15 មករា 2026
ឯកឧត្តម ហេង រតនា អគ្គនាយកCMACអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការ និងប្រកាសបើកគម្រោងសមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតតេជោ ខេត្តបាត់ដំបង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការ និងប្រកាសបើកគម្រោងហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រគម្រោងបោសសម្អាតគ្រាប់មីន និងការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីនរួចដែលហៅថា “គម្រោងបោសសម្អាតមីនដើម្បីសន្ដិភាពនិងការអភិវឌ្ឍន៍ប្រកបដោយចិរភាពសម្រាប់ ខេត្តភាគនិរតីនៃប្រទេសកម្ពុជា។
គម្រោងនេះមានគោលដៅបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមចំនួន៤.៩៣៩ហិកតា ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណ២៧.០១២គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើន ក្នុងភូមិសាស្រ្ដខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ព្រមទាំងឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ក្នុងខេត្តប៉ៃលិន។ គម្រោងនេះនឹងត្រូវប្រើប្រាស់កម្លាំងប្រតិបត្តិការចំនួន២២ក្រុម ស្មើនឹង៣០៣នាក់ សុខនចំនួន១៨ក្បាល និងរថយន្តចំនួន ៣៣គ្រឿង ក្នុងនោះកងឯកភាពកំចាត់មីនទី២ មានចំនួន១០ក្រុម និងកងឯកភាពកំចាត់មីនទី៣ មានចំនួន១២ក្រុម។ សូមបញ្ជាក់ជូនផងដែរថា ចាប់តាំងពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ គម្រោងPIMV3នេះ បានបោសសម្អាតផ្ទៃដីសរុបបានចំនួន១៦៦ហិកតា រកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន៣០.៤៦៨គ្រាប់ មីនប្រឆាំងយានយន្តចំនួន២០៧គ្រាប់ មិនកែច្នៃចំនួន១១គ្រាប់ គ្រាប់ទម្លាក់ពីលើយន្តហោះចំនួន១១គ្រាប់ គ្រាប់បែកចង្កោមចំនួន៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌផ្សេងៗជាង៥១.០០០គ្រាប់។
ដោយឡែកខេត្តបាត់ដំបងនេះក៏ទទួលរងការវាយប្រហារពីសំណាក់ប្រទេសថៃផងដែរបើយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកបាណន់ ភ្នំព្រឹក និងស្រុកសំពៅលូន ស្តីពីទិន្ន័យគ្រាប់ ទម្លាក់ និងគ្រាប់បាញ់ផ្លោងបស់កងទ័ពឈ្លានពានថៃ កងឯកភាពកំចាត់មីនទី២ទិសបាត់ដំបង បានចាត់មន្ត្រីប្រតិបត្តិ ការជំនាញគ្រឿងផ្ទុះ និងជំនាញស្រាវជ្រាវបច្ចេកទេស ចុះត្រួតពិនិត្យស្រាវជ្រាវដើម្បីប្រមូលភស្តុតាងគ្រាប់ និង កំណត់ទំហំផ្ទៃដីប៉ះពាល់ គិតចាត់ពីថ្ងៃទី ៦ ដល់ទី៩ ខែមករា ឆ្នាំ២០២៦ រួមមាន៖ នៅស្រុកបាណន់: បានរកឃើញចំនួន១ទីតាំង រណ្តៅគ្រាប់ទម្លាក់ពីយន្តហោះ ចំនួន ៥ គ្រាប់ ជា ប្រភេទ MK82 ផ្ទះ ដោយបានធ្វើការហ៊ុំព័ទ្ធស្លាកសញ្ញាសម្គាល់រួច នៅស្រុកសំពៅលូន បានរកឃើញនិងហ៊ុំព័ទ្ធស្លាកសញ្ញាសំគាល់គ្រាប់ចំនួន ៩៤ទីតាំង ក្នុងនោះ រកឃើញគ្រាប់នៅលើដីចំនួន ៤ទីតាំង រកឃើញគ្រាប់ក្នុងដីចំនួន ១ទីតាំង រកឃើញរណ្តៅគ្រាប់ផ្ទុះចំនួន ៨៩ទីតាំង។