ព័ត៌មាន

19 មករា 2026

គណៈប្រតិភូនៃសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង សិក្សាស្វែងយល់ពីវិស័យសកម្មភាពមីននៅអង្គភាពCMAC

ថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានស្វាគមន៍ និងទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអាជ្ញាធរសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង ដឹកនាំដោយលោក លោក Mike Rashid Fulla Obaldo អគ្គនាយកអាជ្ញាធរសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង (NMAA South Sudan) និងសហការី ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង មានបំណងសិក្សាស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ព្រមទាំងបទពិសោធន៍ ចំណេះដឹង ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន។

ក្នុងជំនួបនេះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បជម្រាបជូនគណៈប្រតិភូ ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគាំទ្រអង្គភាពCMAC ក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បក៏បានជម្រាបជូន អំពីប្រវត្តិសង្គ្រាមនៅកម្ពុជាដែលបន្សល់ទុកនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ ប្រវត្តិនៃការបង្កើតអង្គភាពCMAC និងវឌ្ឍនភាពការងារបោសសម្អាតមីន ព្រមទាំងការអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសរបស់អង្គភាពCMAC ដើម្បីបោសសម្អាតគ្រាប់ដែលជាសំណល់យុទ្ធភណ្ឌសង្រ្គាម ដើម្បីចូលរួមការអភិវឌ្ឍនៅកម្ពុជា។ ឯកឧត្តម ហេង រតនា ក៏បានរំលេចនៅបញ្ហាប្រឈមថ្មីៗនៃសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសេគ្រាប់បែកចង្កោមដែលពិភពលោកហាមឃាត់ការប្រើប្រាស់ ដែលបង្កឡើងដោយភាគីថៃសង្រ្គាមឈ្លានពានក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

ជាការឆ្លើយតប លោក Mike Rashid Fulla Obaldo បានសម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រអង្គភាពCMAC ក្នុងចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក ខណៈពេលដែលនៅប្រទេសរបស់លោក រដ្ឋាភិបាលមានវិស័យអទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ខណៈពេលដែលអាជ្ញាធរទទួលបន្ទុកសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង នៅមានកម្រិតដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត។ ហេតុដូច្នេះ ទើបគណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីទទួលបានធាតុចូលយកទៅពង្រឹងសកម្មភាពមីននៅប្រទេស៊ូដង់ខាងត្បូង។ ជាមួយគ្នានេះផងដែរ លោក Mike Rashid Fulla Obaldo បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMAC ក្នុងការបំផ្លាញគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្សនិងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Mike Rashid Fulla Obaldo បន្តថាអង្គភាពCMAC ជាស្ថាប័នជាតិដែលឈានមុខគេនៅកម្ពុជា ដែលមានប្រទេសជាច្រើនបានមកដកស្រង់បទពិសោធន៍ ចំណេះដឹង ជំនាញបច្ចេកទេសក្នុងវិស័យសកម្មភាពមីន និងបានផ្តល់ការហ្វឹកហ្វឺនពីអង្គភាពCMAC។ លោកសង្ឃឹមថា អង្គភាពCMAC និងបន្តចែករំលែកបទពិសោធន៍ដែលបានអនុវត្តប្រកបដោយជោគជ័យនាពេលកន្លងមក លើការងារបោសសម្អាតមីនមនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជននៅក្នុងការការពារពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ សូមជម្រាបថា គណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង នឹងបានធ្វើទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ រោងជាងកណ្ដាល ខេត្តបាត់ដំបង ចម្ការមីន និងសារមន្ទីរតេជោសន្តិភាព នៅក្នុងខេត្តសៀមរាប និងការដ្ឋានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកផងដែរ៕