ព័ត៌មាន

16 មិថុនា 2025

គណៈប្រតិភូគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ធ្វើទស្សនកិច្ចមកកាន់អង្គភាពCMAC

នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបសម្តែងការស្វាគមន៍គណៈប្រតិភូសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ដឹកនាំដោយលោក Mr. Mohammed Goni Alkali នាយកប្រតិបត្តិនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាននៃប្រទេសនីហ្សេរីយ៉ាដើម្បីសិក្សាស្វែងយល់អំពីបទពិសោធន៍របស់ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់សម័យសង្រ្គាមជាង៣ទស្សវត្សរ៍ និងអំពីដំណើរការស្ដារនិងកសាងឡើងវិញក្រោយសង្រ្គាមការបង្រួបបង្រួមជាតិតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ការស្វែងយល់ឲ្យស៊ីជម្រៅពីដំណើរការកសាងសន្ដិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដំណើរការស្ដារនិងការកសាងឡើងវិញ ព្រមទាំងការអភិវឌ្ឍឡើងវិញលើគ្រប់វិស័យប្រកបដោយចីរភាព ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបោសសម្អាតមីន ។

តាមរយៈជំនួបពិភាក្សានេះ លោក Mohammed Goni Alkali បានសម្តែងនូវការកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញឡើងវិញប្រកបដោយភាពខ្លាំង ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្មភាពកំចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិ។ លោកសង្ឃឹមថា អង្គភាពCMAC និងចែករំលែកបទពិសោធន៍ដែលបានអនុវត្តប្រកបដោយជោគជ័យកន្លងមក លើការងារបោសសម្អាតមីនមនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជននៅក្នុងការការពារពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

គណប្រតិភូសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ពិតជាមានបំណងស្វែងយល់សន្តិភាពនិងសកម្មភាពកម្ចាត់មី&សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា (JICA) បានរៀបចំដំណើរទស្សនកិច្ចសិក្សានេះឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកបទពិសោធន៍សកម្មភាពកម្ចាត់មីនមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសមានបញ្ហាមីន&សំណល់យុទ្ធភណ្ឌសង្គ្រាមនៅលើពិភពលោក។ ជាក់ស្តែង អង្គភាពស៊ីម៉ាក់ត្រៀមសហការជាមួយប្រទសអហ្រិកចំនួន៥រួមមានប្រទេសនីហ្សេរីយ៉ា ស៊ូដង់ខាងត្បូង អេចូពី ស៊ូដង់ និងប្រទេសសូម៉ាលី ដើម្បីការហ្វឹកហ្វឺនសកម្មភាពមីនមនុស្សធម៌ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន។

សូមបញ្ជាក់ថា គណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាននៃប្រទេសនីហ្សេរីយ៉ាគឺជាស្ថាប័នមួយដែលមានតួនាទីសម្របសម្រួល និងផ្តួចផ្តើមគំនិតក្នុងគោលបំណងធ្វើឱ្យរដ្ឋភូមិភាគឦសាននៃប្រទេសនីហ្សេរីយ៉ាមានការអភិវឌ្ឍន៍ និងសកម្មភាពកម្ចាត់មីន ព្រមទាំងផ្តោតលើការងារសហគមន៍ដែលរងផលប៉ះពាល់ដោយសារការបះបោរ ភាពក្រីក្រ និងបញ្ហាប្រឈមបរិស្ថាន។ ក្រោយជំនួបសម្តែងការគួរសមគណៈប្រតិភូប្រទេសនីហ្សេរីយ៉ា នឹងធ្វើទស្សនកិច្ចនៅ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង, ទស្សនាចម្ការមីនក្នុងខេត្តបាត់ដំបង និងសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាបផងដែរ។