ព័ត៌មាន

21 មករា 2026

គណៈប្រតិភូ EU, GICHD និង APOPO ពិភាក្សាជាមួយ CMAC សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រពី EUនាពេលអនាគត

ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូអន្តរជាតិមកពីសហភាពអឺរ៉ុប (EU), អង្គការ GICHD និងអង្គការ APOPO ដើម្បីពិភាក្សាលើវឌ្ឍនភាព នៃការបោសសម្អាតមីននៅកម្ពុជា ផែនការសមាហរណកម្មរបស់អង្គភាព CMAC សម្រាប់ឆ្នាំ២០២៦ ការពិភាក្សាលម្អិតបន្ថែមទៀតអំពីវិសាលភាព និងគោលបំណងនៃបេសកកម្មរបស់ប្រទេសកម្ពុជាសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលនឹងគាំទ្រដោយសហភាពអឺរ៉ុប។

នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិសង្គ្រាមនៅកម្ពុជាដែលបន្សល់ទុកនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ ប្រវត្តិនៃការបង្កើតអង្គភាពCMAC និងវឌ្ឍនភាពការងារបោសសម្អាតគ្រាប់ដែលជាសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសគឺសកម្មភាពប្រតិបត្តិការដ៏មមារញឺកដែលកម្លាំងស៊ីម៉ាក់បាននឹងកំពុងបោសសម្អាត និងស្រាវជ្រាវនៅតំបន់ជាច្រើនដែលរងប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃ។ ឆ្លៀតក្នុងឱកាសនៃការពិភាក្សានេះឯកឧត្តមបានធ្វើបទបង្ហាញជូនដល់គណៈប្រតិភូ ដោយគូសបញ្ជាក់ថា ភាគីថៃបានប្រើប្រាស់សព្វាវុធជាច្រើនប្រភេទ រួមទាំងអាវុធធុនធ្ងន់ ដើម្បីឈ្លានពានកម្ពុជា ដែលទង្វើនេះបានបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌសង្គ្រាមថ្មីៗ ជាពិសេសគ្រាប់បែកចង្កោមដែល បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កម្ពុជាបានស្នើឱ្យគណៈប្រតិភូ EU និងអ្នកជំនាញ GICHD ចុះសិក្សាវាយតម្លៃតម្រូវការជាក់ស្តែងនៅលើទីតាំងដីលំនៅដ្ឋានរងផលប៉ះពាល់ជាក់ស្តែង ដើម្បីស្វែងយល់ពីការពិត និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសឱ្យបានចំគោលដៅ។

ជាការឆ្លើយតប គណៈប្រតិភូសហភាពអឺរ៉ុប រួមទាំងអ្នកជំនាញមកពី GICHD បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពន្យល់លម្អិតពីបញ្ហាប្រឈម និងផលលំបាកនៃសង្រ្គាម និងត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីគាំទ្រដល់សកម្មភាពកម្ចាត់មីនមនុស្សធម៌នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រោយជំនួបពិភាក្សាការងារ គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់បណ្តាខេត្តមួយចំនួនដែលរងផលប៉ះពាល់ដោយសារការវាយប្រហារពីសំណាក់យោធាថៃ គោលដៅដែលកម្លាំងជំនាញអង្គភាពCMAC កំពុងបំពេញប្រតិបត្តិការ និងចុះស្វែងយល់ពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមបណ្តាយខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសថៃរួមមានខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕