19 វិច្ឆិកា 2025
អគ្គនាយកនៃនាយកដ្ឋានអភិបាលកិច្ចនៃអង្គការ JICA មកពីទីក្រុងតូក្យូ ទស្សនកិច្ចមកកាន់ស៊ីម៉ាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ព្រឹកថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនិងពិភាក្សាការងារជាមួយ លោក HIDEHARU Tachibana អគ្គនាយកនៃនាយកដ្ឋានអភិបាលរកិច្ចទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំប្រទេសជប៉ុន (JICA Tokyo) និងសហការី ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC នៃគម្រោងនានាដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនដែលកំពុងដំណើរការក៏ដូចជាការបង្កើនការយល់ដឹងអំពីបន្ថែមពីវិស័យសកម្មភាពបោសសម្អាតគ្រាប់មីន និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងប្រទេសជប៉ុន។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម បានជម្រាបជូនលោក HIDEHARU Tachibana អំពីវឌ្ឍនភាពការងារបោសសម្អាតមីន ព្រមទាំងការអភិវឌ្ឍសមត្ថភាពបច្ចេកទេសរបស់អង្គភាពCMAC និងបានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់លើការងារបោសសម្អាតមីននៅកម្ពុជា ។ ឯកឧត្តមក៏បានជម្រាបបន្ថែមអំពីកិច្ចប្រឹងប្រែងរបស់អង្គភាពCMAC អស់រយៈជាង១០ឆ្នាំកន្លងមកនេះ ដោយផ្តោតសំខាន់បន្ថែមលើការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ នៅតំបន់ភាគខាងកើតប្រទេសកម្ពុជាដែលមានព្រំប្រទល់នឹងប្រទេសវៀតណាម ដែលជាតំបន់នៅតែជួបប្រទះហានិភ័យខ្ពស់។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះJICA ដែលបានផ្តល់ការគាំទ្រ ក្នុងការជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន។ ឯកឧត្តម ហេង រតនា មានសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមចំណែករបស់ប្រទេសជប៉ុននឹងផ្តល់គុណតម្លៃដល់ជាសាកល និងរយៈពេលវែង តាមរយៈកម្មវិធីបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់អន្តរជាតិ ការចែករំលែកបទពិសោធន៍ក្នុងវិស័យកំចាត់មីននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ព្រមទាំងការតាំងបង្ហាញអំពីសារសន្តិភាពនៅសារមន្ទីរដែលជាជំនួយរបស់ប្រទេសជប៉ុនទៅដល់មហាជនទូទាំងពិភពលោក។
ជាការឆ្លើយតប លោក HIDEHARU Tachibana បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMACក្នុងការបំផ្លាញគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្សនិងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក HIDEHARU Tachibana ក៏បានលើកឡើងពីការបន្តការគាំទ្រយ៉ាងពេញទំហឹងរបស់JICA ក្នុងការសហការជាមួយអង្គភាពCMAC ក្នុងវិស័យបោសសម្អាតមីន និងបន្តជួយគាំទ្រការអភិវឌ្ឍបច្ចេកទេសបោសសម្អាតមីន រួមជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ ជាពិសេសការបណ្តុះបណ្តាលដល់ប្រទេសដែលរងគ្រោះដោយសារសង្រ្គាមក្នុងនោះក៏មានប្រទេសមួយចំនួននៅតំបន់អាហ្រ្វិកដែលត្រៀមនឹងទទួលការបណ្តុះបណ្តាលនៅឆ្នាំបន្ទាប់។ សូមជម្រាបថា លោក HIDEHARU Tachibana និងគណៈប្រតិភូ ក៏អញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ទស្សនាកិច្ចប្រតិបត្តិការចម្ការមីននៅស្រុកសំទ្បូត ខេត្តបាត់ដំបង មណ្ឌលអភិវឌ្ឍមរតកតេជោ និងវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន និងមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក HIDEHARU Tachibana មានការចាប់អារម្មណ៍ជាខ្លាំងអំពីដំណើរការនៃការអភិវឌ្ឍរបស់អង្គភាពស៊ីម៉ាក់ ក្នុងគម្រោងអភិវឌ្ឍន៍និងហ្វឹកហ្វឺនកសិកម្មក្រោយការបោសសម្អាតមីន ដែលលោកចាត់ទុកថា ជាគ្រឹះសំខាន់សម្រាប់ការកសាងសន្តិភាពចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរ៕