ព័ត៌មាន

5 កញ្ញា 2025

កម្ពុជា-ឡាវ និងអង្គការ JICAបានចុះអនុស្សរណៈយោគយល់ គ្នាលើ វិស័យសកម្មភាពមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ

នៅរសៀលថ្ងៃសុក្រ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្តរជាតិ (JICA) អង្គភាពជាតិឡាវបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងវិស័យសកម្មភាពមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពិធីនេះមានការចូលរួមចុះហត្ថលេខា ដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC អ្នកស្រី Eri Komukai ទីប្រឹក្សាជាន់ខ្ពស់ JICA ប្រចាំទីក្រុងតូក្យូ និងលោក Saomany Manivong អគ្គនាយករង UXO-Lao។

គោលបំណងនៃពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះនឹង អនុវត្តក្រោមគម្រោង ស្តីពី “ការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងសមត្ថភាពអង្គភាព UXO Lao” របស់អង្គភាព UXO Lao និងគម្រោង “ការពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ ដំណាក់កាលទី២” របស់អង្គភាព CMAC និងមានរយៈពេល ៣ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៨ ដោយផ្តោតទៅលើចំណុចសំខាន់ចំនួន ២ គឺ៖ ១) ការបង្កើត និងការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់អង្គភាព UXO Lao (ឆ្នាំ២០២៧-២០៣៦) រួមទាំងការរៃអង្គាសថវិកា និងទំនាក់ទំនងសាធារណៈ និង ២) ការអនុវត្តផែនការយុទ្ធសាស្ត្រ។

លោក Saomany Manivong អគ្គនាយករង UXO-Lao បានថ្លែងអំណរគុណដល់អង្គភាពស៊ីម៉ាក់ និង អង្គការ Jica ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍និងចំណេះដឹងដល់ UXO Lao កន្លងមក។ អ្នកស្រី Eri Komukai បានលើកឡើងថា អ្នកស្រីសូមអប់អរសាទរចំពោះ ចំពោះប្រទេសទាំងពី កម្ពុជា ឡាវ ដែលជាដៃគូរនៅលើវិថីក្នុងវិស័យបោសសម្អាតគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម។ អ្នកស្រីបន្តថា កិច្ចសហប្រតិបត្តិការ ត្បូងត្បូង Jica នៅតែបន្តរគាំទ្រ ក្នុ្ងងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រយូអង្វែងរបស់អង្គភាពជាតិបោសសម្អាតយុទ្ធភណ្ឌឡាវ ហើយក៍សូមអរគុណចំពោះអង្គភាពជាតិបោសសម្អាតមីនកម្ពុជា ស៊ីម៉ាក់ដែលបានចែករំលែកជំនាញរបស់ខ្លួនជាមួយអង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌឡាវ។ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការចែករំលែកចំណេះដឹងកន្លងមករវាង អង្គភាពជាតិកំចាត់មីនកម្ពុជា និងអង្គភាពជាតិឡាវបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដ៍ពិតប្រាកដ ក្នុងការក៍សាងសន្តិភាពក្នុងប្រទេសទាំងពីរ។ សូមគូសបញ្ជាក់ផងដែរថា សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងវិស័យសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២៥ ត្រូវបានអនុវត្តរួមគ្នាបានចំនួន៣ដំណាក់កាលរួចមកហើយ ដែលមានសិក្ខាកាមឡាវសរុបចំនួន២៣៥នាក់។