ព័ត៌មាន

9 មករា 2026

ពិធីចុះហត្ថលេខាលេីកិច្ចផ្លាស់ប្តូរពិធីសារនិងឯកសារពាក់ព័ន្ធស្តីពីគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣

ថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហេង រតនា ប្រតិភូរាជដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានចូលរួមក្នុងពិធីចុះហត្ថលេខាលេីកិច្ចផ្លាស់ប្តូរពិធីសារ (exchange of note) រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង"សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ = Integrated Mine Clearance and Victim Assistance(Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាម៉េរិក។

គម្រោងនេះសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ខែមករា ២០២៦ - ១៥ មករា ២០២៨។ គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយCMAC បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសសូមថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេស ជាដើម។