ព័ត៌មាន

18 កញ្ញា 2025

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC ទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា

ពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ Chen Yong ទីប្រឹក្សាស្រាវជ្រាវនិងនវានុវត្តន៍ប្រចាំនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន (ARMAC)ដែលបេសកកម្មរបស់លោកសាស្ត្រាចារ្យChen Yong ជាចំណែកនៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC។

ក្នុងជំនួបពិភាក្សាការងារនេះ មានការផ្តោតការយកចិត្តទុកដាក់ជាសំខាន់លេីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងមូលនិធិចិនPeaceland ក៏ដូចជាជំនួយវិស័យមីនរបស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស កិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ការងារស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យសកម្មភាពកម្ចាត់មីន។ ក្នុងជំនួបពិភាក្សានេះដែរ ភាគិចិនបានចាប់អារម្មណ៍ខ្លាំងលេីការអនុវត្តភារកិច្ចបន្ទាន់ចំពោះមុខរបស់អង្គភាពCMAC ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ចាំបាច់ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលជាមរតកនៃសង្គ្រាមរយៈពេល៥ថ្ងៃរវាងសៀមនិងកម្ពុជា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកដែលត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ ស្របតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥មូលនិធិចិនPEACELAND ធ្លាប់បានខិតខំកៀរគរជំនួយដើម្បីផ្តល់ជូននូវគ្រឿងចក្រមួយគ្រឿងដល់អង្គភាពស៊ីម៉ាក់ សម្រាប់បម្រើឱ្យការអភិវឌ្ឍនិងវិស័យបោសសម្អាតមីននៅកម្ពុជា។ ជំនួយគ្រឿងចក្រនេះគឺពិតជាមានសារប្រយោជន៍សម្រាប់បន្តគាំទ្រដល់សកម្មភាពអង្គភាពCMAC ក្នុងការជួយលើកិច្ចអភិវឌ្ឍន៍ជនបទក្រោយការបោសសម្អាតមីនរួចជូនសហគមន៍និងប្រជាពលរដ្ឋ។