ព័ត៌មាន

28 សីហា 2025

ស៊ីម៉ាក់បញ្ចប់វគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់ម៉ាស៊ីនរាវមីន អេលីស (ALIS)ដល់សិក្ខាកាមឡាវ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានបិទវគ្គបណ្ដុះបណ្ដាល ពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទអេលីស( ALIS) ដល់ស្ថាប័ន UXO Lao បន្ទាប់ពីបានបណ្ដុះបណ្ដាលរយៈពេល១៣ថ្ងៃ នៅចម្ការមីនឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ ពិធីបិទវគ្គនេះ បានធ្វើឡើង នៅទីបញ្ជាការដ្ឋានអង្គភាពស៊ីម៉ាក់ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ក្រោមជំនួយគាំទ្រពីអង្គការ JICS, ស្ថាប័ន CMAC និងស្ថាប័ន UXO LAO ។

ឯកឧត្តម ព្រហ្ម សួនប្រសិទ្ធិ ប្រធាននាយកដ្ឋានកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាសមិទ្ធផលជោគជ័យមួយទៀត ក្រោមកិច្ចសហការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាមួយ អង្គការជីស(JICS) និង UXO Loa (យូអិកអូឡាវ)ដល់សិក្ខាកាមមកពីប្រទេសឡាវ។ឯកឧត្ដមបានបន្ដថា ការផ្ដល់ចំណេះជំនាញនេះ នឹងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បន្ដបេសកម្មរបស់ខ្លួនទាំងក្នុងប្រទេសឡាវ ក៏ដូចជាក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធិភាពនៃការបោសសម្អាតកាកសំណល់ពីសង្គ្រាម និងគ្រាប់មីនជាដើម។ឯកឧត្ដមរំលឹកថា សិទ្ធិសញ្ញាអូតាវ៉ា នៃការប្រើប្រាស់មីនប្រឆាំងមនុស្ស ការបំផ្លាញ ស្ដុកទុក និងការបោសសម្អាត ការហ្វឹកហ្វឺមានសសរស្ដមចំនួន៥ គឺប្រទេសកម្ពុជាក៏ដូចជាអង្គភាពស៊ីម៉ាក់ បានអនុវត្ដនិងបំពេញយ៉ាងខ្ជាប់ខ្ជួននូវអនុសញ្ញានេះ ជាក់ស្ដែងការបណ្ដុះបណ្ដាលពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេសអេលីស ដល់សិក្ខាកាមមពីប្រទេសឡាវ ដែលទទួលរងនូវផលប៉ះពាល់ពីគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រទេសឡាវជាភាគីហត្ថលេខីសិទ្ធិសញ្ញាអូតាវ៉ាស្ដីពីការប្រឆាំងគ្រាប់បែកចង្កោម ខណៈដែលប្រទេសកម្ពុជាជាភាគីអនុសញ្ញាហត្ថលេខីស្ដីពីអនុសញ្ញាប្រឆាំងមីនថ្មើរជើង។ ឯកឧត្ដម បញ្ជាក់ថា ប្រទេសកម្ពុជា មិនទាន់ជាសមាជិកនៃអនុសញ្ញាស្ដីពីការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោមក្ដី ប៉ុន្ដែប្រទេសកម្ពុជា បានទទួលរងនូវគ្រប់បែកចង្កោម ហើយប្រទេសកម្ពុជា និងអង្គភាពស៊ីម៉ាក់ជាតួអង្គមួយដែលបាននឹងកំពុងបេសកម្មក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹងដល់បណ្ដាប្រទេសនៅជុំវិញពិភពលោក ចាប់ពីប្រទេសនៅអាហ្វ្រិក នៅមជ្ឍឹមបូព៌ា រហូតដល់នៅក្នុងប្រទេសអាម់េរិកឡាទីន និងក្នុងតំបន់។ ឯកឧត្ដមបានបន្ថែមថា ស៊ីម៉ាក់បានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកនិងផ្ដល់ការហ្វឹកហ្វឺន ព្រមទាំងបទពិសោធន៍ដល់បណ្ដាប្រទេសដែលទទួលនូវផលប៉ះពាល់ នៃគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់មីន។ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់គ្រូបង្វឹក អ្នកជំនាញរបស់ស៊ីម៉ាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការហ្វឹកហ្វឺននិងពង្រឹងក្នុងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសិក្ខាកាមចំនួន១២រូប ក្នុងនោះជាមន្ដ្រីមកពីអាជ្ញាធរគ្រប់គ្រងថ្នាក់ជាតិ(NRA)ចំនួន២នាក់ និងមកពីស្ថាប័នជាតិបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ( UXO Lao)ចំនួន១០រូប ដែលវគ្គហ្វឹកហ្វឺននេះ បានរៀបចំប្រព្រឹត្តនៅទីលានហ្វឹកហ្វឺននៅឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប៕