4 មេសា 2025
ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ជណ្ដើរ សារមន្ទីរតេជោសន្ដិភាព
សៀមរាបៈ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល អញ្ជើញបញ្ចុះបឋមសិលាសាងសង់ជណ្ដើរ សារមន្ទីរតេជោសន្ដិភាព នៅខេត្ដសៀមរាប ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានអញ្ជើញជាអធិបតី ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ជណ្ដើរ សារមន្ទីរតេជោសន្ដិភាព។ ពិធីនេះប្រារព្ធ ធ្វើឡើងនៅថ្ងៃទី៤ ខែមេសាឆ្នាំ២០២៥ នៅសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ ពិធីបញ្ចុះបឋមសីលានេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនា និងមានពីធីថ្វាយនូវគ្រឿងសក្ការៈ អុចធូបបួងសួងដល់បារមីវត្ថុស័ក្តសិទ្ធ ព្រះសង្ឃសូត្រជយន្ដោ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ដល់ការសាងសង់ជណ្ដើរឡើងចូលសារមន្ទីរតេជោសន្តិភាព។ ឯកឧត្ដម ហេង រតនា បានលើកឡើងថា ពិធីបញ្ចុះបឋមសិលាកសាងផ្លូវជណ្តើរសារមន្ទីរតេជោសន្តិភាពមានប្រវែងបណ្តោយ២៧៥ម៉ែត្រ និងទទឹង២០.៥ម៉ែត្រ អមដោយចម្លាក់តោ ក្បាលនាគ និងបង្កាន់ក្បាច់ ព្រមទាំងនៅក្បែកន្លែងសាសង់ទីតាំងសម្រាប់គោរពវិញ្ញាណខន្ធផងដែរ។ បឋមសិលា ស្ថិតនៅចំណុចកណ្ដាលជណ្ដើរឡើងចំអគារសារមន្ទីរតេជោសន្ដិភាព ដែលបាននឹងកំពុងកសាងក្រោមជំនួយពីប្រទេសជប៉ុន ខណៈដែលសារមន្ទីរតេជោសន្តិភាពនេះ មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់និងយុទ្ធភណ្ឌសង្គ្រាម។ អគារមួយក្នុងចំណោមអគារសំខាន់ៗនៃសារមន្ទីរតេជោសន្ដិភាព គឺជាសំណង់អាគារប្រវត្តិសាស្ត្រសង្គ្រាម ដែលជាជំនួយពីរាជរដ្ឋាភិបាលជប៉ុន មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយវានឹងអាចក្លាយជាអគារ ដែលមានរាងគ្រាប់មីនប្រឆាំងមនុស្ស ប្រភេទ (PMN) ធំជាងគេនៅក្នុងពិភពលោក។ អគារដែលកំពុងសាងសង់នោះដោយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦។ សារមន្ទីរតេជោសន្ដិភាពនេះ គឺជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏កម្សត់មួយនេះ។