Women, Peace & Security (WPS)

Background and Statistics

បញ្ហាចំពោះស្ត្រី សន្តិភាព និងសន្តិសុខ (WPS) គឺមានសារៈសំខាន់ សម្រាប់ការងាររបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ព្រោះការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ គឺជាកត្តាចាំបាច់ សម្រាប់ការសម្រេចបាននូវសន្តិភាព និងសន្តិសុខយូរអង្វែង។ CMAC គាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់បញ្ចូលស្ត្រីក្នុងប្រតិបត្តិការដោះមីន ដោយទទួលស្គាល់ថា ការចូលរួមរបស់ស្ត្រី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងនាំមកនូវទស្សនវិស័យចម្រុះដល់វិស័យសកម្មភាពមីន។ តាមរយៈការបណ្តុះបណ្តាលស្ត្រីអ្នកដោះមីន ការលើកកម្ពស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រីនៅក្នុងកម្មវិធីផ្សេងៗ ការយល់ដឹងពីសហគមន៍ CMAC មិនត្រឹមតែរួមចំណែកដល់សហគមន៍ដែលមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់គោលដៅទូលំទូលាយនៃគោលការណ៍ ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ផងដែរ។ ការប្តេជ្ញាចិត្តនេះជួយធានាថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារសកម្មក្នុងការកសាងសន្តិភាព និងចូលរួមសកម្មភាពនៅក្នុងសហគមន៍របស់ពួកគេផងដែរ។
គួរបញ្ជាក់ដែរថា បុគ្គលិករបស់ CMAC មានចំនួន ១,៧៨៩នាក់ ដែលក្នុងនោះប្រហែល ១៨% ជាស្ត្រី (គិតត្រឹមចុងឆ្នាំ ២០២៣)។

គោលនយោបាយ

រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ប្រជាពលរដ្ឋទាំងអស់មានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយទទួលបានសិទ្ធិ និងសេរីភាពដូចគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា និន្នាការនយោបាយ ទីកន្លែងកំណើត ស្ថានភាពសង្គម ទ្រព្យសម្បត្តិ ឬភាពខុសគ្នាផ្សេងឡើយ។ ស្របតាមអន្តរាគមន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 1325 ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ មាន ការទទួលស្គាល់ដើម្បីធានាថាសកម្មភាពមីន និង កម្មវិធីការយល់ដឹងអំពីមីន ដោះស្រាយតម្រូវឲ្យមានសមភាពយេនឌ័រចំពោះ ស្ត្រី និងកុមារី។ អាស្រ័យហេតុនេះ កិច្ចខិតខំប្រឹងប្រែង ក្នុងវស័យសកម្មភាពមីន មានគោលបំណងបង្កើនប្រសិទ្ធភាពនៃសមភាពសម្រាប់ស្ត្រី កុមារី ក្មេងប្រុស និងបុរសមកពីមជ្ឈដ្ឋានចម្រុះ។ ប្រទេសកម្ពុជាបាននិងកំពុងធ្វើការ ដើម្បីធានាការរួមបញ្ចូលការពិចារណាអំពីយេនឌ័រ ទៅក្នុងវិស័យសកម្មភាពមីន ដែលជាផ្នែកនៃយុទ្ធសាស្ត្រសកម្មភាពមីនជាតិ (NMAS) 2018-2025 ជាពិសេសនៅក្រោមគោលដៅទី 8 គោលដៅទី 3។

ប្រវត្តិរូប

កញ្ញា អ៊ុំ សុភាវី

កើតនៅឆ្នាំ១៩៨៨ កញ្ញា អ៊ុំ សុភាវី មានសញ្ញាបត្រផ្នែកភាសាអង់គ្លេស និងធនាគារ & ហិរញ្ញវត្ថុ។ បន្ទាប់ពីធ្វើការជាអ្នកបកប្រែ កញ្ញាបានចូលបម្រើការងារនៅ CMAC ក្នុងឆ្នាំ 2014 ដែលទីបំផុតកញ្ញាត្រូវបានឡើងកាន់តំណែង ជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគ្រប់គ្រងគម្រោងនៅឆ្នាំ 2018។ កញ្ញា សុភាវី បានដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងគម្រោង CMAC ជាង 30 គម្រោងក្នុងមួយឆ្នាំ ដោយធ្វើការសម្របសម្រួលជាមួយម្ចាស់ជំនួយ នាយកដ្ឋាន និងកងឯកភាពកម្ចាត់មីនផ្សេងៗ។ កញ្ញា ក៏ជាអ្នកតស៊ូមតិសម្រាប់ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីនផងដែរ តាមរយៈការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ។ ថ្មីៗនេះ កញ្ញាបានប្រឡងជាប់ MBA ពីប្រទេសជប៉ុន ហើយត្រលប់មកអង្គភាព CMAC វិញ ក្នុងតំណែងជាប្រធាននាយកធនធានមនុស្ស។

អ្នកស្រី សុខ សារី

កើតនៅឆ្នាំ១៩៨៧ អ្នកស្រី សុខ សារី ធំដឹងក្តីក្នុងគ្រួសារកសិករនៅខេត្តបាត់ដំបង។ ក្រោយពីការដើរតាមគន្លងរបស់ឪពុកគាត់ ដែលធ្លាប់បម្រើការងារនៅស៊ី CMAC អ្នកស្រី សុខ សារី បានចូលជាបុគ្គលិកអង្គភាពនេះក្នុងឆ្នាំ 2019។ ផ្ដើមចេញដំបូងពីអ្នកឯកទេសកម្ចាត់មីន ដែលតាមរយៈការងារដ៏ឆ្នើមរបស់គាត់ បានធ្វើឱ្យគាត់ទទួលបានតំណែងជាអ្នកបញ្ជាគ្រឿងចក្រកម្ទេចមីននៅឆ្នាំ 2021។ ទោះបីជាការងារនេះមានបញ្ហាប្រឈមក៏ដោយ ក៏អ្នកស្រី សុខ សារី នៅតែប្តេជ្ញាធានាសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជាតាមរយៈការបោសសម្អាតមីន។ បច្ចុប្បន្នអ្នកស្រីរស់នៅជាមួយគ្រួសារ រួមទាំងកូនពីរនាក់ ខណៈពេលនៅតែកំពុងបន្តការងារនេះជាមួយ CMAC ។

អ្នកស្រី លឿង ម៉ាលីន

កើតនៅឆ្នាំ ១៩៩៥ នៅរាជធានីភ្នំពេញ អ្នកស្រី ម៉ាលីន ឪពុករបស់គាត់ជាបុគ្គលិករបស់ CMAC បានជំរុញលើកទឹកចិត្តឲ្យចូលរួមក្នុងអង្គភាពនេះ។ អ្នកស្រី បានបញ្ចប់ការសិក្សានៅវិទ្យាល័យនៅក្នុងឆ្នាំ 2014 ប៉ុន្តែដោយមិនអាចបន្តការសិក្សាបន្ថែមទៀតបាន ព្រោះបញ្ហាហិរញ្ញវត្ថុ។ នៅឆ្នាំ ២០២០ អ្នកស្រីបានឆ្លងកាត់ដំណើរការជ្រើសរើសបុគ្គលិករបស់ CMAC ដោយជោគជ័យ ហើយបានចូលបម្រើការងារនៅកងឯកភាពកម្ចាត់មីនទី២ ក្នុងខេត្តបាត់ដំបង។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់គាត់ ត្រូវបានទទួលស្គាល់យ៉ាងឆាប់រហ័ស ដែលនាំឱ្យគាត់ផ្លាស់ប្តូរទៅកាន់អង្គភាពមុជទឹកពិសេស សម្រាប់ប្រតិបត្តិការក្រោមទឹក។ ការងាររបស់ អ្នកស្រី ម៉ាលីននៅ CMAC បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការបោសសម្អាតមីន និងធានាឲ្យកម្ពុជាមានសុវត្ថិភាពជាងមុន។

អ្នកស្រី សូ ម៉ាឡែន

អ្នកស្រី សូ ម៉ាឡែន កើតនៅឆ្នាំ១៩៨៦ នៅក្នុងខេត្តស្វាយរៀង ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី 9 ក្នុងឆ្នាំ 2003 អ្នកស្រីបានធ្វើការក្នុងឧស្សាហកម្មរោងចក្រកាត់ដេរ មុនពេលចូលបម្រើការងារនៅ CMAC ក្នុងឆ្នាំ 2009។ អ្នកស្រីបានទទួលការបណ្តុះបណ្តាលជាអ្នកដោះមីនតាមសហគមន៍ អ្នកស្រី ម៉ាឡែន បានធ្វើការនៅក្នុងខេត្តព្រះវិហារ និងខេត្តបាត់ដំបង ជាកន្លែងដែលគាត់បានរកឃើញមីនប្រឆាំងមនុស្ស និងប្រឆាំងរថក្រោះជាច្រើន។ ក្នុងឆ្នាំ 2016 គាត់ត្រូវបានបណ្តុះបណ្តាលឱ្យក្លាយជាអ្នកបង្វឹកសត្វកណ្ដុរហិតមីន ដែលជាសត្វកណ្តុរដែលត្រូវបានហ្វឹកហ្វឺនជាពិសេស សម្រាប់បម្រើការងារក្នុងវិស័យហិតរាវរកមីន ។ ការងាររបស់គាត់បានធ្វើឱ្យគាត់ទទួលបានមេដាយមាសសម្រាប់ភាពក្លាហានរបស់គាត់ ។ ទោះបីជាមានបញ្ហាប្រឈមក្នុងការធ្វើការជាមួយសត្វកណ្តុរក៏ដោយ ក៏ អ្នកស្រី ម៉ាឡែន មានមោទនភាព ចំពោះការរួមចំណែករបស់គាត់ក្នុងការបោសសម្អាតមីននៅកម្ពុជា។

អ្នកស្រី ឌុល សារ័ត្ន

កើតនៅឆ្នាំ១៩៩០ ក្នុងខេត្តកំពង់ឆ្នាំង អ្នកស្រី ឌុល សារ័ត្នបានជួបប្រទះនឹងស្ថានភាពគ្រួសារយ៉ាងលំបាក ក្រោយឪពុកម្តាយរបស់អ្នកស្រីទទួលមរណភាព។ ក្រោយមកអ្នកស្រីបានចូលបម្រើការងារនៅ CMAC ក្នុងឆ្នាំ ២០២០ ជាអ្នកជំនាញផ្នែកដោះមីន។ ជំនាញរបស់អ្នកស្រីក្នុងការប្រើប្រាស់ឧបករណ៍ ALIS (Advanced Landmine Imaging System) ដែលជាឧបករណ៍សម្រាប់រាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) បានបណ្ដាលឲ្យអ្នកស្រីធ្វើដំណើរកាន់តំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ2024 អ្នកស្រី ត្រូវបានដំឡើងឋានៈឱ្យអ្នកបញ្ជាគ្រឿងចក្រកម្ទេចមីននៅក្នុងខេត្តកំពង់ធំ។ ទោះបីជាមានហានិភ័យគ្រោះថ្នាក់នៃការងារក៏ដោយ ក៏អ្នកស្រី សារ័ត្ន ប្តេជ្ញាធានាសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។

អ្នកស្រី គួន សុផល

អ្នកស្រី គួន សុផល កើតក្នុងឆ្នាំ ១៩៨៦ នៅក្នុងខេត្តកំពត ដោយមកពីគ្រួសារកសិករដែលជួបការលំបាកខាងសេដ្ឋកិច្ច។ នៅឆ្នាំ2006 បន្ទាប់ពីបានដឹងពីឱកាសជ្រើសរើសបុគ្គលិកនៅ CMAC អ្នកស្រី បានចូលរួមជាមួយក្រុមអ្នកដោះមីនតាមសហគមន៍ដោយជោគជ័យ។ តាមរយៈការធ្វើការដ៏ឆ្នើមរបស់គាត់ក្នុងការដោះមីន ធ្វើឲ្យគាត់ទទួលបានវិញ្ញាបនប័ត្រសរសើរចំនួនពីរក្នុងឆ្នាំ 2010 និង 2013។ ជាអកុសលខណៈពេលដែលនាងកំពុងបំពេញកាតព្វកិច្ច គាត់បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យបាត់បង់ដៃឆ្វេងរបស់គាត់។ បន្ទាប់ពីឧប្បត្តិហេតុនេះ អ្នកស្រី បានផ្លាស់ប្តូរពីតួនាទីពីអ្នកដោះមីន ទៅជាមន្ត្រីរដ្ឋបាលនៅទីបញ្ជាការ CMACវិញ ដោយបន្តការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីននៅកម្ពុជា។