15 តុលា 2025
ពិធីផ្ទេរ-ប្រគល់ អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដើម្បីគាំទ្រអង្គភាពCMAC
នៅព្រឹកថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីផ្ទេរ-ប្រគល់ អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យសកម្មភាពកម្ចាត់មីន។ ពិធីនេះមានការអញ្ជើញចូលរូមក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក Takuji Urano ប្រធានគម្រោងក្រុមហ៊ុន SATO KOGYO Co., LTD លោក Yasutaka Shimojima ប្រធានត្រួតពិនិត្យគម្រោងសាងសង់ Oriental Consultants Global Co., LTD។ សំណង់អគារសរុបទាំងអស់មានចំនួន៧ ក្នុងនោះរួមមាន៖ ១. អគារថ្នាក់រៀន១ខ្នង ២ជាន់ចំនួន១០បន្ទប់ ២. អគារអន្តេវាសិកដ្ឋានចំនួន២ខ្នង មានចំនួន ៣០បន្ទប់ (អាចដាក់ចំណុះសិក្ខាកាមចំនួនជាង២០០នាក់) ៣. អគារសាលប្រជុំចំនួន១ខ្នង (មានចំណុះចំនួនជាង៤០០នាក់) ៤. អគារអាហារដ្ឋានចំនួន១ខ្នង (មានចំណុះជាង២០០នាក់) ៥. អគារបន្ទប់អនាម័យចំនួន១ខ្នង និង៦. អគារអគ្គិសនីចំនួន១ខ្នង ដែលបានបញ្ចប់ការងារសាងសង់សំណង់គោល ហើយត្រូវធ្វើការផ្ទេរ-ប្រគល់មកឱ្យអង្គភាពCMAC គ្រប់គ្រង ដោយឡែកចំពោះការបំពាក់គ្រឿងសង្ហារឹម ប្រពន្ធ័កុំព្យួទ័រ និងប្រពន្ធ័សម្ភារឧបទេស និងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ។
សូមជម្រាបថា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចផ្តល់ ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលផ្ដល់ជូនអង្គភាពCMAC សម្រាប់សាងសង់អគារហ្វឹកហ្វឺនទាំងនេះដែលអនុវត្តការងារសាងសងដោយក្រុមវិស្វករនៃក្រុមហ៊ុន Sato Kogyo ប្រទេសជប៉ុន។ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ការសាងសង់សំណង់អគារនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានដំណើរការទៅដោយរលូនស្របតាមផែនការដែលបានកំណត់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បាទគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលបានជួយជម្រុញ និងគាំទ្រគម្រោងសាងសង់សំណង់អគារទាំងនេះ ព្រមទាំងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃសម្រាប់ការសាងសង់អគារទាំងអស់ដូចខាងលើ។ ជំនួយនេះផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រការបង្កើនសមត្ថភាពអង្គភាពCMAC ក្នុងការផ្ដល់ការហ្វឹកហ្វឺនទាំងបច្ចេកទេសជំនាញ និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យសកម្មភាពកំចាត់មីនទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្ដរជាតិ ជាពិសេសផ្តល់ជូនបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
ជាមួយគ្នានេះដែរ ឯកឧត្តម ហេង រតនា ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្រ្តីJICA ក៏ដូចជាក្រុមហ៊ុន Oriental Consultants Global Co. Ltd អង្គការ JICS និងក្រុមហ៊ុនសំណង់SATO KOGYO គ្រប់ឋាននុក្រម ដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថាសំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឲ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕