ព័ត៌មាន

28 មករា 2026

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន

: ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូមកពីប្រទេសជប៉ុន ដែលមានការចូលរួមពីតំណាងក្រសួងការបរទេសជប៉ុន ដឹកនាំដោយលោក KATO Yota ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិនៃក្រសួងការបរទេសជប៉ុន អមដំណើរដោយមន្រ្តីមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំងមន្ត្រីស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ព្រមទាំងសមិទ្ធផលសម្រេចបានក្នុងវិស័យមីនរបស់កម្ពុជា។ នៅក្នុងឱកាសពិភាក្សាការងារ ឯកឧត្តមអគ្គនាយកបានលើកឡើងពីសាវតានៃបញ្ហាសង្គ្រាមនៅកម្ពុជា រួមទាំងជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសន្ធឹកសន្ធាប់រួមមានគ្រាប់មីនប្រឆាំងមនុស្ស គ្រាប់មីនប្រឆាំងយានយន្ត គ្រាប់ទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់គីមី ដែលបង្កជាបញ្ហាប្រឈមដ៏ស្មុគស្មាញដល់ការអភិវឌ្ឍជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ តាមរយៈការពិភាក្សា ភាគីជប៉ុនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងមានបំណងជម្រុញកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) បញ្ចូលក្នុងវិស័យសកម្មភាពមីន ដែលជាដំណាក់កាលថ្មីមួយទៀតនៃភាពជាដៃគូ។ ភាគីជប៉ុនបានកោតសរសើរថា កម្ពុជាគឺជាប្រទេសដែលមាន បទពិសោធន៍យ៉ាងយូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ហើយបច្ចុប្បន្នអង្គភាពស៊ីម៉ាក់មានសមត្ថភាពខ្ពស់ដែលអាចចូលរួមចំណែកជួយដល់ប្រទេសផ្សេងៗទៀតដែលមានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្រ្គាមផងដែរ។ បន្ថែមពីនេះ ឯកឧត្តម ហេង រតនា បានរំលឹក និងសង្ខេបនូវជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលជប៉ុន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតចាប់តាំងពីឆ្នាំ១៩៩២មក។ ភាពជាដៃគូនេះបានវិវត្តពីការដោះមីនដោយដៃក្នុងគ្រាអាសន្នទៅជាគំរូសហប្រតិបត្តិការបច្ចេកវិទ្យាជឿនលឿន ដែលផ្តោតសំខាន់ទៅលើប្រសិទ្ធភាព ការកសាងសមត្ថភាពជាតិ និងការបណ្តុះបណ្តាលអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនៃកិច្ចពិភាក្សាឯកឧត្តមប្រតិភូក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាដោយបានអនុញ្ញាតិឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាសរបស់ជប៉ុនចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ហើយខ្ញុំក៏មានក្តីសង្ឃឹមថានឹងមានចំនួនអ្នកវិនិយោគជប៉ុនជាច្រើនទៀតនឹងមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

តាងនាមមន្ត្រី-បុគ្គលិកអង្គភាពCMAC ឯកឧត្តមប្រតិភូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង និងតែងតែនៅ "កៀកស្មាជាមួយកម្ពុជា" គ្រប់កាលៈទេសៈ ក្នុងបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ។ ជាការឆ្លើយតបលោក KATO Yota បានកោតសរសើរ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ថាជា "មជ្ឈមណ្ឌលសកល" តាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដែលប្រទេស កម្ពុជាបានយកបទពិសោធន៍ និងបច្ចេកវិទ្យាដែលទទួលបានពីជប៉ុន ទៅចែករំលែកបន្តដល់បណ្តាប្រទេសជាច្រើនទៀតដូចជាឡាវ អឺរ៉ាក់ កូឡុំប៊ី អង់ហ្គោឡា និងអ៊ុយក្រែនជាដើម។ បន្ទាប់ពីជំនួបពិភាក្សាការងារគណៈប្រតិភូក៏បានអញ្ជើញទស្សនាសាលពិព័រណ៌គ្រាប់ដើម្បីស្វែងយល់បន្ថែមពីបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា និងសមិទ្ធផលបោសសម្អាតមីនដែលអង្គភាពCMACបានសម្រេចរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ៕