណត់អត្តសញ្ញាណតំបន់ដែលមានមីន និងតំបន់ដែលមានគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។ ការស្រាវជ្រាវបានបង្ហាញថា ផ្ទៃដីចំនួន 4.544 គីឡូម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំនួន 1.641 ភូមិ ត្រូវបានរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន 124.427 គ្រួសារ។ ផ្អែកលើការរកឃើញទាំងនេះ CMAC បានផ្តួចផ្តើមនីតិវិធីស្រាវជ្រាវបច្ចេកទេស និងសកម្មភាពកាត់បន្ថយដីចម្ការមីន ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ទាំងនេះ។ ក្រោយមកទៀត វិធីសាស្រ្តរបស់ CMAC មានការវិវឌ្ឍន៍ដោយបញ្ចូលវិធីសាស្រ្តថ្មីៗ និងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិ។

នៅឆ្នាំ2006 គោលនយោបាយកាត់បន្ថយដីចម្ការមីនថ្នាក់ជាតិស្តង់ដារមួយ ត្រូវបានបង្កើតឡើង ដើម្បីកំណត់ឲ្យបានត្រឹមត្រូវជាងមុននូវតំបន់គ្រោះថ្នាក់ និងដកចេញនូវផ្ទៃដីបោសសម្អាតដែលមិនមានគ្រោះថ្នាក់។ នៅឆ្នាំ2009 CMAC បានបង្កើតដំណើរការនីតិវិធីស្រាវជ្រាវមិនបច្ចេកទេស (NTS) ដើម្បីគាំទ្រដល់សកម្មភាពរៀបចំផែនការ និងសកម្មភាពផ្ទៃដីបោសសម្អាត។ នៅចុងឆ្នាំ2010 CMAC បានបង្កើតនីតិវិធីស្រាវជ្រាវបច្ចេកទេសរបស់ខ្លួនជាផ្លូវការ ដោយបានកែលម្អចម្បង នូវលទ្ធផលការរំដោះផ្ទៃដីបោសសម្អាតដល់ប្រហែល 100គីឡូម៉ែត្រការ៉េ ក្នុងមួយឆ្នាំចាប់ពីឆ្នាំ2010 តទៅ។

នៅឆ្នាំ2022 CMAC បានធ្វើនីតិវិធីស្រាវជ្រាវមូលដ្ឋាននៅក្នុងខេត្តមួយចំនួន ដែលគ្របដណ្តប់លើផ្ទៃដីជាង 51គីឡូម៉ែត្រការ៉េ និងដាក់ផ្លាកចម្ការមីន និងចម្ការគ្រាប់មិនទាន់ផ្ទុះចំនួន549 ។ កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជា ដោយលើកកម្ពស់សមិទ្ធិផល និងប្រសិទ្ធភាពនៃប្រតិបត្តិការរំដោះផ្ទៃដីបោសសម្អាត។

ប្រភេទនៃការស្រាវជ្រាវ

ការដាក់ផ្លាកចម្ការមីន មានគោលបំណងក្រើនរំឮកប្រជាជនពីតំបន់គ្រោះថ្នាក់ និងដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាជននៅក្នុងសហគមន៍ងាយរងគ្រោះ អ្នកចំណូលថ្មី និងអ្នកធ្វើដំណើរចូលទៅក្នុងតំបន់ដែលមានគ្រាប់មីន ឬសង្ស័យថាមានគ្រាប់មីន ក៏ដូចជាគាំទ្រការបោសសម្អាតមីនទ្រង់ទ្រាយធំ។។

ការស្រាវជ្រាវមូលដ្ឋាន គឺជាសកម្មភាពការស្រាវជ្រាវដែលធ្វើឡើង ដើម្បីប្រមូល និងវិភាគទិន្នន័យអំពីវត្តមាន ប្រភេទ ការចែកចាយ និងបរិស្ថាននៃផលប៉ះពាល់របស់គ្រាប់មីន/សំណល់ជាតិផ្ទុះនៃសង្គ្រាម (ERW) ដើម្បីកំណត់ឱ្យកាន់តែច្បាស់ថាតើផលប៉ះពាល់របស់គ្រាន់មីន/សំណល់ជាតិផ្ទុះនៃសង្គ្រាម មាននិងគ្មាននៅឯណា ដើម្បីគាំទ្រ ការធ្វើផែនការ ការកំណត់អាទិភាព និងដំណើរការធ្វើការសម្រេចចិត្ត។ នីតិវិធីស្រាវជ្រាវមូលដ្ឋាននឹងដំណើរការដោយប្រើប្រភេទនៃចំណាត់ថ្នាក់ដីសំខាន់ៗចំនួនបី៖
- ចំណាត់ថ្នាក់ A: តំបន់គ្រាប់មីន (ផ្ទៃដីដែលបង្ហាញភស្តុតាងនៃគ្រាប់មីន)
- ចំណាត់ថ្នាក់ B: តំបន់សង្ស័យ (ផ្ទៃដីដែលបង្ហាញពីភស្តុតាងពីសំណល់ជាតិផ្ទុះនៃសង្គ្រាម ឬវត្តមាននៃគ្រាប់មីនដែលមិនទាន់អាចកំណត់ទីតាំងបាន)
- ចំណាត់ថ្នាក់ C : តំបន់សុវត្ថិភាព (ផ្ទៃដីដែលមិនមានការគំរាមកំហែងជាក់ស្តែងពីគ្រាប់មីន)

ការស្រាវជ្រាវមិនបច្ចេកទេស គឺដើម្បីបញ្ជាក់ថាតើមានឬគ្មានភស្តុតាងនៃគ្រោះថ្នាក់ ក៏ដើម្បីកំណត់ប្រភេទ និងទំហំនៃគ្រោះថ្នាក់ រួមទាំងដើម្បីកំណត់ពីលទ្ធភាព ចំពោះបរិវេណនៃតំបន់គ្រោះថ្នាក់ដែលសង្ស័យថាអាចកើតឡើង ដោយគ្មានការអន្តរាគមន៍ដោយផ្ទាល់។

បច្ចេកទេសស្រាវជ្រាវបច្ចេកទេស គឺជាដំណើរការមួយដែលមានការចូលដោយផ្ទាល់ក្នុងតំបន់គ្រោះថ្នាក់ ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ សម្រាប់ធ្វើការវាយតម្លៃជាព័ត៌មានអំពីតម្រូវការសម្រាប់ការបោសសម្អាត។ ខណៈពេលដែលនីតិវិធីស្រាវជ្រាវបច្ចេកទេស អាចជាសកម្មភាពដាច់ដោយឡែក ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ វាត្រូវបានរួមបញ្ចូលនៅក្នុងដំណើរការបោសសម្អាត ហើយអាចត្រូវបានធ្វើឡើងមុន ឬអំឡុងពេលបោសសម្អាត។ នីតិវិធីស្រាវជ្រាវបច្ចេកទេស នឹងបញ្ជាក់ពីវត្តមានរបស់គ្រាប់មីន/សំណល់ជាតិផ្ទុះនៃសង្គ្រាម ដែលនាំទៅរកការកំណត់បន្ថែមអំពីផ្ទៃដី ដោយប្រើស្តង់ដារចំណាត់ថ្នាក់ដី។

ការកាត់បន្ថយផ្ទៃដី

ការកាត់បន្ថយផ្ទៃដីគឺជាដំណើរការនៃការអនុវត្តកិច្ចខិតខំប្រឹងប្រែងក្រោមហេតុផលទាំងឡាយ ដើម្បីកំណត់អត្តសញ្ញាណនិងបោសសម្អាត ព្រមទាំងដកចេញនូវតំបន់សង្ស័យនៃផលប៉ះពាល់របស់គ្រាប់មីន/សំណល់ជាតិផ្ទុះនៃសង្គ្រាម (ERW) ដោយ៖ នីតិវិធីស្រាវជ្រាវមិនបច្ចេកទេស នីតិវិធីស្រាវជ្រាវបច្ចេកទេស និង/ឬ ការបោសសម្អាត។

ការគ្រប់គ្រងព័ត៌មាន

ការគ្រប់គ្រងព័ត៌មានគឺជាផ្នែកសំខាន់មួយនៃសកម្មភាពកម្ចាត់មីនទាំងអស់។ វាផ្ដោតទៅលើដំណើរការនៃតម្រូវការការកំណត់អត្តសញ្ញាណព័ត៌មានបន្តបន្ទាប់ ការប្រមូល ការវិភាគ និងការផ្តល់ព័ត៌មានទាន់ពេលវេលាដល់ភាគីដែលពាក់ព័ន្ធនឹងសកម្មភាពមីន។ រួមបញ្ចូលទាំងការគាំទ្រដល់អង្គភាពសកម្មភាពមិនពាក់ព័ន្ធនឹងវិស័យមីន ដូចជាម្ចាស់ជំនួយ អង្គភាពរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន អ្នកស្រាវជ្រាវ និងសកម្មភាពអភិវឌ្ឍន៍ផ្សេងៗទៀត។ ការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព ធានាថាអ្នកគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងអ្នកពាក់ព័ន្ធផ្សេងទៀត មានសិទ្ធិទទួលបានព័ត៌មាននៅពេលធ្វើការសម្រេចចិត្ត។

សកម្មភាពការស្រាវជ្រាវបច្ចុប្បន្ន