ព័ត៌មាន

21 វិច្ឆិកា 2025

ពិធីបិទវគ្គ ជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្រិត១, ២ ជំនាន់ទី៤, វគ្គហ្វឹកហ្វឺនអ្នកឯកទេសបញ្ជាសុនខបឋម ជំនាន់ទី២៤ និងវគ្គបំប៉នជំនាញថែទាំ និងបង្ហាត់សុនខ ជំនាន់ទី៥

នៅព្រឹកថ្ងៃសុក្រ ០១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបិទវគ្គលើ ជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្រិត១, ២ ជំនាន់ទី៤, វគ្គហ្វឹកហ្វឺនអ្នកឯកទេសបញ្ជាសុនខបឋម ជំនាន់ទី២៤ និងវគ្គបំប៉នជំនាញថែទាំ និងបង្ហាត់សុនខ ជំនាន់ទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ វគ្គសិក្សាលើជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត១, ២ ជំនាន់ទី ៤ មានសិក្ខាកាមចូលរួមសរុបចំនួន ២២ រូបដែលបានចំណាយពេលសិក្សារយៈពេលពេញ១ឆ្នាំដោយបែងចែកជា៤ដំណាក់កាល រួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដូចៗគ្នាបន្ថែមទៀតនៅអង្គភាពពិសេសកាត់បន្សាបគ្រាប់ ក្នុងគម្រោងEHP រយៈពេល៤សប្ដាហ៍ ដើម្បីធ្វើឲ្យសិក្ខាកាមកាន់តែមានសមត្ថភាពខ្ពស់ និងគុណភាពប្រសើរឡើងថែមទៀត។

ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនអ្នកឯកទេសបញ្ជាសុនខបឋម ជំនាន់ទី២៤ បានចាប់ផ្តើមដំណើរការពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល ៤៧ថ្ងៃ គិតទាំងថ្ងៃឈប់សម្រាក ដែល មានសិក្ខាកាមចូលរួមសរុប ចំនួន៣០រូប សិក្ខាកាមនារីចំនួន១០រូប និងសិក្ខាកាមបុរសមាន ចំនួន២០រូប មកពីគ្រប់បណ្តាកងឯកភាពកំចាត់មីន និងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក ។ សម្រាប់វគ្គបំប៉នជំនាញថែទាំ និងបង្ហាត់សុនខ ជំនាន់ទី៥ បានចាប់ផ្តើមដំណើរការពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានរយៈពេល ២សប្ដាហ៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១៤

រូប សិក្ខាកាមនារី ចំនួន០៣រូប និងសិក្ខាកាមបុរសមាន ចំនួន១១រូប។ សិក្ខាកាមទាំងអស់សុទ្ធតែជាមន្ត្រី-បុគ្គលិកអ្នកចិញ្ចឹមថែទាំនិងបង្ហាត់សុនខនៃមណ្ឌលសុនខ។ សូមបញ្ជាក់ថា ដោយសារមានតម្រូវការចាំបាច់សម្រាប់អង្គភាពស៊ីម៉ាក់ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញបច្ចេកទេសដល់មន្ត្រីបុគ្គលិកតាមបណ្ដាកងឯកភាពជាអ្នកបន្តវេន លើផ្នែកបច្ចេកទេសបោសសម្អាតមីននិងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងឯកទេសបញ្ជាសុនខ។ ក្រោយពីបានរៀនសូត្របន្ថែមទាំងផ្នែកទ្រឹស្តី រួមបញ្ចូលជាមួយការអនុវត្ត និងបានធ្វើតេស្តបញ្ចប់ បានបង្ហាញថា សិក្ខាកាមក្នុងវគ្គទាំងនេះបានយកចិត្តទុកដាក់រៀនសូត្រមានសណ្តាប់ធ្នាប់និងគោរពវិន័យក្នុងពេលរៀនសូត្របានយ៉ាង ខ្ជាប់ខ្ជួនល្អ ប្រកបដោយភាពអត់ធ្មត់ និងរៀនសូត្រហ្វឹកហាត់យ៉ាងសកម្ម៕