6 តុលា 2025
លោកជំទាវ Astrid Emilie Helle ឯកអគ្គរដ្ឋទូតប្រទេស ន័រវេស្សប្រចាំកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់
កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Astrid Emilie Helle ឯកអគ្គរដ្ឋទូត ប្រទេសន័រវេស្សប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅក្រុងបាងកកប្រទេសថៃនិងសហការី អមដំណើរដោយលោកHans Risser ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា។ ឯកឧត្តមប្រតិភូ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីលទ្ធផលការងារនៃវិស័យមីននៅកម្ពុជានិងសមិទ្ធិផលសម្រេចបានរបស់អង្គភាពCMAC ជាពិសេសកិច្ចសហការជាមួយអង្គការ Norwegian People’s Aid (NPA) ដែលជាដៃគូយ៉ាងជិតស្និតរបស់អង្គភាពCMAC ជាង៣៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩២រហូតមកដល់បច្ចុប្បន្ន។ ជំនួយដ៏មានតម្លៃរបស់ប្រជាជននិងរដ្ឋាភិបាលន័រវេស្ស បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងចូលរួមពង្រឹងសន្តិភាព ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឡើងវិញក្រោយសង្គ្រាមបានបិទបញ្ចប់។
នៅក្នុងជំនួបពិភាក្សាការងារ ក៏មានការផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជាបញ្ហាសំខាន់ត្រូវការ ការតាមដាន ជាពិសេសផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសំណល់យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទរបស់ថៃដែលបានបាញ់មកលើដែនអធិបតេយ្យនិងភូមិដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ យ៉ាងម៉ឺងម៉ាត់និងសង្កត់ចិត្តយ៉ាងអត់ធ្មត់បំផុត សំដៅសម្រេចបានសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនជិតខាងគ្នាទាំង២។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យមីននៅកម្ពុជា ដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងនិងជាគំរូល្អស្របតាមស្មារតនៃការអនុសញ្ញាគ្រាប់មីនប្រឆាំងមនុស្សអូតាវ៉ា។ លោកជំទាវ ក៏បានបញ្ជាក់បន្ថែមថា ប្រទេសន័រវេស្ស មានក្តីសោមនស្សក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសកម្មភាពមីន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានបញ្ជាក់ជំហរថា រដ្ឋាភិបាលន័រវេស្សនឹងបន្តគាំទ្រកម្ពុជា
តាមរយៈអង្គការNPA ក្នុងការបោសសម្អាតមីន ការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតមីនរួច។ លោកជំទាវក៏បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលន័រវេស្សពិតជាចង់ឃើញ ការអនុវត្តពីបទឈប់បាញ់ឱ្យបានម៉ឺម៉ាត់ និងស្តារសន្តិភាពឡើងវិញ ដែលនេះជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំង២ ក៏ដូចជាប្រទេសក្នុងតំបន់ និងក្នុងសកលលោកផងដែរ។ ក្នុងពេលនោះដែរ លោកHans Risser ក៏បានបញ្ជាក់ពីជំហរបន្ថែមថា អង្គការ NPA និងបន្តសហការជាមួយអង្គភាពCMAC ក្នុងរយៈពេល៥ឆ្នាំពោល គឺ (២០២៦-២០៣០)បន្តទៀត តាមរយៈអង្គការ NPA ទទួលជំនួយពីរដ្ឋាភិបាលន័រវេស្ស និងសហរដ្ឋអាម៉េរិកក៏ដូចជាម្ចាស់ជំនួយមួយចំនួនទៀត។ មុននឹងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសន័រវេស្ស Astrid Emilie Helle ក៏បានបង្ហាញនូវក្ដីសោកស្តាយនិងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារសង្គ្រាមរយៈពេល៥ថ្ងៃរវាងកម្ពុជា-ថៃ។