ព័ត៌មាន

30 កក្កដា 2025

មន្ត្រីស៊ីម៉ាក់ បានចុះ​ផ្សព្វផ្សាយយល់ដឹងពីមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។

កំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាប្រទេសថៃមកលើដែនអធិបតេយ្យកម្ពុជា ដែលបានចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺមានរយៈពេល៥ថ្ងៃ យោធាថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដូចជា យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និង ប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ មានប្រាសាទព្រះវិហាជាដើម សាលារៀន មណ្ឌលសុខភាព លំនៅដ្ឋាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ផលវិបាកនៃការ ប្រើប្រាស់សព្វាវុធទាំងនោះ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើន កន្លែងតាមបណ្តាខេត្តនានា។ ក្នុងកាលៈទេសៈបន្ទាន់និងចាំបាច់នេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ អង្គភាពស៊ីម៉ាក់ ប្រចាំទិស ខេត្តបន្ទាយមានជ័យ ព្រះវិហារ និងខេត្តសៀមរាប បានចាត់បញ្ជូនមន្ត្រីផ្សព្វផ្សាយយល់ដឹងពីមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់ បានមានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវ កំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទះនានា និងដំណើរការបោសសម្អាតដីសុវត្ថិភាពជូនប្រជាពលរដ្ឋនិងអជ្ញាធម៌មូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។

ឯកឧត្តមប្រតិភូ ហេង រតនា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនិងអជ្ញាធរមូលដ្ឋាននៅខេត្តរងគ្រោះទាំងអស់អាចទាក់ទងមកមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ផ្ទាល់ដែលប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយទាក់ទងមក លោកឧត្តមសេនីយ៍ត្រី អ៊ាន សុធា លេខ 0972222 735 ទិសខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា លេខ 097200 1141 ទិសខេត្តឧត្តរមានជ័យ និងសម្រាប់ព័ត៌មានបន្ថែមផ្សេងៗទៀត សូមទាក់ទងលោកឧត្តមសេនីយ៍ កែវ សារ៉ាត់ លេខទូរស័ព្ទ 097200 1406។