មណ្ឌលសត្វសុនខ

ទីតាំងនិងធនធាន

មជ្ឈមណ្ឌលសត្វសុនខ ស្ថិតក្រោមភាពជាម្ចាស់របស់ CMAC ប្រតិបត្តិការជាមួយក្រុមជំនាញជាន់ខ្ពស់ ដែលមានសមាជិកបុគ្គលិកចំនួន 45រូប ដែលយកចិត្តទុកដាក់លើទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការរបស់ខ្លួន។ កម្លាំងការងារចម្រុះនេះ មានទំនួលខុសត្រូវលើការបង្កាត់ពូជសុនខ ការបង្វឹកទាំងកូនសុនខ និងសុនខពេញវ័យ ការថែទាំសត្វសុនខ ការគ្រប់គ្រងទ្រុងសុនខ និងជួយសម្រួលដល់វគ្គបង្វឹកសារឡើងវិញផ្សេងទៀត។ ជំនាញ និងការប្តេជ្ញាចិត្តរបស់បុគ្គល ទាំងនេះហើយដែលអាចបណ្ដាលឱ្យមជ្ឈមណ្ឌលសត្វសុនខ ដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។ ចាប់ពីការបង្កាត់ពូជ ការខិតខំចិញ្ចឹមសុនខ និងការបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ ដើម្បីបង្កើនការស្តាប់បង្គាប់ និងជំនាញសមត្ថភាពក្នុងការហិតមីន បុគ្គលិកមជ្ឈមណ្ឌលសត្វសុនខ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងសន្តិសុខ។

ការបង្កាត់ពូជ

ដើម្បីធានាបាននូវការមើលថែសត្វសុនខ ប្រកបដោយនិរន្តរភាពនៅក្នុងវិស័យសកម្មភាពមីន និងគោលបំណងផ្សេងទៀត CMAC ពឹងផ្អែកលើកម្មវិធីបង្កាត់ពូជដោយខ្លួនឯង។ សត្វសុនខដែលបង្កើតចេញពីកម្មវិធីបង្កាត់ពូជ មិនត្រឹមតែសម្រាប់ប្រើប្រាស់ផ្ទៃក្នុងរបស់ CMAC ដើម្បីគាំទ្រដល់បេសកកម្មដែលកំពុងដំណើរការ និងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្តានុពលនៃការនាំចេញនូវសត្វសុនខគុណភាព ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការហិតរាវរកមីន ទៅក្រៅប្រទេសផងដែរ។
កម្មវិធីនេះផ្តោតជាសំខាន់លើការជ្រើសរើសកូនសុនខដែលមានគុណភាព រួមទាំងការពិចារណាអំពីអាយុ និងពេលវេលាល្អបំផុតសម្រាប់ការបង្កាត់ពូជ។ ជាធម្មតា សុនខញីរបស់ CMAC អាច បង្កើតកូនបានជាមធ្យមពី 07 ទៅ 12 ក្បាលក្នុងមួយសម្រុក។ ប្រហែល 60 ទៅ 70 ភាគរយនៃកូនសុនខក្នុងមួយសម្រុក ដែលអាចត្រូវបានបណ្តុះបណ្តាល ឱ្យក្លាយជាសត្វសុនខដែលមានជំនាញ។

កម្មវិធីហ្វឹកហ្វឺន

វគ្គហ្វឹកហ្វឺនសម្រាប់សត្វសុនខហិតមីន (MMDs) ត្រូវចាប់ផ្តើមនៅពេលដែលសត្វសុនខនៅក្មេងបំផុតតាមដែលអាចធ្វើទៅបាន។ មានដំណាក់កាលសំខាន់ៗមួយចំនួននៅក្នុងជីវិតរបស់សត្វសុនខ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការបង្វឹក និងឥរិយាបថរបស់ពួកគេ ហើយភាគច្រើននៃរឿងទាំងនេះកើតឡើងក្នុងសប្តាហ៍ដំបូង។ មិនមែនសត្វសុនខទាំងអស់ អាចត្រូវបានបង្វឹកសម្រាប់ប្រតិបត្តិការហិតរាវរកមីននោះទេ។ សុនខត្រូវតែមានលក្ខណៈធម្មជាតិ និងលក្ខណៈមួយចំនួន ដែលអាចត្រូវបានបង្កើតឡើងក្នុងអំឡុងពេលហ្វឹកហាត់។ ដំណើរការនៃការជ្រើសរើស និងបង្វឹកសត្វសុនខដែលមានសក្តានុពល ឲ្យក្លាយជាសត្វសុនខហិតមីន គឺពិបាកខ្លាំងណាស់ ហើយពាក់ព័ន្ធនឹងសមត្ថភាពក្នុងការមើលឃើញ នូវសក្តានុពលនៅក្នុងសត្វសុនខនីមួយៗ។ CMAC បានបន្តស្វែងរកការច្នៃប្រឌិតថ្មី ដើម្បីកែលម្អការហ្វឹកហ្វឺន និងដាក់ពង្រាយសត្វសុនខនៅក្នុងតំបន់ចម្ការមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការពង្រីកជំនាញសមត្ថភាពក្នុងការហិតរកមីនរបស់សត្វសុនខ បូករួមទាំងការអនុវត្តការហ្វឹកហ្វឺនបច្ចុប្បន្ន សម្រាប់សត្វសុនខស្រាវជ្រាវបច្ចេកទេសគ្រាប់បែកចង្កោម។