4 ធ្នូ 2025
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ក្នុងទំហំទឹកប្រាក់ចំនួន ២៨១.៤៩០,៣៥ ដុល្លារអាម៉េរិក។ គម្រោងនេះមានរយៈពេល១ឆ្នាំ គិតចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ដែលប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ខេត្តសៀមរាប និងកងឯភភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។ ជាមួយជំនួយនេះអង្គភាព ស៊ីម៉ាក់នឹងពង្រាយកម្លាំងបោសសម្អាតមីន សុនខហិតមីន និងកណ្តុរហិតមីន ទៅតាមតំបន់គោលដៅក្នុងផែនការបោសសម្អាតមីនឆ្នាំ២០២៦។
មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ហេង រតនា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ ដែលនឹងរួមគ្នាបន្តសហការលើការបណ្តុះបណ្តាល ការធ្វើតេស្ត និងការអនុវត្តគម្រោងកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដោយអនុលោមតាមគុណភាពស្តង់ដារអន្តរជាតិ។ ក្នុងបរិបទនៃការប្តេជ្ញាចិត្តថ្មីនេះ យើងមានបំណងពង្រឹងការគ្រប់គ្រងវិស័យមីនឲ្យកាន់តែមានប្រសិទ្ធភាព និងពង្រីកការគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ជាពិសេស ខេត្ដព្រះវិហារ។ ឯកឧត្តមជឿជាក់ថា ការចូលរួមសហការរវាង CMAC និង APOPO នឹងបន្តជំរុញការរុករក និងបោសសម្អាតឲ្យមានល្បឿនលឿន និងភាពជាក់លាក់ខ្ពស់ជាងមុន។
ដោយឡែកចំពោះលោក Michael Raine បានបញ្ជាក់ថាអង្គការ APOPO ត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកចែករំលែកបទពិសោធន៍ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ សមត្ថភាពប្រតិបត្តិការ និងឧបករណ៍រាវមីនដែលមានលក្ខណៈពិសេស ដើម្បីសម្រេចឱ្យបានគោលដៅថ្នាក់ជាតិរបស់កម្ពុជា។ Apopoនៅតែបន្ដគាំទ្រមានវត្តមាននិងសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអង្គភាពស៊ីម៉ាក់រហូតដល់ប្រទេសកម្ពុជាត្រូវបានប្រកាសថាជាប្រទេសដែលគ្រាប់មីន។ លោកក៏បានបន្ថែមទៀតផងដែរថា រូបលោកពិតជាសូមកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គភាព CMAC សម្រាប់ភាពជាដៃគូឥតងាករេ ចំពោះម្ចាស់ជំនួយទាំងអស់សម្រាប់ទំនុកចិត្ត និងសប្បុរស ព្រមទាំងបានកោតសរសើរចំពោះបុគ្គលិកទីវាលទាំងអស់ដែលកំពុងប្រថុយជីវិតដើម្បីរំដោះគ្រាប់មីន ដើម្បីធានាសុវត្ថិភាពសម្រាប់សហគមន៍។
សូមបញ្ជាក់ជូនផងដែរថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពCMAC និងអង្គការAPOPO ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត តាមរយៈការបញ្ចូនសុនខហិតមីនរបស់អង្គភាពCMACទៅប្រទេសទួកគី និងបណ្តាប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម ជាពិសេសក៏បានសម្របសម្រួល និងគាំទ្រក្នុងការបញ្ជូនកម្លាំងជំនាញអង្គភាពCMAC ទៅបណ្តាប្រទេសទាំងអស់នោះដើម្បីផ្តល់ការហ្វឹកហ្វឺនជំនាញសុនខស្រាវជ្រាវបច្ចេកទេស ហើយក៏មានមន្រ្តីផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះបណ្តាប្រទេសទាំងនោះមកហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅអង្គភាពCMAC តាមរយៈអង្គការAPOPO ផងដែរ។ អង្គភាពCMAC និងអង្គការAPOPO បានសហប្រតិបត្តិការជាដៃគូជាមួយគ្នាជាង១១ឆ្នាំមកហើយលើកម្មវិធីបោសសម្អាតមីនដោយសត្វនេះ។ ក្នុងរយៈជាង១១ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ អង្គភាពCMAC បានធ្វើបោសសម្អាតផ្ទៃដីបានចំនួនជិត៥៨០០ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណ៥២.៩៥៧គ្រាប់៕