11 សីហា 2025
អង្គភាពស៊ីម៉ាក់ ផ្តល់ការបណ្ដុះបណ្ដាល ពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់សិក្ខាកាមមកពីប្រទេសឡាវ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៥នេះ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់ស្ថាប័នជាតិបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅនៅទីបញ្ជាការដ្ឋានអង្គភាពស៊ីម៉ាក់ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប។
យោងតាមរបាយការណ៍ កញ្ញា អ៊ុំ សុភាវី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា ក្រោមជំនួយគាំទ្រពីអង្គការ JICS, ស្ថាប័ន CMAC និងស្ថាប័ន UXO LAO ធ្លាប់បានអនុវត្តកម្មវិធី ហ្វឹកហ្វឺនតាំងពីឆ្នាំ២០២២មកម៉្លេះ ដោយបានហ្វឹកហ្វឺនលើវគ្គគ្រឿងចក្រកាត់គុម្ពោតព្រៃ (Brush Cutter) ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២ និងមានសិក្ខាកាមចំនួន២៦នាក់។ បច្ចុប្បន្ន ស្ថាប័នCMAC និងស្ថាប័នUXO LAO បាននិងកំពុងអនុវត្តកម្មវិធីហ្វឹកហ្វឺនជាថ្មី ស្តីពីវគ្គហ្វឹកហ្វឺនម៉ាស៊ីនរាវមីនប្រភេទ ALIS ដែលនឹងបែងចែកជា២ដំណាក់កាល។ របាយការណ៍បន្ដថា ដំណាក់កាលទី១ គឺវគ្គហ្វឹកហ្វឺនផ្នែកប្រតិបត្តិការដែលរួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្ត និងមានរយៈពេលចំនួន១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ដំណាក់កាលទី២ គឺវគ្គតាមដាន និងការបង្កើតស្តង់ដារប្រតិបត្តិការ(SOPs) ប៉ុន្ដែពេលវេលានឹងត្រូវកំណត់នៅពេលក្រោយ។
ឯកឧត្ដម អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ មានប្រសាសន៍ថា ស៊ីម៉ាក់ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកជំនាញមកពីប្រទេសឡាវ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALISនេះ ហើយសង្ឃឹមថា គ្រូបង្គោល និងអ្នកជំនាញបច្ចេកទេសដែលប្រើម៉ាស៊ីនរាវមីនAlisនេះ នឹងប្រឹងប្រែងផ្ទេរចំណេះដឹងដល់អ្នកជំនាញមកពីប្រទេសឡាវដើម្បីយកឧបករណ៍នេះទៅប្រើប្រាស់និងប្រតិបត្ដិការនៅប្រទេសរបស់ពួកគាត់បានល្អប្រសើរ។ ឯកឧត្ដមមានបន្ដថា ម៉ាស៊ីនរាវមីនប្រភេទ ALISនេះ កម្ពុជាបានអនុវត្ដស្រាវជ្រាវចាប់តាំងពីឆ្នាំ២០០៦ជាមួយអ្នកជំនាញក្រុមហ៊ុនប្រទេសជប៉ុន នៅចម្ការមីនឃុំពពេល ស្រុកសូទ្រនិគម ធ្វើឱ្យគ្រូបង្គោលមានបទពិសោធន៍ស្ទាត់ជំនាញ។ឯកឧត្ដមក៏បានលើកឡើងពីការផ្ទុះសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជាថៃ ដែលទាហានថៃប្រើអាវុធមកលើទឹកដីកម្ពុជា ដោយបានបន្សល់ទុកនូវគ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ជាច្រើនប្រភេទទៀតនៅក្នុងទឹកដីរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា សម្រាប់វគ្គហ្វឹកហ្វឺនដំណាក់កាលទី១មានរយៈពេល១៣ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន១៣នាក់ ក្នុងនោះមាន១១នាក់ មកពីស្ថាប័ន UXO Lao និង២នាក់ទៀត មកពីអាជ្ញាធរគ្រប់គ្រងថ្នាក់ជាតិ(NRA)។ វគ្គនេះនឹងរៀបចំប្រព្រឹត្តនៅទីលានហ្វឹកហ្វឺននៅឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលនឹងផ្តោតទៅលើចំណុចលម្អិតចំនួន៨ចំណុច រួមមាន ប្រវត្តិរបស់ម៉ាស៊ីនរាវមីន ALIS ការណែនាំបែបទ្រឹស្តីអំពីម៉ាស៊ីនរាវមីនALIS ការបង្ហាញ និងការអនុវត្ត ការអនុវត្តឧបករណ៍ចាប់ដែក ការអនុវត្តរ៉ាដានៃការជ្រៀតចូលដី (GPR) ការអនុវត្ដការទទួលបានទិន្នន័យ(GPR) ការអនុវត្ដការបកប្រែទិន្នន័យ(GPR) និងការធ្វើតេស្ដវាយតម្លៃ ដោយមានគ្រូបង្គោលចំនួន២នាក់ និងគ្រូជំនួយចំនួន៦នាក់៕