3 ឧសភា 2025
ជំនួបជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិក ដែលជាសាក្សីរស់ក្នុងសង្គ្រាមនៅឥណ្ឌូចិន និងការទម្លាក់គ្រាប់បែកនៅកម្ពុជា
ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិក ដឹកនាំដោយលោក John McAuliff នាយកប្រតិបត្តិមូលនិធិការផ្សះផ្សាឡើងវិញនិងការអភិវឌ្ឍ និងលោកCharles Clements ជាសាស្ត្រាចារ្យមកពីសកលវិទ្យាល័យ Harvard និងជាអ្នកនិពន្ធដ៍ល្បីឈ្មោះមួយរូប ក្រោមចំណងជើងថា "សាក្សីនៃសង្គ្រាម Witness to War”។ លោកCharles Clements ជាអតីតៈអ្នកបើកបរយន្តហោះក្នុងសង្គ្រាមវៀតណាម។ នៅពេលមានការបញ្ជាឱ្យឈ្លានពាននិងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ លោកក៏បានលាឈប់។ លោកCharles Clement គឺជាសាក្សីរស់យ៉ាងសំខាន់មួយរូបក្នុងសង្គ្រាមនៅឥណ្ឌូចិននិងការទម្លាក់គ្រាប់បែកនៅកម្ពុជា និងជាសកម្មជនមួយរូបយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រាប់មីនផងដែរ។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូនូវកិច្ចប្រតិបត្តិការលើវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសរវាងអង្គភាពCMAC និងជំនួយក្នុងវិស័យសកម្មភាពមីនរបស់សហរដ្ឋអាម៉េរិក។ ឆ្លៀតឱកាសនេះ ឯកឧត្តមប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាសមាជិកសភាជាតិ ដែលបានជួយគាំទ្រក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាម៉េរិក នេះ ដើម្បី ផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ជាមួយគ្នា។ ឯកឧត្តម ហេង រតនា បានបង្ហើបថា លោក Clements ជាសាក្សីរស់ដ៏សំខាន់ម្នាក់នៃសង្រ្គាមនៅតំបន់ឥណ្ឌូចិន និងនៃការទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា។ លើសពីនេះ លោកក៏ជាសកម្មជនសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនផងដែរ។ លោក Clements កត់សម្គាល់ថា ឯកឧត្តម ហេង រតនា ចែករំលែកចំណេះដឹងផ្ទាល់ និងព័ត៌មានប្រវត្តិសាស្ត្រពីការចូលរួមរបស់យោធាសហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមឥណ្ឌូចិន ជាពិសេសទាក់ទងនឹងយុទ្ធនាការទម្លាក់គ្រាប់បែកដែលជះឥទ្ធិពល ដល់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ដែលជាព័ត៌មានមានប្រយោជន៍សម្រាប់ជួយកំណត់អត្តសញ្ញាណតំបន់ទម្លាក់គ្រាប់បែកដែល គ្មានឯកសារកត់ត្រាពីមុន។ ក្នុងអំឡុងពេលកិច្ចប្រជុំ មួយកាលពីថ្ងៃសៅរ៍ លោក Clements បានចែករំលែកផ្នែកខ្លះនៃប្រវត្តិសាស្ត្រ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក្នុងអំឡុងសង្គ្រាមវៀតណាមផងដែរ គាត់ក៏បានបង្ហាញថាគាត់នឹងផ្តល់ឱ្យកម្ពុជានូវព័ត៌មានមួយចំនួនដែលគាត់មាន ខណៈដែលកម្ពុជា មានទិន្ន័យមួយចំនួន ទាក់ទងនឹងការស្រាវជ្រាវគ្រាប់បែកចង្កោម និងការទម្លាក់គ្រាប់បែកពីលើអាកាស។
"ការផ្លាស់ប្តូរសក្ខីកម្ម និងព័ត៌មានបន្ថែមនេះនឹងគាំទ្រដល់ក្រុមស្រាវជ្រាវបច្ចេកទេសរបស់ អង្គភាពស៊ីម៉ាក់ ដែលបាននឹងកំពុងធ្វើបច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវលើទីតាំងផ្សេងៗ ជួយកំណត់គោលដៅកាន់តែត្រឹមត្រូវ មានប្រសិទ្ធភាព ចំណេញពេលវេលា និងមានសក្តានុពលក្នុងការស្វែងរក សាក្សីនៅក្នុងតំបន់ទាំងនោះ" ។ ការស្រាវជ្រាវ និង ស្វែងយល់ពីអត្តសញ្ញាណ តំបន់ដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌផ្សេងទៀតដែលបានទម្លាក់ក្នុងប្រទេសកម្ពុជាក្នុងសម័យសង្រ្គាម ត្រូវបានគេរំពឹងថានឹងបញ្ចប់ទូទាំងប្រទេសនៅចុងឆ្នាំនេះ។ ឯកឧត្តម ហេង រតនាបានមានប្រសាសន៍ថា “ដំបូងឡើយ ក្រុមការងារគ្រោងនឹងបញ្ចប់នៅខែតុលា ប៉ុន្តែដោយសារបញ្ហាប្រឈមមួយចំនួន កាលបរិច្ឆេទផុតកំណត់ ត្រូវបានពន្យារពេលដល់ចុងឆ្នាំនេះ។ ទោះជាយ៉ាងនេះក្តី យើងនៅតែសង្ឃឹមថា ការងារនេះនឹងបញ្ចប់ទាន់ពេលវេលា”។ ការស្រាវជ្រាវនេះបានប្រើប្រាស់ប្រព័ន្ធទិន្នន័យដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បូករួមជាមួយមូលទិន្នន័យមូលដ្ឋានផ្សេងៗទៀតដែលទាក់ទងនឹងការទម្លាក់គ្រាប់បែកក្នុងអំឡុងសង្គ្រាមវៀតណាម នៅទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ ទិន្នន័យទាំងនេះត្រូវបានប្រើសម្រាប់ជាជំនួយនាំទៅរកការស៊ើបអង្កេតនៅតាមទីតាំងនានា ដើម្បីប្រមូលភស្តុតាង និងសក្ខីកម្មពីសាក្សីរស់ដែលពាក់ព័ន្ធនឹងទីតាំងដែលបានទទួលរងការទម្លាក់គ្រាប់បែក។