25 សីហា 2025
អង្គភាពCMAC ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ជាមួយអង្គការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍសហគមន៍ (IMCCD)
ចន្ទ ០២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) រួមជាមួយលោក Takayama Ryoji ប្រធានអង្គការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” គាំទ្រដោយអង្គការមិនរកប្រាក់ចំណូលរបស់ជប៉ុន (Japan Non-Profit Organization (NPO) ដែលមានទឹកប្រាក់ចំនួន៤៤.៤៨២ ដុល្លារសហរដ្ឋអាម៉េរិក ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសប្រតិបត្តិការបោសសម្អាតមីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរឡើងក្រោយបោសសម្អាតមីនក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ គម្រោងនេះនឹងចាប់ប្រតិបត្តិការអនុវត្ត ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
លោក Takayama Ryoji មានប្រសាសន៍ថាលោកមានសេចក្តីសោមន្សស រីករាយដែលលោកបានចូលរួមជាមួយអង្គភាពស៊ីម៉ាក់ក្នុងការបោសសម្អាតមីន និងគ្រាប់យុទ្ធមិនទាន់ផ្ទុះនិងអភិវឌ្ឍន៍សហគមន៍ ក្រោយបោសសម្អាតមីនរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ លោកបន្ថែមថា អង្គភាពស៊ីម៉ាក់ មិនត្រឹមតែជាអង្គភាពជាតិបោសសម្អាតមីនឈានមុខគេនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រែមុខមាត់ថ្មីមួយទៀតគឺជា ជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹងក្នុងវិស័យសកម្មភាពមីនទៅកាន់ពិភពលោកផងដែរ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ក៍បានរំលឹកពីអនុស្សាវរីយ៍កាលជាង២០ឆ្នាំមុន ដែលលោក Takayama Ryoji ចូលរួមអភិវឌ្ឍន៍សហគមន៍ក្រោយបោសសម្អាតមីនរួច។
ឯកឧត្តមបានលើកឡើងថា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង គឺជាឃុំមួយដែលមានមីនច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយលោក Takayama Ryoji បានអភិវឌ្ឍន៍នៅទីនោះ ពីចម្ការមីនច្រើនជាងគេ ក្លាយជាឃុំដែលមានផ្លូវថ្នល់និងប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង។ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Takayama Ryoji ដែលបានចំណាយពេលសឹងពាក់កណ្តាលជីវិតរបស់លោក ក្នុងការរួមចំណែកអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថាគិតចាប់តាំងពីឆ្នាំ២០១១រហូតមកត្រឹមខែសីហាឆ្នាំ២០២៥នេះ គម្រោង IMCCD បានបោសសម្អាតលើផ្ទៃដីប្រមាណជិត៧គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២១១៩គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន៦២៤គ្រាប់ គ្រាប់មីនប្រឆាំងយាន្តយន្តចំនួន១១៨គ្រាប់ និងសំណល់សង្រ្គាមចំនួន១.៣៧៧គ្រាប់ និងឆ្លើយតបសំណើរបន្ទាន់បានចំនួន៥ដងផងដែរ៕