27 កញ្ញា 2025
អង្កភាពស៊ីម៉ាក់ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសមាជិកសភាសហរដ្ឋអាម៉េរិក និងការផ្តល់ជំនួយឥតសំណងចំនួន ៦០ម៉ឺនដុល្លារ សម្រាប់គម្រោងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
ថ្ងៃសៅរ៍ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង អង្គភាពCMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូសភាសហរដ្ឋអាមេរិកចំនួន៣រូបរួមមាន ឯកឧត្តម Adam Smith ឯកឧត្តម Michael Baumgartner និងលោកជំទាវ Chrissy Houlahan អមដំណើរដោយលោកស្រី Michael Baumgartner ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងលោក Hans Peter Risser ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សកិច្ចនេះ រៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស(NPA)។
សូមជម្រាបថាក្នុងដំណើរទស្សនកិច្ចនេះក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់ អង្គភាពCMAC តាមរយៈអង្គការNPA ដែលមានទឹកប្រាក់សរុបចំនួន៦០០.០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ខែ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦)។ បន្ទាប់ពីពិធីចុះហត្ថលេខា គណៈប្រតិភូបានអញ្ជើញទស្សនាការដាក់តាំងបង្ហាញសកម្មភាពមីនរួមមានសកម្មភាពបង្វឹកសុនខហិតមីន កណ្តុរហិតមីន ម៉ាស៊ីនរាវមីន ទីតាំងកាត់បន្សាបគ្រាប់ជាដើម។
ឯកឧត្តម ហេង រតនា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះនិងការចុះហត្ថលេខាទទួលជំនួយចំនួន៦០០.០០០ដុល្លារអាមេរិក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត ជាពិសេសសមាជិកសភាទាំង៣រូប សុទ្ធតែជាសមាជិកគណៈកម្មការដែលមានឥទ្ធិពលដោយផ្ទាល់ក្នុងការអនុម័តថវិកាជំនួយនេះ។ ជាការឆ្លើយតប ឯកឧត្តម Adam Smith បានថ្លែងអំណរគុណដល់អង្គភាពស៊ីម៉ាក់ដែលបានរៀបចំទទួលស្វាគមន៍ចំពោះគណៈប្រតិភូអាម៉េរិក និងបានបង្ហាញពីសកម្មភាពបោសសម្អាតមីន និងសមិទ្ធផលរយៈពេល៣៣ឆ្នាំកន្លងមកនេះ។