30 ឧសភា 2025
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមគ្នានៃ “គម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពCMAC” រវាងអង្គភាព CMAC និង JICA
នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ រួមជាមួយអ្នកស្រី Eri Komukai ទីប្រឹក្សាជាន់ខ្ពស់មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំទីក្រុងតូក្យ និងលោក HIJIKAWA Kento លេខាទី២នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមគ្នានៃ “គម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពCMAC” ដោយផ្តោតលើការពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសដំណាក់កាលទី២។ គម្រោងនេះផ្តោតទៅលើសកម្មភាពស្នូលចំនួន៣សំខាន់រួមមាន ទំនាក់ទំនងអន្តរជាតិ ការស្រាវជ្រាវបច្ចេកវិទ្យានិងអភិវឌ្ឍន៍ សារមន្ទីរសន្តិភាព និងទំនាក់ទំនងសាធារណៈ។ កិច្ចប្រជុំនោះមានការចូលរួមពីមន្រ្តីមកពីនាយកដ្ឋានពាក់ព័ន្ធរបស់អង្គភាពCMAC មន្រ្តីJICA មកពីការិយាល័យកសាងសន្តិភាព និងក្រុមការងារប្រឹក្សាយោបល់ដើម្បីពិនិត្យនិងសម្រេចលើលទ្ធផលការពិភាក្សាអំពីសកម្មភាពអនុវត្តលម្អិតក្រោមគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសដំណាក់កាលទី២ នឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៥នេះតទៅ។
អ្នកស្រី Eri Komukai ទីប្រឹក្សាជាន់ខ្ពស់មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានមានប្រសាសន៍ថា “គម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពCMACដំណាក់កាលទី២នេះគឺចំណុចស្នូលមួយនៃអ្វីដែលបានលើកឡើងនៅក្នុង"គំនិតផ្តួចផ្តើមនៃសកម្មភាពកម្ចាត់មីនកម្ពុជា-ជប៉ុន" ដែលលោកជំទាវអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន លោកជំទាវ ខាមីខាវ៉ា យ៉ូកុ បានប្រកាសនៅក្នុងសន្និសិទ្ធសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាលើសកម្មភាពមីន។” ដោយឡែកចំពោះលោក HIJIKAWA Kento លេខាទី២នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងជាតំណាងស្ថានទូតជប៉ុនបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា “គម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពCMACដែលមានរយៈពេលបីឆ្នាំនេះនឹងរួមចំណែកក្នុងវិស័យសកម្មភាពមីនមិនត្រឹមតែចំពោះអង្គភាពCMACប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីនដែលអង្គភាពស៊ីម៉ាក់នឹងចែករំលែកទៅកាន់សាកលលោកផងដែរ។”
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងក្នុងនាមអង្គភាពជាតិបោសសម្អាតមីនរបស់រាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ សំដែងការអរគុណជាអនេគចំពោះរដ្ឋាភិបាលជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានផ្តល់ជំនួយលើកិច្ចសហប្រតិបត្តិការបច្ចេកទេស ផ្តល់ជូនអង្គភាពCMAC ដើម្បីគាំទ្រដល់សកម្មភាពកំចាត់មីននៃអង្គភាពជាតិមួយនេះឱយមានសមត្ថភាពបន្ថែមទៀត រួមជាមួយការចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីន ក៏ដូចជាការចែករំលែកការស្វែងរកសន្តិភាពតាមរយៈការបោសសម្អាតមីន ទៅកាន់ប្រទេសដែលទទួលរងគ្រោះដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម៕