29 សីហា 2025
ឯកឧត្តម ហេង រតនា បានទទួលស្វាគមន៍ក្រុមអ្នកសារព័ត៌មានមកពី ប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី និងវៀតណាម
នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ពិនិត្យលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាននឹងបន្តទៅពិនិត្យនៅជំរុំសុវត្ថិភាព វត្តថ្មកំបោរ។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ អ្នកសារព័ត៌មានបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋាន ប្រជាពលរដ្ឋស៉ីវិល និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ព្រមទាំងមណ្ឌលសុខភាពដែលខូចខាតដោយសារគ្រាប់បែករបស់កងទ័ពថៃ លើទីតាំងជនស៉ីវិល។