17 តុលា 2025
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីប្រទេសអ៊ុយក្រែន
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដឹកនាំដោយលោក Reva Serhii ប្រធាននាយកដ្ឋានសកម្មភាពមីន SESU។ នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកHIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ។ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថាអង្គភាពស៊ីម៉ាក់រីករាយនឹងចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីនជូនដល់បុគ្គលិកSESU ដើម្បីធ្វើប្រតិបត្តិការដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមក្នុងគោលបំណងដើម្បីជួយដល់ជនស៊ីវិល។
បន្ថែមពីនេះឯកឧត្តមសង្ឃឹមថាប្រទេសអ៊ុយក្រែននឹងទទួលបានសន្តិភាពឆាប់ៗនៅពេលខាងមុខដ៏ខ្លីនេះដែលជាគ្រឹះសំខាន់ក្នុងការអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្រ្គាម។ សន្តិភាពមិនអាចកើតមានឡើងតាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងទេ ប៉ុន្តែសន្តិភាពត្រូវកើតឡើងដោយការយោគយល់ ការអត់ធ្មត់ និងការចរចារវាងដៃគូជម្លោះទាំងកម្រិតទ្វេភាគី និងអន្តរជាតិ។ មានមតិក្នុងឱកាសជំនួបពិភាក្សាការងារ លោក Reva Serhii បានជម្រាបជូន ឯកឧត្តម ហេង រតនា ថាបច្ចុប្បន្ននេះនៅប្រទេសអ៊ុយក្រែនមានតំបន់ប្រហែល ១៧០.០០០គីឡូម៉ែត្រក្រឡាដែលជាតំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម។ លោកក៏បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុននៃប្រទេសជប៉ុន ដែលគាំទ្រអ៊ុយក្រែនក្នុងការសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលជាស្ថាប័នជាតិបោសសម្អាតមីនឈានមុខគេនៅកម្ពុជា និងកម្រិតអន្តរជាតិ ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមអ៊ុយក្រែនដែលនឹងពាំនាំបទពិសោធន៍នេះទៅបម្រើក្នុងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាមមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងញ៉ាំញីដោយសង្រ្គាម។
ដំណើរទស្សនកិច្ចនេះគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ស្របពេលដែលអង្គភាពស៊ីម៉ាក់កំពុងផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមអ៊ុយក្រែននូវជំនាញប្រតិបត្តិការគ្រឿងចក្រវាយកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។ គួររំលឹកផងដែរថាអង្គភាពស៊ីម៉ាក់បានផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) តាំងពីឆ្នាំ២០២៣ ហើយគិតមកត្រឹមខែតុលាឆ្នាំ២០២៥នេះសិក្ខាកាមសរុបទាំងអស់មានចំនួន៣២នាក់ដែលបានទទួលការបណ្តុះបណ្តាល។ បន្ថែមពីនេះអង្គភាពស៊ីម៉ាក់ក៏បានបញ្ជូនមន្រ្តីជំនាញទៅជួយបណ្តុះបណ្តាលដោយផ្ទាល់បន្ថែមទៀតនៅប្រទេសប៉ូឡូញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញ ដល់សិក្ខាកាម SESU មួយចំនួនទៀតផងដែរ។
មុនជំនួបនៅថ្ងៃនេះគណៈប្រតិភូអ៊ុយក្រែនក៏បានធ្វើទស្សនកិច្ចទៅកាន់ទីលានហ្វឹនហ្វឺនសិក្ខាកាមអ៊ុយក្រែននៅឃុំពពេល និងសារមន្ទីរតេជោសន្តិភាព នៅខេត្តសៀមរាប ចម្ការមីន និងរោងជាងកណ្តាល នៅខេត្តបាត់ដំបង វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន និងមណ្ឌលសុនខ ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។ សូមគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលជូនអ្នកជំនាញអ៊ុយក្រែនលើកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នេះអាចប្រព្រឹត្តិទៅបានដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធរវាងរដ្ឋាភិបាលជប៉ុននិងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រឱ្យអង្គភាពស៊ីម៉ាក់អនុវត្តគម្រោងហ្វឹកហ្វឺននេះក្រោយហេតុផលសកម្មភាពមនុស្សធម៌សុទ្ធសាធដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម៕