9 កញ្ញា 2025
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោងពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ ដំណាក់ទី ២ រវាងអង្គភាពCMAC និង JICA
នៅថ្ងៃអង្គា ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលCMACភ្នំពេញ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី២ នៃគម្រោងពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ ដំណាក់ទី២ រវាងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ កិច្ចប្រជុំនេះបានពិភាក្សាលម្អិត និងកែសម្រួលលើផែនការគម្រោង និងផែនការប្រតិបត្តិការ ដើម្បីកំណត់សូចនាករ និងពេលវេលាក្នុងការអនុវត្តសកម្មភាពនីមួយៗដើម្បីឲ្យគម្រោងទទួលបានជោគជ័យ។
គម្រោងនេះមានរយៈពេល ៣ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៨ និងមានគោលបំណងគាំទ្រអង្គភាពស៊ីម៉ាក់ឲ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣៥ របស់ខ្លួន។ គណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង ក៏បានរៀបចំកិច្ចប្រជុំលើកទីមួយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយបានពិភាក្សា និងព្រមព្រៀងបង្កើតក្រុមការងារបច្ចេកទេសចំនួន ៣ក្រុម គឺ ១. កិច្ចសហប្រតិបត្តិការអន្តរជាតិ ២. ការអភិវឌ្ឍសម្ភារៈនិងបច្ចេកវិទ្យា និង ៣. ទំនាក់ទំនងសាធារណៈ ដោយក្រុមទាំង៣នេះមានតួនាទីធ្វើផែនការ អនុវត្តនិងតាមដានគម្រោង និងពិភាក្សាអំពីបញ្ហាទៅតាមផ្នែកនិងជំនាញរបស់ក្រុមនីមួយៗ ដើម្បីអនុវត្តគម្រោងនេះឲ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ។
ក្រោយពីបានបញ្ចប់នូវកិច្ចប្រជុំរួមគ្នារួចមក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាដែលបានកែសម្រួល ស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២។ ការចុះហត្ថលេខាលើកំណត់ហេតុនៃគម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រ នៃគំនិតផ្តួចផ្តើមសកម្មភាពមីនកម្ពុជា-ជប៉ុនផងដែរ។ គម្រោងនេះនឹងរួមចំណែកក្នុងការកសាងសមត្ថភាព និងពង្រឹងតួនាទីរបស់អង្គភាពស៊ីម៉ាក់ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្មភាពមីនប្រកបដោយឯកទេស និងវិជ្ជាជីវៈកម្រិតស្តង់ដារសាកល។ គម្រោងនេះក៏ជាធាតុដ៍សំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ការកសាងសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាពនិងនិរន្តភាព ព្រមទាំងពង្រឹងកិច្ចការទំនាក់ទំនងអន្តរជាតិផងដែរដើម្បីជាប្រយោជន៍ជំរុញការចូលរួមក្នុងឆាកអន្តរជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។
មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលោក SANUI Kazumasa បានយល់ស្របជាមួយនឹងការលើកឡើងរបស់អគ្គនាយកស៊ីម៉ាក់ចំពោះចំណុចស្នូលទាំងបួន រួមមាន សម្ភារៈបច្ចេកទេស ស្តង់ដារប្រតិបត្តិការ ធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាធាតុផ្សំសំខាន់សម្រាប់អង្គភាព ហើយការចែករំលែកបទពិសោធន៍របស់អង្គភាពស៊ីម៉ាក់ទៅកាន់អន្តរជាតិ គឺជាអាទិភាពចម្បងរបស់ភាគីជប៉ុនដែលចង់បានផងដែរ។ មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេសអង្គការចៃកា ដែលបានគាំទ្រសកម្មភាពរបស់អង្គភាពស៊ីភាពក៏ដូចជាបន្តការជួយពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២នេះដើម្បីរួមចំណែកក្នុងការផ្ទេរជំនាញក្នុងវិស័យសកម្មភាពមីនបន្ថែមទៀតទៅដល់បណ្តាប្រទេសនៅក្នុងតំបន់ និងសាកលលោក ដូចដែលអង្គភាពស៊ីម៉ាក់ធ្លាប់បានចូលរួមបណ្តុះបណ្តាលដល់ប្រទេសកូឡុំប៊ី អ៊ីរ៉ាក់ ឡាវ អង់ហ្គោឡា និង អ៊ុយក្រែនជាដើម៕