ព័ត៌មាន

9 កក្កដា 2025

អង្គភាពស៊ីម៉ាក់បិទវគ្គសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីជំនាញកិច្ចប្រតិបត្តិការនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ

នៅរសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់កម្ពុជា ហៅកាត់ថា (ស៊ីម៉ាក់) មានរៀបចំពិធីបិទសិក្ខាសាលាដែលបានប្រពឹត្តទៅអស់រយៈពេលបីថ្ងៃកន្លងមកហើយ ពោលគឺចាប់ផ្តើមពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់នៅរសៀលនេះ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។ សិក្ខាសាលានេះមានការចូលរួមពីគ្រប់ប្រធានកងឯកភាពកំចាត់មីនតាមបណ្តាខេត្តទាំង៦របស់អង្គភាព និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធសរុបប្រមាណ៤៥នាក់។ សិក្ខាកាមទាំងអស់បានចូលរួមចែករំលែកចំណេះដឹង ក៏ដូចជាស្វែងយល់បន្ថែមក្នងការពង្រឹងសមត្ថភាពមន្ត្រីជំនាញកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅតាមទីវាល។

សិក្ខាសាលារយៈពេល៣ថ្ងៃនេះ បានដាក់ចេញនូវរបៀបវរៈសំខាន់ៗចំនួន ១១ចំណុច ក្នុងការលើកយកមកពិភាក្សាគ្នា ដោយយោងតាមអនុសាសន៍ដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបន្តពង្រឹងការងារបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធមិនទាន់ផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ជាពិសេសការកែលម្អបច្ចេកទេសប្រតិបត្តិការរបស់កម្លាំងជំនាញឱ្យកាន់តែប្រសើរឡើងប្រកបដោយវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់។

អង្គសិក្ខាសាលានេះ ក៏បានចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា ព្រមទាំងបានលើកឡើងនូវចំណុចខ្លាំងនិងចំណុចខ្សោយ ដែលបានអនុវត្តកន្លងមកតាមកងឯកភាពនីមួយៗ ធ្វើការណែនាំកែលម្អ និងបំពេញបន្ថែមចំណុចខ្វះខាតនៅក្នុងកិច្ចប្រតិបត្តិការ សំដៅលើកកម្ពស់ការទទួលខុសត្រូវ ការគ្រប់គ្រង ការគោរពវិន័យសណ្តាប់ធ្នាប់ និងអនុវត្តច្បាប់បទដ្ឋានរបស់អង្គភាពCMAC ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួន។ មានប្រសាសន៍នៅក្នុងពិធីបិទបញ្ចប់សិក្ខាសាលានាឱកាសនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានផែនការ/ប្រតិបត្តិការ និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តី-បុគ្គលិកដែលបានចូលរួមសិក្ខាសាលាយ៉ាងសកម្ម ដើម្បីរួមចំណែកក្នុងបេសកកម្មបោសសម្អាតមីន រំដោះដីសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងតំបន់ដែលធ្លាប់រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនេះជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕