ព័ត៌មាន

6 មិថុនា 2025

CMAC, JICA, JICS ចុះហត្ថលេខារួមគ្នាលើគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) បានចុះហត្ថលេខារួមគ្នា លើកំណត់ហេតុគណៈកម្មាធិការពិគ្រោះយោបល់នៃគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC ដែលជាហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ស្មើនឹងប្រមាណ៧,៨លានដុល្លាសហរដ្ឋអាម៉េរិក។ គម្រោងនេះ គឺដើម្បីពង្រឹងសមត្ថភាពអង្គភាពCMAC តាមរយ:ធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីនALIS  គ្រឿងយន្តរ៉ូបតជីកកាយមីន  រថយន្តពីរបាំង និងរថយន្តBus  ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់ផងដែរ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោក SANUI KAZUMASA បានកោតសរសើរនូវទំនាក់ទំនងល្អជាយូរអង្វែងក្នុងនាមជាដៃគូ រវាងអង្គភាព CMAC និង JICA ហត្ថលេខារួមគ្នា នៃគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC ដែលជាផ្នែកថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការួមគ្នា។

លោក FUJISAKI Seiyu ប្រធានគម្រោង (JICS) បានមានប្រសាសន៍ថា ក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន បានបេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ក្នុងការដំណើការលទ្ធកម្មសម្ភារបច្ចេកទេសសម្រាប់អង្គភាពស៊ីម៉ាក់ប្រកបដោយវិជ្ជាជីវៈ។ មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ហេង រតនា បញ្ជាក់ថានេះគឺជាការពន្លឿនទៅមុខនៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ បច្ចេកវិទ្យា និងសម្ភារៈគាំទ្រការបោសសម្អាតមីន ក៏ដូចជាការបណ្តុះបណ្តាលក្នុងវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយប្រសិទ្ធភាព ដែលជាជំនួយរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម៕