7 កក្កដា 2024
ទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានទទួលស្វាគមន៍ បដិសណ្ឋារកិច្ច និងពិភាក្សាការងារជាមួយលោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន។
ថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានទទួលស្វាគមន៍ បដិសណ្ឋារកិច្ច និងពិភាក្សាការងារជាមួយលោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន។ ក្នុងជំនួបពិភាក្សាការងារដ៏មានសារសំខាន់នេះ ឯកឧត្តមប្រតិភូបានជម្រាបជូនលោកជំទាវ រដ្ឋមន្រ្តីការបរទេសជប៉ុន ពីប្រវត្តិសង្គ្រាមនៅកម្ពុជា បញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដំណើរការនៃការកសាងសន្តិភាព ការអភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ និងបានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់លើការងារបោសសម្អាតមីននៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ រដ្ឋមន្រ្តីការបរទេសជប៉ុន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា។ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បានសម្តែងនូវគោរពចំពោះអង្គភាពស៊ីម៉ាក់ដែលមានស្ត្រី២០ភាគរយ បានបម្រើការក្នុងសកម្មភាពដោះមីនមនុស្សធម៌ ដែលរួមចំណែកដល់ការពង្រឹងសន្តិភាព និងសន្តិសុខរបស់ស្ត្រី។ អង្គភាពសុីម៉ាក់ ក៏បានបញ្ជាក់ពីជំហក្នុងការគាំទ្រយ៉ាងពេញទំហឹងលើ “គំនិតផ្តួចផ្តើមនៃសកម្មភាពកម្ចាត់មីនកម្ពុជា-ជប៉ុន” ដែលលោកជំទាវបានប្រកាស។ សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់មានចំនួនប្រមាណជាង២០០លានដុល្លាអាម៉េរិកដោយផ្ដល់តាមរូបភាព៣សំខាន់គឺ ១) ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាពCMAC ២) ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាពCMAC និង ៣) ការផ្ដល់ជាជំនួយសម្ភារៈបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស។ ជារួម ក្នុងដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្ដរបស់លោកជំទាវ រដ្ឋមន្រ្តីការបរទេសជប៉ុន មកកាន់អង្គភាពស៊ីម៉ាក់នេះ ឯកឧត្តមប្រតិភូមានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាលើវិស័យមីននេះ រដ្ឋាភិបាលនិងប្រជាជនជប៉ុននឹងបន្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសអង្គភាពCMACក្នុងការកម្ចាត់ចោលគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ធានាសុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ទន្ទឹមនឹងនេះ អង្គភាពស៊ីម៉ាក់រីករាយក្នុងការចូលរួមចែករំលែកបទពិសោធន៍ជាមួយបណ្ដាប្រទេស ដែលមានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។