8 មេសា 2025
ពិធីបិទសិក្ខាសាលាស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល នៃទិន្នន័យប្រតិបត្តិការ របស់អង្គភាពCMAC និងគម្រោងបញ្ញាសិប្បនិម្មិត (AI) “ គាំទ្រដោយរដ្ឋាភិបាលជប៉ុន ។
ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការ កណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោកបណ្ឌិត ហ្វ្លាវីអូ ស៊ីរ៉ីឡូ តំណាងក្រុមហ៊ុនNEC បានចូលរួមធ្វើជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល នៃទិន្នន័យប្រតិបត្តិការ របស់អង្គភាពCMAC និងគម្រោងបញ្ញាសិប្បនិម្មិត (AI) “ គាំទ្រដោយរដ្ឋាភិបាលជប៉ុន ។ សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មានការចូលរួមពីអ្នកជំនាញរបស់ក្រុមហ៊ុនNEC មកពីប្រទេសអាឡឺម៉ង់និងប្រទេសជប៉ុន ចំនួន០៣រូប និងមន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ចំនួន១៧រូប។ នេះជាសិក្ខាសាលាលើកទី៣ បន្ទាប់ពីអង្គភាពCMAC និងក្រុមហ៊ុនNEC បានរៀបចំសិក្ខាសាលាដូចគ្នានេះចំនួន២ដងរួចមកហើយ។ ជាលទ្ធផល តាមរយៈសិក្ខាសាលាចំនួន០២ថ្ងៃខាងលើ អង្គភាពCMAC និងក្រុមហ៊ុនNEC បានពិភាក្សាអំពីការបណ្តុះបណ្តាលជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នីតិវិធីនៃការស្រាវជ្រាវព័ត៌មានចម្ការមីនដែលជាព័ត៌មានចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត ការផ្ទៀងផ្ទាត់លទ្ធផលព័ត៌មានក្រោយទទួលបានពីការវិភាគ/ព្យាករណ៍របស់ប្រព័ន្ធទិន្នន័យAI ការពិភាក្សាអំពីការកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាតដើម្បីធ្វើឲ្យប្រសើឡើងសមត្ថភាពដំណើរការនៃប្រព័ន្ធទិន្នន័យ AI ព្រមទាំងការផ្តល់សម្ភារៈបំពាក់កម្មវិធីរួមមានប្រពន្ធ័ផ្ទុកទិន្នន័យ កុំព្យូទ័រ និងកម្មវិធីSoftware។ មានប្រសាសន៍នៅក្នុងពិធីបិទវគ្គសិក្ឋាសាលា លោកបណ្ឌិត ហ្វ្លាវីអូ ស៊ីរ៉ីឡូ អ្នកវិទ្យាសាស្រ្តស្រាវជ្រាវជាន់ខ្ពស់មកពីក្រុមហ៊ុនNECបានថ្លែងថា លោកពិតមានភាពសប្បាយរីករាយដោយឃើញមានការពិភាក្សាគ្នាយ៉ាងផុសផុលដើម្បីប្រែក្លាយការប្រើប្រាស់បញ្ញាសិប្បនិម្មិតឱយបានជាប្រយោជន៍សម្រាប់ការរួមបញ្ចូលនៅក្នុងប្រតិបត្តិការបោសសម្អាតមីនដើម្បីពន្លឿនលទ្ធផលនៃគោលដៅប្រតិបត្តិការ។ លោកបានបន្ថែមថានេះជាការបិទបញ្ចប់នៃសិក្ខាសាលានៃគម្រោងឆ្នាំទីមួយ ក៏ប៉ុន្តែវាទើបតែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានកោតសរសើរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃអង្គសិក្ខាសាលាចុងក្រោយននេះ តែបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល១ឆ្នាំ នេះ ជាដំណាក់កាលអភិវឌ្ឍន៍បំពាក់ប្រព័ន្ធSaver រៀបចំប្រព័ន្ធបំប៉នចំណេះដឹងដោយបង្រៀនAIឱ្យចេះស្វែងយល់ពីព័ត៌មាន។ ឯកឧត្តមប្រតិភូមានសុទិដ្ឋិនិយមថា ភាគីជប៉ុននឹងបន្តការជ្រោមជ្រែងនូវគម្រោងប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់គម្រោងរយៈពេល២ឆ្នាំខាងមុខទៀត ពោលគឹឆ្នាំ ២០២៥ដល់២០២៧ ដើម្បីជាប្រយោជន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ(SOP) ហ្វឹកហ្វឺនមន្ត្រីជំនាញអនុវត្តជាក់ស្តែង ផ្សព្វផ្សាយការប្រើប្រាស់ប្រពន្ធ័ទិន្ន័យAIនេះយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រតិភូក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការបន្តការប្តេជ្ញាចិត្ត និងការគាំទ្រយ៉ាងមុតមាំចំពោះសកម្មភាពមីនជាពិសេសអង្គភាពស៊ីម៉ាក់។ ឯកឧត្តមប្រតិភូក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការសាកល្បងប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះ មិនអាចមកជំនួសការងាររបស់អ្នកជំនាញទាំងស្រុងបានឡើយ ក៏ប៉ុន្តែជាឧបករណ៍មួយដែលអាចជួយសម្រួលដល់ការងារប្រតិបត្តិការ និងជួយបង្កើនប្រសិទ្ធភាពនៃវិស័យសកម្មភាពកម្ចាត់មីនប៉ុណ្ណោះ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដែលក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលជាផ្នែកមួយសំខាន់និងជាអាទិភាព។ ដើម្បីចូលរួមអនុវត្តកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព អង្គភាពCMAC បានខិតខំកៀរគរជំនួយពីរដ្ឋាភិបាលជប៉ុនទាំងសម្ភារៈ និងបច្ចេកទេសដើម្បីពង្រឹងប្រព័ន្ធទិន្នន័យប្រតិបត្តិការ ដោយប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) តាមបែបឌីជីថលនេះផងដែរ៕