ព័ត៌មាន

12 តុលា 2025

អគ្គនាយកស៊ីម៉ាក់ទទួលបដិសណ្ឋារកិច្ច និងពិភាក្សាការងារវិស័យសកម្មភាពកម្ចាត់មីនជាមួយឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន

នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានទទួលស្វាគមន៍ បដិសណ្ឋារកិច្ច និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំទីក្រុងតូក្យូ។ ក្នុងជំនួបពិភាក្សាការងារដ៏មានសារសំខាន់នេះ ឯកឧត្តម ហេង រតនា បានជម្រាបជូនឯកឧត្តមបណ្ឌិត ពីប្រវត្តិសង្គ្រាមនៅកម្ពុជា បញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សមិទ្ធផលនៃការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាម ដំណើរការនៃការកសាងសន្តិភាព ការអភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនជប៉ុនលើវិស័យមីននៅកម្ពុជា និងការចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់លើការងារបោសសម្អាតមីននៅកម្ពុជា ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធសង្រ្គាមក្រោមគម្រោងត្បូង-ត្បូងដែលគាំទ្រដោយសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន។ ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំមកនេះអង្គការ JICA បានផ្តល់ជូនរាជរដ្ឋាភិបាលនូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រើនប្រភេទ រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់មានចំនួនជាង៥០គ្រឿង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា ក៏បានសំណូមពរដល់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការJICA ដើម្បីបន្ដជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជាក្នុងការងារបោសម្អាតមីនរយៈពេល៥ឆ្នាំក្នុងអណត្តិស្នើសុំបន្តរអនុវត្តអនុសញ្ញាអន្ដរជាតិអូតាវ៉ាដល់ឆ្នាំ២០៣០។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម និងការកសាងសន្តិភាពតាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ក្នុងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យបោសសម្អាតមីន ជាមួយអ្នកជំនាញជប៉ុន ដូចជាម៉ាស៊ីនរាវមីនប្រភេទALIS ក៏ដូចជាការបញ្ញាសិប្បនិម្មិតជាដើម។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីការបន្តការគាំទ្ររបស់អង្គការJICA ក្នុងការសហការជាមួយអង្គភាពCMAC ក្នុងការបង្កើនការគាំទ្រការប្រើប្រាស់បច្ចេកទេសថ្មីដើម្បីបោសសម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ដើម្បីផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាអង្គការ JICA បានសហការនិងគាំទ្រដល់សកម្មភាពស៊ីម៉ាក់ចាប់តាំងពីឆ្នាំ១៩៩៨ លើជំនួយសម្ភារៈបច្ចេកទេស ដូចនេះរយ:ពេលជាង២៧ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុនតាមរយ: JICA បានផ្តល់លទ្ធផលដល់កម្លាំងស៊ីម៉ាក់ទាំងថវិកា សម្ភារៈបច្ចេកទេស ទីប្រឹក្សាបច្ចេកទេស និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបុព្វហេតុមនុស្សធម៌និងសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ដើម្បីលុបបំបាត់គ្រាប់សំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមនៅកម្ពុជា។ ជារួម ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ មកកាន់អង្គភាពស៊ីម៉ាក់នេះ ឯកឧត្តម ហេង រតនា មានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាលើវិស័យមីននេះ រដ្ឋាភិបាលនិងប្រជាជនជប៉ុននឹងបន្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសអង្គភាពCMACក្នុងការកម្ចាត់ចោលគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ធានាសុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា៕